Friday, June 12, 2015

សោកនាដកម្ម​កើត​ចេញ​ពី​ទំនាស់​ស្នេហា​រវាង​មា​និង​ក្មួយ​ក្នុង​រាជ្យ​ព្រះ​សម្ភារ​ពញាតូ (ភាគ​៤១)


ស្ដេច​ដែល​ឡើង​សោយរាជ្យ​នៅ​កម្ពុជា បន្ទាប់​ពី​ព្រះបាទ​ជ័យជេដ្ឋាទី២ គឺ​ព្រះរាជ​សម្ភារពញាតូ ដែល​ជា​បុត្រ​ច្បង​របស់​ព្រះអង្គ។ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១៦២៩ រហូត​ដល់​ព្រះអង្គ​ត្រូវ​បាន​ទាហាន​ព័រទុយហ្គាល់ បាញ់​សម្លាប់​ឲ្យ​ធ្លាក់​ពី​លើ​ចុង​ត្នោត នៅ​ឆ្នាំ​១៦៣៤ ក្រោម​បញ្ជា​របស់​ពូ​បង្កើត​របស់​ព្រះអង្គ គឺ​ព្រះ​ឧទ័យរាជា។ នេះ គឺ​ជា​សោកនាដកម្ម​មួយ​នៃ​ព្រះរាជវាំង​ដែល​កើត​ចេញ​ពី​ទំនាស់​ស្នេហា​រវាង​ពូ និង​ក្មួយ ដោយ​ដណ្ដើម​គ្នា​ស្រឡាញ់​តែ​ស្រី​ម្នាក់។


គ.១៧ ព្រះរាជ​សម្ភារពញាតូ (ឆ្នាំ​១៦២៩-ឆ្នាំ​១៦៣៤) និង​សោកនាដកម្ម​នៃ​ព្រះរាជវាំង

ក្រោយ​ពី​ព្រះរាជឱង្ការ​ព្រះជ័យចេស្តា ឬ​ជ័យជេដ្ឋាទី២ ទ្រង់​សោយ​ទិវង្គត​ទៅ នៅ​ឆ្នាំ​១៦២៨ នោះ រាជ្យ​សម្បត្តិ​ត្រូវ​បាន​ទៅ​ចៅពញាតូ ជា​ព្រះរាជ​បុត្រ​ច្បង​ជា​អ្នក​សោយរាជ្យ​ស្នង។ ប៉ុន្តែ​នៅ​ពេល​នោះ ព្រះពញាតូ ទ្រង់​កំពុង​នៅ​បួស​ជា​ព្រះ​ភិក្ខុ​សង្ឃ មិន​អាច​ទាន់​ឡើង​គ្រងរាជ្យ​បាន​នៅ​ឡើយ។ ដោយ​មិន​អាច​ទុក​រាជបល្ល័ង្គ​ឲ្យ​នៅ​ទំនេរ​បាន នាម៉ឺន​សព្វ​មុខ​មន្ត្រី​ក៏​យាង​ព្រះឧទ័យ ជា​ព្រះអនុជ​របស់​ព្រះជ័យជេស្តា ឲ្យ​ឡើង​គ្រងរាជ្យ តែ​ព្រះអង្គ​មិន​យល់​ព្រម​ទទួល​ឡើង​គ្រងរាជ្យ​ទេ តែ​ទ្រង់​យល់​ព្រម​ ទទួល​កាន់​កិច្ចការ​រាជការ​ជំនួស ក្នុង​ពេល​ដែល​ព្រះពញាតូ កំពុង​សាង​ផ្នួស​នោះ។

ក្នុង​ឱកាស​ដែល​ព្រះឧទ័យ ទ្រង់​កាន់​កាប់​កិច្ចការ​ប្រទេស​ជាតិ​ជំនួស​ចៅពញាតូ នោះ ព្រះឧទ័យ ជា​មា​បាន​កួច​ចិត្ត​ស្រឡាញ់​ព្រះអង្គ​ច័ន្ទវតី ជា​គូ​ដណ្ដឹង​របស់​ព្រះពញាតូ ដែល​ព្រះ​បិតា​របស់​ព្រះអង្គ​បាន​ទ្រង់​ផ្សំផ្គុំ​ទុក​ដាក់​តាំង​ពី​ព្រះរាជ ​កុមារ​មក​ម៉េ្លះ​នោះ។ ព្រះឧទ័យ ជា​មា​បាន​លើក​ព្រះអង្គ​ច័ន្ទវតី ឲ្យ​ឡើង​ជា​ព្រះទេពី (គឺ​ប្រពន្ធ) មាន​ងារ​ជា​សម្ដេច​ព្រះអង្គ​ម៉ែយួរច័ន្ទវតី ថែម​ទៀត​ផង។

