Friday, June 12, 2015

ព្រះរាជា​ខ្មែរ​ដែល​កាន់​សាសនា​ឥស្លាម​និង​ការ​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ខ្មែរ​របស់​យួន​លើក​ដំបូង (ភាគ​៤៣)


ព្រះ​រាមាធិបតី​អង្គ​ច័ន្ទ ដែល​ជា​ព្រះមហាក្សត្រ​សោយរាជ្យ​នៅ​ចន្លោះ​ឆ្នាំ​១៦៤១ និង​ឆ្នាំ​១៦៥៩ ជា​ព្រះរាជា​ខ្មែរ​តែ​មួយ​អង្គ​គត់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា ដែល​ទ្រង់​ចូល​សាសន៍​កាន់​សាសនា​ឥស្លាម។

តើ​រឿងរ៉ាវ​នេះ​មាន​ដំណើរ​ដើម​ទង​យ៉ាងណា?

គ.២០ ព្រះ​រាមាធិបតី​អង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម (ឆ្នាំ​១៦៤១- ឆ្នាំ​១៦៥៩) និង​ការ​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ខ្មែរ​របស់​យួន ជា​លើក​ដំបូង

ក្រោយ​ពី​ធ្វើ​គត់​ព្រះ​មហា​ឧបយោរាជ​ឧទ័យ ជា​មា និង​ព្រះ​បទុមរាជា​អង្គ​នន់ ជា​បង​ជីដូន​មួយ​រួច​ហើយ សម្ដេច​ចៅ​ពញា​ច័ន្ទ ក៏​បាន​ទទួល​ពិធី​ប្រាប្ដាភិសេក​ឡើង​សោយរាជ្យ​សម្បត្តិ​នៅ​រាជធានី​ឧដុង្គ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះ​រាមាធិបតី។ ប៉ុន្តែ​អ្នក​ប្រវត្តិវិទូ​ជាច្រើន​និយម​ហៅ​ព្រះនាម​ព្រះអង្គ​ថា ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ព្រោះ​ព្រះអង្គ​ជា​មហាក្សត្រ​ខ្មែរ​តែ​មួយ​អង្គ​គត់ ដែល​ទ្រង់​បាន​ចូល​សាសន៍​កាន់​សាសនា​ឥស្លាម។

ឯកសារ​ខ្លះ​សរសេរ​ថា ព្រះអង្គ​ច័ន្ទ ទ្រង់​បាន​ចូល​សាសន៍ និង​កាន់​សាសនា​ឥស្លាម នេះ បន្ទាប់​ពី​ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​ស្ត្រី​ជា​ជនជាតិ​ចាម ម្នាក់ ដែល​ព្រះអង្គ​បាន​ជួប​ក្នុង​ដំណើរ​វិល​ត្រឡប់​មក​ពី​ក្រសាល​ទន្លេ​ធំ​ពី​ ខេត្ត​ក្រចេះ។ នៅ​ពេល​នោះ ព្រះអង្គ​ទ្រង់​ឆៀង​ចូល​ពិនិត្យ​រាជធានី​ចាស់​ស្រីសន្ធរ ហើយ​យាង​មក​ដល់​ខាង​ត្បូង​កំពង់លួង វិញ ព្រះអង្គ​ក៏​បាន​ជួប​នឹង​នារី​ចាម ដ៏​មាន​រូប​រាង​ល្អ​ស្អាត ចរិយា​ល្អ​ប្រពៃ​ម្នាក់ ចុះ​មក​ដង​ទឹក។ នាង​ក្រមុំ​ចាម នោះ​ឈ្មោះ នាង​វ៉ះ ជា​កូន ចៃសុន និង​នាង​ម៉ា ជា “ព្រះ​រាជវង្ស​ចាម” ។

