Friday, June 12, 2015

ប្រវត្តិ​គ្រងរាជ្យ​របស់​ព្រះរាមាធិបតី​ពញា​នូ និង​ព្រះ​បទុម​រាជា​អង្គ​នន់ (ភាគ​៤២)

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​លោក​អ្នក​នាង​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្នុង​ដំណាក់​កាល​ គ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​ពីរ​ព្រះអង្គ គឺ​ព្រះរាមាធិបតី​ពញានូ និង​ព្រះបទុមរាជា​អង្គ​នន់ ឬ​ព្រះអង្គ​នន់​ទី​១។

គ.១៨ ព្រះរាមាធិបតី​ពញា​នូ (ឆ្នាំ​១៦៣៥-ឆ្នាំ​១៦៣៩)

ក្រោយ​ពី​ទ័ព​របស់​មហា​ឧបយោរាជ​ព្រះឧទ័យ បាន​ធ្វើ​គត់​ព្រះរាជ​សម្ភារ​ពញាតូ ហើយ ព្រះឧទ័យ និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​ថ្វាយ​រាជ្យសម្បត្តិ​ទៅ​ព្រះអនុជ​របស់​ព្រះរាជ​សម្ភារ ព្រះនាម​ពញានូ ឲ្យ​ឡើង​សោយរាជ្យ​ស្នង​ព្រះជេដ្ឋា នៅ​ក្នុង​រាជធានី​ឧដុង្គមានជ័យ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជឱង្ការ​ព្រះរាជារាមាធិបតី។

នៅ​ក្នុង​រាជ្យ​ព្រះរាជា​រាមាធិបតី​ពញានូ នេះ នៅ​ឆ្នាំ​១៦៣៨ មាន​ការ​បះបោរ​មួយ​យ៉ាង​ធំ​ដែល​ដឹក​នាំ​ដោយ​អ្នក​សិល្ប៍​ពីរ​នាក់ ឈ្មោះ ពេជ្រ និង​រ័ត្ន នៅ​ភូមិ​រលាំង​គ្រើល ដែល​បាន​ប្រកាស​ខ្លួន​ជា​ស្ដេច​បល្ល័ង្ក​ពេជ្រ និង​បល្ល័ង្ក​រ័ត្ន។

ពី​ដំបូង ចលនា​បះបោរ​នេះ​បាន​ទទួល​ជោគជ័យ​ដ៏​ធំ​ធេង​លើ​កម្លាំង​ទ័ព​ព្រះរាជា តែ​ទីបំផុត អ្នក​សិល្ប៍​ទាំង​ពីរ​នាក់​ត្រូវ​គេ​ចាប់​ខ្លួន​បាន ហើយ​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត​បង់។ ឯកសារ​ខ្លះ​ថា អ្នក​ដឹក​នាំ​ចលនា​បះបោរ​នោះ​ជា​ជនជាតិ​ឥណ្ឌៀ ទៅ​វិញ។ ឯកសារ​ខ្លះ​ទៀត​បាន​រៀប​រាប់​ថា នៅ​ដើម​រាជ្យ​របស់​ព្រះអង្គ​ឆ្នាំ​១៦៣៥ ពួក​ហូល្លង់ដ៍ បាន​ចាប់​យក​សំពៅ​របស់​ខ្មែរ​ដែល​ផ្ទុក​ទៅ​ដោយ​ទំនិញ​ក្នុង​ដែន​ទឹក​ម៉ាកាសា (Maccasar)។ ព្រះរាមាធិបតី​ពញានូ ទ្រង់​បាន​តវ៉ា ហើយ​ពួក​ហូល្លង់ដ៍ ក៏​បាន​ដោះ​លែង​សំពៅ​នោះ​មក​វិញ។

នៅ​ឆ្នាំ​បន្ទាប់​មក កប៉ាល់​ហូល្លង់ដ៍ ពីរ​គ្រឿង មក​ពី​ក្រុង​បាតវ្យា គឺ​ក្រុង​ហ្សាកាតា (Jakarta) សព្វថ្ងៃ បាន​នាំ​សំបុត្រ​ពី​លោក​ទេសាភិបាល ស្នើ​លក់​កាំភ្លើង​ធំ​ឲ្យ​ខ្មែរ។ កប៉ាល់​មួយ​គ្រឿង​ត្រូវ​បាន​កឿង​ជាប់​នៅ​លើ​ខ្សាច់​ត្រង់​មាត់​ពាម​ទន្លេ​ មេគង្គ។ ព្រះរាជា​ទ្រង់​បញ្ជា​ឲ្យ​រឹប​អូស​យក​កាំភ្លើង​ធំ ៣០​ដើម និង​ស្ពាន់ ៥០០​ហាប​ពី​កប៉ាល់​នោះ។