នៅ​ទី​បំផុត ដោយ​មាន​ការ​ទទូច​សុំ​យាង​ជាច្រើន​សា​ពី​ពួក​សេនាបតី​នាម៉ឺន​មន្ត្រី និង​ព្រះរាជវង្សានុវង្ស​ផង ព្រះពញាតូ ក៏​ទ្រង់​យល់​ព្រម​ចាក​ផ្នួស ហើយ​ឡើង​សោយរាជ្យ​នៅ​រាជធានី​ឧដុង្គ ក្នុង​ឆ្នាំ​១៦២៩ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះ​ស្រីធម្មរាជារាមាធិបតី ដែល​អ្នក​ប្រវត្តិ​វិទូ​និយម​ហៅ​ព្រះនាម​ព្រះអង្គ​ថា ព្រះរាជ​សម្ភារពញាតូ។

នៅ​ក្នុង​រាជ្យ​ព្រះអង្គ ដោយ​ទ្រង់​ខ្ញាល់​នឹង​ពួក​សៀម ដែល​បាន​ចូល​មក​លុក​លុយ​ប្រទេស​ខ្មែរ​ដល់​ទៅ​បី​ដង​នៅ​ក្នុង​រាជ្យ​ព្រះបិតា ​ព្រះអង្គ​នោះ នៅ​ឆ្នាំ​១៦៣០ ឯកសារ​ខ្លះ​ថា​ឆ្នាំ​១៦៣៣ ព្រះរាជ​សម្ភារពញាតូ ទ្រង់​បញ្ជា​ឲ្យ​លើក​ទ័ព​ទៅ​វាយ​យក​ខេត្ត​នគររាជ ពី​សៀម មក​វិញ ប៉ុន្តែ​យក​មិន​បាន ក៏​ទ្រង់​ឲ្យ​កៀរ​យក​គ្រូ​សៀម មក​ជាច្រើន។

ព្រះបាទ​សម្ដេច​ព្រះស្រីធម្មរាជា​ព្រះរាជ​សម្ភារពញាតូ នេះ ជា​ព្រះមហាក្សត្រ​ទ្រង់​ជក់​ព្រះទ័យ​ក្នុង​វិស័យ​អក្សរសាស្ត្រ​ណាស់ ព្រះអង្គ​បាន​និពន្ធ​ស្នាព្រះហស្ត​ជាច្រើន​ដូចជា​រាជសព្ទ ច្បាប់​រាជសម្ភារ (គ.ស ១៦២២) ហេមន្តមាស (គ.ស ១៦២៩) កាព្យ​និរាស (គ.ស ១៦៣០) ហិនលក្ខណ៍សល (គ.ស ១៦៣០) ជាដើម។

ថ្វី​ត្បិត​តែ​ឡើង​គ្រងរាជ្យ​ជា​ស្ដេច​ផែនដី​ក៏ដោយ ក៏​ព្រះរាជ​សម្ភារពញាតូ ទ្រង់​នៅ​មាន​ព្រះទ័យ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​សិក្សា​ស្រាវជ្រាវ​ អក្សរសាស្ត្រ​ខ្មែរ​ជានិច្ច។ ព្រះអង្គ​ទ្រង់​គង់​នៅ​រាជធានី​ឧដុង្គ តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ ដល់​ប្រមាណ​ឆ្នាំ​១៦៣១ ព្រះអង្គ​ទ្រង់​យាង​ទៅ​គង់​នៅ​រាជវាំង​កោះ​ឃ្លោក កោះ​ខ្សាច់​កណ្ដាល សព្វថ្ងៃ ដើម្បី​នឹង​បំពេញ​កិច្ច​ក្នុង​អក្សរសាស្ត្រ ទុក​កិច្ចការ​ផែនដី​ថ្វាយ​ព្រះឧទ័យ ជា​មា ក្នុង​ងារ​ជា​មហា​ឧបយោរាជ ដែល​គង់​នៅ​រាជធានី​ឧដុង្គ មើល​កិច្ចការ​ជំនួស។