ព្រះអង្គ​ទ្រង់​ព្រះ​ស្នេហា​នឹង នាង​វ៉ះ ក្រមុំ​ចាម នោះ​ខ្លាំង​ណាស់ ហើយ​ក៏​បាន​ទាក់ទង​រួម​មេត្រី រួច​លើក​នាង​ជា​ព្រះ​ស្នំឯក។ ឯកសារ​ខ្លះ​បាន​រៀបរាប់​ថា ដោយ​ព្រះអង្គ​ចង់​គេច​ឲ្យ​ផុត​ពី​បាបកម្ម​ដែល​ព្រះអង្គ​បាន​ធ្វើ​គត់​ព្រះ​ ឧទ័យ ជា​មា និង​ព្រះ​បទុម​រាជា​អង្គ​នន់ ទៅ​តាម​ជំនឿ​ព្រះពុទ្ធ​សាសនា និង​ដោយ​គោរព​តាម​ប្រពៃណី​នៃ​ជនជាតិ​ចាម ផង ព្រះអង្គ​ក៏​ព្រម​ចូល​កាន់​សាសនា​ឥស្លាម ដោយ​កាត់​ចុង​អង្គ​ជាតិ និង​យក​ព្រះនាម​ថា អ៊ីប្រាហ៊ីម។ ស្បែក​ចុង​អង្គ​ជាតិ​របស់​ព្រះអង្គ​នោះ ត្រូវ​បាន​ឯកសារ​ខ្លះ​អះអាង​ថា ត្រូវ​បាន​គេ​យក​ទៅ​តម្កល់​ទុក​នៅ​ក្នុង​ព្រះវិហារ​ឥស្លាម មួយ ខាង​ត្បូង​កំពង់លួង ដែល​បាន​ប្ដូរ​ឈ្មោះ​ទីនោះ​ជាប់​ជា​ភូមិ​ឃ្លាំងស្បែក ជា​រៀង​រហូត​មក។

ឯកសារ​ប្រវត្តិសាស្ត្រ​ខ្លះ​ទៀត​និយាយ​ផ្សេង​ពី​នេះ​ទៅ​វិញ ដោយ​អះអាង​ថា ប្រការ​ដែល​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម សុខ​ចិត្ត​ចូល​សាសន៍ និង​កាន់​សាសនា​ឥស្លាម នេះ គឺ​ប្រហែល​មក​ពី​ព្រះអង្គ​ចង់​សង​គុណ​ពួក​ចាម ដែល​ព្រះអង្គ​បាន​ពឹងពាក់​ក្នុង​ការ​វាយ​ដណ្ដើម​រាជ្យ​ពី​ព្រះ​មហា​ឧបយោរាជ​ ឧទ័យ ជា​មា និង​ព្រះ​បទុម​រាជា​អង្គ​នន់ ជា​បង​ជីដូន​មួយ។

កាល​បើ​បាន​ឡើង​គ្រងរាជ្យ​ហើយ ព្រះអង្គ​ទ្រង់​សព្វ​ព្រះរាជហឫទ័យ​ប្រោស​ប្រណី​ពួក​ចាម​ជ្វា លើក​ជា​មន្ត្រី​ធំ ហើយ​លើក​ចៃសុន ជា​ព្រះ​បិតា​ក្មេក ឲ្យ​ឡើង​ជា​សម្ដេច​បរទេស​រាជ ឲ្យ​ត្រួត​អស់​លើ​ពួក​ចាម​ជ្វា ថែម​ទៀត​ផង។