ឆ្នាំ​១៦៣៧ លោក​ទេសាភិបាល​ហូល្លង់ដ៍ បាន​បញ្ជូន​ឈ្មួញ​ឈ្មោះ ហែនរីក ហាហ្គែនហា (Hendrik Hagenhaar) ជាមួយ​កប៉ាល់ ៤​គ្រឿង​ទៀត​មក​ក្នុង​ឋានៈ​ជា​ទូត ដើម្បី​ផ្សះផ្សា​វិវាទ​ខាង​លើ​នេះ​ទៀត​ផង។ ចំណែក​ខាង​ព្រះរាជ​ពង្សាវតារ​មហា​បុរស​ខ្មែរ​បាន​បញ្ជាក់​ថា ឆ្នាំ​១៦៣៨ ព្រះរាមាធិបតី​ពញានូ បាន​ទ្រង់​ទាមទារ​យក​ដី​កំពង់ក្របី​ព្រៃ​នគរ ដែល​ព្រះចៅ​អណ្ណាម ក្រុង​វ៉េ បាន​ខ្ចី ដើម្បី​បង្ហាត់​ទ័ព​ក្នុង​រយៈពេល ៥​ឆ្នាំ​នោះ​មក​វិញ ប៉ុន្តែ​ត្រូវ​ព្រះអង្គ​ចូវ ក្សត្រី​បុត្រី​ស្ដេច​យួន ជា​អតីត​អគ្គមហេសី​ព្រះជ័យជេស្តា ដែល​ពេល​នោះ​បាន​ឡើង​ងារ​ជា​ព្រះទាវធិតា​មហា​រាជិនី យក​លេស​ថា​សង្គ្រាម​រវាង​ចិន និង​យួន មិន​ទាន់​ចប់ ហើយ​សុំ​អង្វរ​ខ្ចី​បន្ត​ទៅ​មុខ​មួយ​រយៈ​ទៀត​សិន។

ព្រះរាមាធិបតី​ពញានូ សោយរាជ្យ​ដល់​ឆ្នាំ​១៦៣៩ ក៏​ទ្រង់​ប្រឈួន​ជា​ទម្ងន់ ហើយ​ទ្រង់​សុគត​ក្នុង​រាជធានី​ឧដុង្គ ក្នុង​ឆ្នាំ​នោះ​ទៅ។ ឯ​អដ្ឋិធាតុ​របស់​ព្រះអង្គ ត្រូវ​គេ​យក​ទៅ​បញ្ចុះ​ក្នុង​ព្រះ​ចេតិយ​ត្រៃត្រិង្ស​លើ​ភ្នំ​ព្រះរាជទ្រព្យ គឺ​ភ្នំ​ឧដុង្គ សព្វថ្ងៃ​នេះ​ដែរ។

គ.១៩ ព្រះបទុមរាជា​អង្គ​នន់ ឬ​ព្រះអង្គ​នន់​ទី​១ (ឆ្នាំ​១៦៣៩-ឆ្នាំ​១៦៤១)

ក្រោយ​ពី​ព្រះរាមាធិបតី​ពញានូ ជា​អនុជ​បង្កើត​របស់​ព្រះរាជ​សម្ភារ ប្រឈួន​ហើយ​សុគត​ទៅ ព្រះឧទ័យ ជា​មា ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​លើក​ព្រះអង្គ​នន់ ដែល​ជា​ព្រះរាជបុត្រ​ច្បង​របស់​ព្រះឧទ័យ​មហា​ឧបយោរាជ ឲ្យ​ឡើង​សោយរាជ្យ​ស្នង​ព្រះជេដ្ឋា​អយ្យកោ​មួយ (គឺ​បង​ជីដូន​មួយ) នៅ​រាជធានី​ឧដុង្គមានជ័យ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជឱង្ការ​ព្រះ​បទុម​បរម​រាជាធិបតី ដែល​ប្រវត្តិ​វិទូ​ខ្លះ​និយម​ហៅ​ថា អង្គ​នន់​ទី​១។

ព្រះ​បទុម​រាជា​អង្គ​នន់ នេះ ទ្រង់​លើក​ក្សត្រី​ទេព​បញ្ជរ ជា​ព្រះរាជ​បុត្រី​ព្រះជ័យជេស្តា ឬ​“ជ័យជេដ្ឋាទី២” ដែល​ត្រូវ​ជា​អនុជ​រួម​បិតា​នឹង​ព្រះរាជ​សម្ភារ ព្រម​ទាំង​ព្រះអង្គ​នូ និង​ព្រះអង្គ​ច័ន្ទ ជា​អគ្គមហេសី ដោយ​ថ្វាយ​ព្រះនាម​ជា​ព្រះ​វរ​ក្សត្រី​ស្រី​ចក្រពត្តិរាជ។ ព្រះ​បទុម​រាជា​អង្គ​នន់ និង​ព្រះអគ្គមហេសី​ទេព​បញ្ជរ ទ្រង់​មាន​បុត្រ​មួយ​ព្រះអង្គ ព្រះនាម​ជ័យ​ជេដ្ឋ។