ព្រឹត្តិការណ៍​មួយ​ដែល​កើត​មាន​ក្នុង​រាជ្យ​ព្រះរាជ​សម្ភារពញាតូ នេះ ជា​ចំណុច​ដ៏​ជូរចត់​បំផុត​មួយ​ក្នុង​ចំណោម​ចំណុច​ជូរចត់​ជាច្រើន​នៃ​ ប្រវត្តិសាស្ត្រ​ជាតិ​កម្ពុជា។ នោះ គឺ​ជា​ទំនាស់​ស្នេហា​មួយ​រវាង​ព្រះឧទ័យ ជា​មា និង​ព្រះរាជ​សម្ភារពញាតូ ជា​ក្មួយ ដណ្ដើម​គ្នា​ស្រឡាញ់​ស្រី​តែ​ម្នាក់ គឺ​ព្រះម៉ែយួរច័ន្ទវតី ដែល​ពី​ភាគ​ខាង​ដើម​ជា​គូ​កំណាន់​ចិត្ត​របស់​ព្រះរាជ​សម្ភារ តែ​ក្រោយ​មក​បាន​ក្លាយ​ជា​ទេពី​របស់​ព្រះឧទ័យ ជា​មា។ ទំនាស់​នេះ បាន​ក្លាយ​ទៅ​ជា​សង្គ្រាម​បង្ហូរ​ឈាម​រវាង​ខ្មែរ និង​ខ្មែរ រវាង​មា និង​ក្មួយ យ៉ាង​កាច​សាហាវ​ឃោរឃៅ រហូត​ដល់​ព្រះឧទ័យរាជា ដែល​ក្ដោបក្ដាប់​អំណាច​ទាំង​ស្រុង​ក្នុង​កិច្ចការ​ព្រះ​នគរ ក្នុង​នាទី​ជា​ឧបយោរាជ ប្រើប្រាស់​កម្លាំង​បរទេស គឺ​ទាហាន​ព័រទុយហ្គាល់ ក្នុង​ការ​តាម​កម្ទេច​ព្រះរាជ​សម្ភារ ជា​ក្មួយ ក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​ដឹង​អំពី​រឿង​សហាយស្មន់​រវាង​ព្រះទេពី គឺ​ព្រះម៉ែយួរច័ន្ទវតី ជាមួយ​នឹង​ព្រះរាជ​សម្ភារ។

ព្រះម៉ែយួរច័ន្ទវតី ថ្វី​ត្បិត​តែ​បាន​ក្លាយ​ជា​ប្រពន្ធ​របស់​ព្រះឧទ័យ រួច​ទៅ​ហើយ​នោះ​ក្តី បាន​ចាប់​ផ្ដើម​ទាក់ទង​ស្នេហា​គ្នា​សាជាថ្មី​ជាមួយ​ព្រះរាជ​សម្ភារ អតីត​គូ​ដណ្ដឹង ក្រោយ​ពេល​ដែល​ទ្រង់​បាន​ចាក​ផ្នួស​ត្រឡប់​មក​សោយរាជ្យ​វិញ។ អ្នក​ទាំង​ពីរ​បាន​ក្លាយ​ជា​គូ​ស្នេហ៍​លួច​លាក់ ហើយ​តែង​រក​ល្បិចកល​ជួប​គ្នា​ជា​រឿយៗ។ ឯកសារ​ខ្លះ​រៀបរាប់​ថា មាន​ពេល​ខ្លះ ព្រះអង្គ​ម៉ែយួរច័ន្ទវតី បាន​ធ្វើ​កល​ជា​សុំ​ព្រះឧទ័យ ជា​ស្វាមី ដង្ហែ​កឋិន​ពី​រាជធានី​ឧដុង្គ ទៅ​នគរវត្ត ដើម្បី​បាន​ឱកាស​ជួប​ជាមួយ​ព្រះរាជ​សម្ភារ។