នៅ​ក្នុង​រាជ្យ​ព្រះអង្គ គឺ​ក្នុង​ឆ្នាំ​១៦៤៣ មាន​ព្រឹត្តិការណ៍​ទាស់ទែង​គ្នា​ដ៏​ធំ​មួយ​រវាង​ពួក​ហូល្លង់ដ៍ ដែល​ពី​ខាង​ដើម​បាន​គាំទ្រ និង​អបអរ​សាទរ​យ៉ាង​ក្លៀវក្លា​ចំពោះ​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ដែល​បាន​កម្ចាត់​ស្ដេច​ជ្រែក​រាជ្យ គឺ​ព្រះ​ឧទ័យ និង​ព្រះ​អង្គ​នន់ បាន​នោះ។ ហើយ​ពួក​ហូល្លង់ដ៍ នេះ ឈ្លោះ​ជាមួយ​ពួក​ព័រទុយហ្គាល់ ដែល​ជា​សម្ព័ន្ធ​របស់​ឈ្មួញ​ចាម​ជ្វា ជាច្រើន​នាក់ ដែល​ជា​បរិវារ​របស់​ព្រះអង្គ​ច័ន្ទ។ ព្រះអង្គ​បាន​បណ្តោយ​ឲ្យ​ពួក​ចាម​ជ្វា និង​ព័រទុយហ្គាល់ កាប់​សម្លាប់​ឈ្មួញ​ហូល្លង់ដ៍ ស្លាប់​អស់​ជាច្រើន​នាក់ ហើយ​រឹប​អូស​យក​កប៉ាល់ និង​ទំនិញ​របស់​ពួក​នេះ​ដែល​ចត​នៅ​កំពង់លួង ផង។ ហើយ​ក្រោយ​នោះ​បន្តិច កប៉ាល់​ហូល្លង់ដ៍ មួយ​ទៀត​មក​ពី​កោះ​តៃវ៉ាន់ ដែល​ពួក​ព័រទុយហ្គាល់ ហៅ​ថា ហ្វ័រមូហ្សា (Formosa) ក៏​ត្រូវ​គេ​រឹប​អូស​ទៀត។

ដើម្បី​ជា​ការ​សង​សឹក ទេសាភិបាល​ហូល្លង់ដ៍ នៃ​ក្រុង​បាតាវ្យា ក្រុង​ហ្សាការតា (Jakarta) បាន​បញ្ជូន​កប៉ាល់​៥ ទាហាន ១៦០​នាក់ និង​នាវិក​ជាតិ​អឺរ៉ុប ២៤០​នាក់ ចេញ​ដំណើរ​មក​កម្ពុជា។ កប៉ាល់​នេះ​មក​ដល់​ចតុមុខ​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ហើយ​ចត​នៅ​ទីនោះ​រហូត​ដល់​ខែ​មករា ឆ្នាំ​១៦៤៥។ ដោយ​គ្មាន​បាន​ទទួល​សំណង​អ្វី​ពី​ព្រះអង្គ​ច័ន្ទ មេបញ្ជាការ​កប៉ាល់​នោះ ក៏​សម្រេច​ចិត្ត​ថា​ត្រូវ​តែ​បន្ត​ដំណើរ​ឡើង​ទៅ​ដល់​ក្រុង​ឧដុង្គ។ ជម្លោះ​ទាស់ទែង​វាយ​តប់​គ្នា ក៏​កើត​មាន​ឡើង។ ទ័ព​ខ្មែរ​បាន​យក​សម្រាស់ និង​ក្បូន​ឫស្សី​យ៉ាង​ច្រើន ទៅ​ដាក់​ឃាំង​រាំង​ផ្លូវ​ទឹក ហើយ​យក​កាំភ្លើង​ធំ​តម្រៀប​ភ្ជង់​ពី​លើ​ច្រាំង​ទាំង​សង​ខាង។ ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង មេបញ្ជាការ​ហូល្លង់ដ៍ ត្រូវ​ស្លាប់ ទាហាន និង​នាវិក ១២០​នាក់​ទៀត ក៏​ត្រូវ​ស្លាប់​ដែរ ប៉ុន្តែ​ទីបំផុត នាវា​ទាំងអស់​នោះ​បាន​រំដោះ​ខ្លួន​បាន។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ កប៉ាល់​ហូល្លង់ដ៍ មួយ​ទៀត ធ្វើ​ដំណើរ​តាម​ទន្លេ​បាសាក់ ក៏​ត្រូវ​វាយ​ប្រហារ​ដោយ​នាវា​ខ្មែរ ដែល​គ្រប់គ្រង​ដោយ​ពួក​ព័រទុយហ្គាល់ និង​ដឹក​នាំ​ដោយ​ព្រះរាជា​ផ្ទាល់​ព្រះអង្គ។ នាវា​ហូល្លង់ដ៍ នេះ ខូចខាត​ជា​ទម្ងន់ ប៉ុន្តែ​ទីបំផុត​អាច​ធ្វើ​ដំណើរ​វិល​ទៅ​សមុទ្រ​វិញ​បាន។