ព្រះមហាក្សត្រ​ព្រះ​បទុម​រាជា​ព្រះអង្គ​នន់ ដែល​ជា​បុត្រ​របស់​ព្រះឧទ័យ​មហា​ឧបយោរាជ នេះ សោយរាជ្យ​មិន​បាន​យូរ​ប៉ុន្មាន​ឡើយ ព្រោះ​ព្រះ​ពញា​ច័ន្ទ ដែល​ជា​ប្អូន​បង្កើត​របស់​ព្រះរាជ​សម្ភារ​ពញាតូ និង​ព្រះ​រាមាធិបតី​ពញានូ នោះ ទ្រង់​អាក់អន់​ព្រះទ័យ ហើយ​នឹក​គិត​ថា រាជ្យសម្បត្តិ​នេះ​ត្រូវ​តែ​បាន​មក​ព្រះអង្គ ដែល​ជា​ក្រសែ​ខាង​ក្សត្រ​សោយរាជ្យ មិន​ត្រូវ​បាន​ទៅ​ព្រះអង្គ​នន់ ដែល​ជា​ខ្សែ​ឧបយោរាជ​ឡើយ។ គិត​ដូច្នោះ​ហើយ ចៅ​ពញា​ច័ន្ទ ក៏​បញ្ចុះ​បញ្ចូល​មេ​ទ័ព​ជំនិត​របស់​ព្រះអង្គ​បួន​នាក់ ដែល​សុទ្ធតែ​ធ្លាប់​មាន​ថ្វីដៃ​ក្នុង​សង្គ្រាម​បង្ក្រាប​អ្នក​សិល្ប៍ បល្ល័ង្ក​ពេជ្រ និង​បល្ល័ង្ក​រ័ត្ន ពី​រាជ្យ​មុន​នោះ ឲ្យ​ចែក​ផ្លូវ​គ្នា​នាំ​សេនា​ទាហាន​ចូល​វាយ​លុក​ទាំង​ព្រះ​មហា​ឧបយោរាជ​ ព្រះឧទ័យ និង​ព្រះ​បទុម​រាជា​អង្គ​នន់ ជា​ស្ដេច​សោយរាជ្យ​ក្នុង​ពេល​អាធ្រាត្រ​ស្ងាត់​ព្រម​គ្នា។

ទី​បំផុត ទ័ព​ចៅ​ពញា​ច័ន្ទ ក៏​ធ្វើ​គត់​ព្រះឧទ័យ ជា​មា និង​ព្រះ​បទុម​រាជា​អង្គ​នន់ បាន​តាម​បំណង​មែន។ ព្រះ​អដ្ឋិធាតុ​របស់​ក្សត្រ​ទាំង​ពីរ គឺ​ព្រះឧទ័យ និង​ព្រះ​បទុម​រាជា​អង្គ​នន់ នេះ ក្រោយ​មក​ត្រូវ​គេ​បញ្ចុះ​នៅ​ចេតិយ​ទន្ទឹម​លើ​ភ្នំ​ព្រះរាជទ្រព្យ គឺ​ភ្នំ​ឧដុង្គ នោះ​ដែរ។ ចំណែក​ខាង​ព្រះរាជ​បុត្រា​បី​ព្រះអង្គ​ទៀត​របស់​ព្រះ​មហា​ឧបយោរាជ​ឧទ័យ​នោះ គឺ​ព្រះអង្គ​អឹម បាន​រត់​ទៅ​ជ្រក​ជាមួយ​ព្រះ​មាតា​ព្រះអង្គ​ច័ន្ទ ដែល​បាន​ធ្វើ​គត់​ព្រះ​បិតា​របស់​ខ្លួន។ ឯ​ព្រះ​ពញា​សូ និង​ពញាតន់ ទ្រង់​យាង​ដោះ​ព្រះអង្គ​ទៅ​ពួន​ជាមួយ​ព្រះ​វររាជធិតា​មហា​រាជិនី​អង្គ​ចូវ។

ព្រះ​បទុម​រាជា​អង្គ​នន់ នេះ ទ្រង់​សោយរាជ្យ​ពី​ឆ្នាំ​១៦៣៩ ហើយ​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៦៤១ នៃ​គ្រិស្ដសករាជ​នៅ​រាជធានី​ឧដុង្គមានជ័យ៕


 ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!