ពេល​មួយ​នោះ ព្រះឧទ័យ ជា​មា ទ្រង់​ប្រឈួន​ជា​ទម្ងន់ ព្រះរាជ​សម្ភារ ជា​ក្មួយ ទ្រង់​ទៅ​សួរ​សុខ​ទុក្ខ​ឪពុកមា​នៅ​ចំពោះ​មុខ​ព្រះម៉ែយួរច័ន្ទវតី ជា​សង្សារ។ ដោយ​ទ្រង់​យល់​ច្រឡំ​ថា ព្រះឧទ័យ ជា​មា​ឈឺ​ធ្ងន់ មិន​អាច​រស់នៅ​បាន​យូរ​ទេ ព្រះរាជ​សម្ភារ ទ្រង់​លាន់​ព្រះឧស្ឋ​ថា “បាយ​ស្រូវ​ជា​ភ័ព្វ​ឆ្មា ប្រពន្ធ​ផង​មា​ជា​ភ័ព្វ​ក្មួយ” តែ​ត្រូវ​ព្រះឧទ័យ ឮ ហើយ​បើក​ភ្នែក​ឡើង រួច​ឆ្លើយ​ថា “ដំរីសារ​ស្លាប់​ជា​ភ័ព្វ​ក្មួយ ប្រពន្ធ​ផង​ក្មួយ​ជា​ភ័ព្វ​មា”។

ក្រោយ​មក ព្រះ​មហា​ឧបយោរាជ​ព្រះឧទ័យ ក៏​បាន​ជា​សះ​ស្បើយ​ព្រះ​រោគ​ឡើង​វិញ។ កាល​បើ​បាន​ឃើញ​ថា ព្រះ​ស្វាមី​បាន​ជា​សះ​ស្បើយ​ហើយ សម្ដេច​ព្រះម៉ែយួរច័ន្ទវតី បាន​ធ្វើ​ឧបាយកល​ថា​ត្រូវ​ដង្ហែ​យក​រណ្ដាប់​ភស្តុភារ គ្រឿង​សក្ការៈ “ផ្កា​ប្រាសាទ​ដប់” ទៅ​លា​បំណន់​ត្បិត​ព្រះនាង​បាន​បន់ស្រន់​ព្រះពុទ្ធ​នៅ​វត្ត​ព្រះ​វិហារសួគ៌ សុំ​ឲ្យ​ព្រះ​ភស្ដា​បាន​ជា​សះ​ស្បើយ នៅ​ពេល​ដែល​ស្វាមី​ទ្រង់​ប្រឈួន​នោះ។ កាល​ហែ​ផ្កា​ចេញ​ពី​ឧដុង្គមានជ័យ​ហើយ ហើយ​ដោយ​យក​លេស​ថា​យក​ផ្កា​ទៅ​ថ្វាយ​ព្រះ​នៅ​វត្ត​មេស ជា​មុន​សិន សឹម​ត្រឡប់​មក​វិហារសួគ៌ ជា​ក្រោយ​នោះ ពេល​ឆ្លង​កាត់​ព្រះរាជវាំង​កោះ​ឃ្លោក​របស់​ព្រះរាជ​សម្ភារ នោះ ព្រះម៉ែយួរច័ន្ទវតី ក៏​ឡើង​ទៅ​ជួប​ព្រះអង្គ ហើយ​គង់​ជាមួយ​ព្រះអង្គ​ក្នុង​វាំង​នោះ​ទៅ។

ក្រុម​មន្ត្រី​វាំង និង​មន្ត្រី​គ្រប់​ក្រសួង​ដែល​ដង្ហែ​តាម​ទៅ ចាំ​បាត់​ដល់​ទៅ​បី​ថ្ងៃ​មិន​ឃើញ​ព្រះម៉ែយួរច័ន្ទវតី យាង​ត្រឡប់​មក​វិញ ហើយ​ឃើញ​នាយ​ទាហាន​ចិន-ខ្មែរ ដែល​ជា​ទ័ព​របស់​ព្រះរាជ​សម្ភារ រៀប​ក្បួន​ទ័ព​ជើង​ទឹក និង​ជើង​គោក​ផង ហើយ​រាយ​កាំភ្លើង​ធំ​ដាក់​លើ​ក្បាល​បន្ទាយ​សព្វ​ប្រការ​ដូច្នោះ ក៏​នាំ​ដំណឹង​នេះ​ទៅ​ទូល​ថ្វាយ​ព្រះឧទ័យ ឯ​ក្រុង​ឧដុង្គ វិញ។ ព្រះ​មហា​ឧបយោរាជ ក៏​ទ្រង់​បញ្ជា​ឲ្យ​លើក​ទ័ព​ខ្មែរ-ព័រទុយហ្គាល់ ដ៏​ធំ ទៅ​ព័ទ្ធ​បន្ទាយ​កោះ​ឃ្លោក។