ដល់​ខែ​កក្កដា ឆ្នាំ​១៦៥២ ពួក​ហូល្លង់ដ៍ បាន​សុំ​ចរចា​រក​សន្តិភាព​ជាមួយ​ខ្មែរ ហើយ​កិច្ច​ព្រមព្រៀង​មួយ​បាន​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ខែ​កក្កដា ឆ្នាំ​១៦៥៣។

ព្រះរាជពង្សាវតារ​មហា​បុរស​ខ្មែរ បាន​អធិប្បាយ​ថា ឆ្នាំ​១៦៥៥ ព្រះ​រាមាធិបតី​អង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ទ្រង់​បាន​ទាមទារ​យក​ដី​កំពង់ក្របី​ព្រៃ​នគរ ដែល​ព្រះចៅ​អណ្ណាមកុក ស្រុក​យួន បាន​ខ្ចី​ធ្វើ​ជា​មូលដ្ឋាន​បង្ក​ទ័ព​ត​តាំង​ច្បាំង​នឹង​ចិន នោះ​មក​វិញ ព្រោះ​ចំបាំង​នោះ​បាន​ស្ងប់ស្ងាត់​ឡើង​វិញ​ហើយ។ ប៉ុន្តែ​ត្រូវ​បាន​ព្រះ​ទាវ​ធីតា​អង្គ​ចូវ អង្វរ​សុំ​ឲ្យ​យួន នៅ​បន្ត​ទៅ​ទៀត​សិន។

ដល់​ឆ្នាំ​១៦៥៦ ព្រះ​ទាវ​ធីតា​អង្គ​ចូវ ដែល​ប្រហែល​ជា​មិន​សប្បាយ​ព្រះ​ទ័យ​នឹង​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ដែល​បាន​ទទូច​ទាមទារ​ដី​ខ្មែរ​មក​វិញ​នោះ បាន​សុំ​លា​ព្រះអង្គ​ច័ន្ទ ជា​ស្ដេច​ផែនដី ដក​ព្រះអង្គ​ចេញ​ពី​រាជធានី​ឧដុង្គ ទៅ​គង់​នៅ​ភ្នំពេញ​វិញ ដោយ​នាំ​យក​ទាំង​ព្រះអង្គ​សូ និង​ព្រះអង្គ​តន់ ជា​បុត្រ​របស់​ព្រះ​ឧទ័យ ទៅ​ជាមួយ​ផង។

បាន​ឱកាស​ល្អ​ហើយ នៅ​ឆ្នាំ​១៦៥៨ ព្រះអង្គ​សូ និង​ព្រះអង្គ​តន់ ដែល​ជា​បុត្រ​ព្រះ​ឧទ័យ និង​ជា​ព្រះអនុជ​របស់​ព្រះអង្គ​នន់ ដែល​ត្រូវ​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ធ្វើ​គត់​នោះ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ព្រះអង្គ​ចូវ បុត្រី​ស្ដេច​យួន ផង បាន​ចាត់​មន្ត្រី​សម្ងាត់​ឲ្យ​ទៅ​បញ្ចុះបញ្ចូល​រាស្ត្រ​ក្នុង​ខេត្ត​ជាច្រើន ហើយ​លើក​ទ័ព​ជាច្រើន​ទៅ​ច្បាំង​នឹង​ព្រះអង្គ​ច័ន្ទ ដែល​កាល​នោះ​ទ្រង់​សោយរាជ្យ​បាន ១៧​ព្រះ​វស្សា តែ​ត្រូវ​ទទួល​បរាជ័យ។