កងទ័ព​ខ្មែរ-ចិន របស់​ព្រះរាជ​សម្ភារ និង​កងទ័ព​ខ្មែរ-ព័រទុយហ្គាល់ របស់​ព្រះឧទ័យ បាន​ច្បាំង​គ្នា​គគ្រឹកគគ្រេង ស្លាប់​ពល​ទាហាន​អស់​ច្រើន​សន្ធឹក។ ទី​បំផុត ទ័ព​ខ្មែរ-ព័រទុយហ្គាល់ របស់​ព្រះ​មហា​ឧបយោរាជ ព្រះឧទ័យ ក៏​ទទួល​បាន​ជ័យជម្នះ ដោយ​វាយ​បែក​បន្ទាយ​កោះ​ឃ្លោក របស់​ស្ដេច​ផែនដី រួច​ចាប់​ព្រះម៉ែយួរច័ន្ទវតី នាំ​យក​ទៅ​ឧដុង្គមានជ័យ ដាក់​ទោស​ប្រហារ​ជីវិត​ទៅ។ ចំណែក​ឯ​ព្រះរាជ​សម្ភារពញាតូ ក៏​ទ្រង់​ភៀស​ព្រះអង្គ​តាម​ទូក​រហូត​ដល់​ស្រុក​កញ្ជរ ខេត្ត​ក្រចេះ តែ​ត្រូវ​ពួក​ទាហាន​ព័រទុយហ្គាល់ តាម​ប្រកិត ហើយ​ទី​បំផុត ព្រះអង្គ​ទ្រង់​ឡើង​ទៅ​ពួន​នៅ​លើ​ចុង​ត្នោត។ ទាហាន​ព័រទុយហ្គាល់ ឃើញ ក៏​តម្រង់​កាំភ្លើង​រៀប​នឹង​បាញ់​ព្រះអង្គ តែ​ត្រូវ​ព្រះអង្គ​រា​ព្រះហស្ដ​សុំ​អនុញ្ញាត​ទុក​ពេល​ថ្វាយ​ព្រះអង្គ ដក​កាំបិត​ស្នៀត​កាត់​កំពូល​ត្នោត​ចារ​លើ​ស្លឹក​ត្នោត​នូវ​ដំបូន្មាន​ចុង​ ក្រោយ​របស់​ព្រះអង្គ ជា​បណ្ដាំ​កុំ​ឲ្យ​ជន​ទាំង​ឡាយ​វង្វេង​ក្នុង​កាម​តណ្ហា​ដូច​ព្រះអង្គ​ទៀត។ លុះ​ចារ​ចប់​សព្វគ្រប់​ហើយ ទ្រង់​បាន​ទម្លាក់​ចំណារ​នោះ​មក​ដី ហើយ​ពួក​ទាហាន​ព័រទុយហ្គាល់ ក៏​បាញ់​ព្រះអង្គ​ធ្លាក់​ពី​លើ​ចុង​ត្នោត​សុគត​នៅ​ក្នុង​ឆ្នាំ​១៦៣៤ នៃ​គ.ស នោះ​ទៅ។

ឯកសារ​ខ្លះ​និយាយ​ថា ទាំង​ព្រះរាជ​សម្ភារពញាតូ ទាំង​ព្រះម៉ែយួរច័ន្ទវតី ទ្រង់​សុគត​ដោយ​កាំភ្លើង​ទាំង​ពីរ​អង្គ​នៅ​ស្រុក​កញ្ជរ ខេត្ត​ក្រចេះ នោះ៕
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង

ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!