ទីបំផុត បុត្រ​ព្រះ​ឧទ័យ ទាំង​ពីរ បាន​សុំ​ឲ្យ​ព្រះ​ទាវ​ធីតា​អង្គ​ចូវ បុត្រី​ស្ដេច​យួន ធ្វើ​លិខិត​ទៅ​សុំ​ទ័ព​យួន មក​ជា​ជំនួយ។ ស្ដេច​យួន បាន​ចាត់​ទ័ព​ច្រើន​ពាន់​នាក់​ឲ្យ​មក​រួម​ជាមួយ​ទ័ព​ព្រះអង្គ​សូ និង​ព្រះ​អង្គ​តន់ ច្បាំង​ត​តាំង​នឹង​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម។ ទីបំផុត ព្រះអង្គ​ច័ន្ទ ទទួល​បរាជ័យ ហើយ​ត្រូវ​យួន ចាប់​ដាក់​ទ្រុង​ដែក​នាំ​យក​ទៅ​ស្រុក​យួន ទៅ។ ចំណែក​ខាង​ព្រះអង្គ​អឹម ដែល​ជា​បុត្រ​ព្រះ​ឧទ័យ ដែរ តែ​ចូល​ខាង​ព្រះ​រាមាធិបតី​អង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម នោះ ក៏​ក្ស័យ​ព្រះជន្ម​ក្នុង​សមរភូមិ​នោះ​ទៅ។

ដោយ​ក្តី​លោភលន់​របស់​មេ​ទ័ព​យួន ដែល​ចង់​យក​ប្រទេស​ខ្មែរ​ដាក់​ជា​ចំណុះ​ប្រទេស​យួន ហើយ​មាន​បំណង​ប្រុង​ចាប់​យក​ព្រះអង្គ​សូ និង​ព្រះអង្គ​តន់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នាំ​យក​ទៅ​ស្រុក​យួន ផង​នោះ ទ័ព​យួន ដែល​ច្បាំង​ឈ្នះ​ទ័ព​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ហើយ បែរ​ជា​មក​ច្បាំង​នឹង​ទ័ព​ព្រះអង្គ​សូ និង​ព្រះអង្គ​តន់ វិញ​ទៀត។ តែ​ទីបំផុត ស្ដេច​ទាំង​ពីរ​វាយ​ឈ្នះ​ទ័ព​យួន យួន ក៏​នាំ​ទ័ព​រត់​ត្រឡប់​ទៅ​ស្រុក​វិញ​អស់​ទៅ។

ចំណែក​ខាង​ព្រះអង្គ​ច័ន្ទ​អ៊ីប្រាហ៊ីម ដែល​យួន ចាប់​ដាក់​ទ្រុង​ដែក​នាំ​យក​ទៅ​ស្រុក​យួន នោះ ឯកសារ​ខ្លះ​អះអាង​ថា យួន វា​ឃុំ​ព្រះអង្គ​នៅ​ក្វាងប៉ិញ រហូត​ដល់​មួយ​ឆ្នាំ​ក្រោយ​មក ព្រះអង្គ​ទ្រង់​សុគត​នៅ​ទីនោះ​ទៅ។ ឯ​ឯកសារ​ខ្លះ​ទៀត​និយាយ​ថា ព្រះអង្គ​ត្រូវ​ពួក​យួន ដែល​អាក់អន់​ចិត្ត​នឹង​ព្រះអង្គ​សូ និង​ព្រះអង្គ​តន់ ដោះ​លែង​ព្រះអង្គ​នាំ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ តែ​ធ្វើ​ដំណើរ​ដល់​ពាក់​កណ្ដាល​ផ្លូវ ព្រះអង្គ​ទ្រង់​ប្រឈួន ហើយ​សុគត​នៅ​ត្រង់​ស្រុក​បត់ចិញ្ចៀន នេះ​ទៅ៕
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង

ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!