គ.១៦ ព្រះរាជឱង្ការព្រះជ័យជេស្តា (ឆ្នាំ១៦១៨-ឆ្នាំ១៦២៨)
ក្រោយពីព្រះរាជឱង្ការព្រះស្រីសុរិយោពណ៌បរមរាជា ជាព្រះបិតាទ្រង់ដាក់រាជ្យ ព្រះរាជបុត្រាច្បងរបស់ព្រះអង្គទ្រង់ឡើងសោយរាជ្យស្នងនៅរាជធានី ល្វាឯម ក្នុងឆ្នាំ១៦១៨ ដោយមានព្រះនាមក្នុងរាជ្យថា សម្ដេចព្រះរាជឱង្ការព្រះជ័យជេស្តាបរមរាជា។ ខ្លះទម្លាប់ហៅព្រះនាមព្រះអង្គថា ព្រះជ័យជេដ្ឋាទី២។
កាលពីព្រះស្រីសុរិយោពណ៌ ជាព្រះបិតានៅមានព្រះជន្មនៅឡើយ ព្រះអង្គទ្រង់ចូលស្តីដណ្ដឹងបុត្រីព្រះចៅយួន ក្រុងវ៉េ ឲ្យធ្វើជាព្រះអគ្គមហេសីរបស់ព្រះអង្គ។ ការភ្ជាប់សម្ព័ន្ធមេត្រីជាមួយនគរយួន នេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងកម្លាំងជាមួយប្រទេសនៅជាប់ព្រំដែន ខាងកើតមួយនេះ ទៅទប់ទល់នឹងប្រទេសនៅព្រំដែនម្ខាងទៀត គឺប្រទេសសៀម។
បន្ទាប់ពីបានឡើងគ្រងរាជ្យហើយ ព្រះបាទជ័យជេស្តា ទ្រង់លើកព្រះទេពីអង្គចូវ បុត្រីស្ដេចយួន ជាព្រះអគ្គមហេសី ដោយថ្វាយនាមជាសម្ដេចព្រះភគវតីព្រះស្រីវរៈក្សត្រី។
ព្រះអង្គទ្រង់គង់នៅរាជធានីល្វាឯម នេះបានពីរឆ្នាំ។ ដោយទីនេះតូចចង្អៀតផង និងមានការពិបាកយ៉ាងខ្លាំងនៅរដូវវស្សាផង ព្រះអង្គក៏ទ្រង់ផ្លាស់រាជធានីទៅតាំងនៅក្រុងឧដុង្គមានជ័យ វិញ នៅក្នុងឆ្នាំ១៦២០ នៃគ្រិស្តសករាជ។ ព្រះអង្គបានព្រះបញ្ជាឲ្យសាងចេតិយធំមួយឈ្មោះ ចេតិយត្រៃត្រិង្ស នៅលើភ្នំព្រះរាជទ្រព្យ ដើម្បីតម្កល់ព្រះអដ្ឋិធាតុព្រះបិតាព្រះអង្គ។
នៅឆ្នាំ១៦២២ មានការបះបោរផ្ទៃក្នុងមួយដឹកនាំដោយអ្នកសិល្ប៍ម្នាក់ ដែលតាំងខ្លួនជាស្ដេចសំរែ “ព្រះសំរែរាជាធិរាជ” តែត្រូវវាយបង្ក្រាបបាន។
នៅក្នុងរាជ្យព្រះអង្គ សៀម មិនពេញចិត្តនឹងខ្មែរដែលបែរទៅទាក់ទងជាមួយយួន ហើយព្រងើយកន្តើយនឹងខ្លួននោះទេ។ សៀម ដែលធ្លាប់តាំងចិត្តថាជាអាណាព្យាបាលលើខ្មែរផងនោះ ក្នុងឆ្នាំ១៦២២ នោះ ព្រះចៅដៃណា ស្ដេចសៀម ដែលបានឡើងសោយរាជ្យនៅឰយុធ្យា ដោយបានធ្វើគត់ព្រះចៅឯកាទេសរដ្ឋ ព្រះអនុជព្រះនរេនសូរ នោះ បានលើកទ័ពយ៉ាងធំមានពលរាប់សែននាក់ ឲ្យចូលមកវាយលុកប្រទេសកម្ពុជា។ ប៉ុន្តែទ័ពសៀម ដ៏ធំមួយដែលលើកមកតាមផ្លូវគោក ត្រូវទ័ពខ្មែរដែលដឹកនាំដោយព្រះរាជាជ័យជេស្តា វាយកម្ទេចឲ្យបែកបាក់ខ្ចាត់ខ្ចាយអស់នៅខេត្តបរិបូរណ៍ ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីបឹងទន្លេសាប។
ឯទ័ពសៀម ធំមួយទៀតដែលដឹកនាំដោយចៅស្រីធម្មរាជា ឆ្នាំ១៦២៣ ដែលលើកតាមផ្លូវទឹកមកដល់ខេត្តបន្ទាយមាស ត្រូវកម្ទេចដោយទ័ពខ្មែរ ក្រោមការដឹកនាំរបស់ព្រះឧទ័យមហាឧបរាជ ព្រះអនុជរបស់ព្រះជ័យជេស្តា។ ឆ្នាំក្រោយមក សៀម បានលើកទ័ពជើងទឹកក្រោមបញ្ជាការរាជបុត្រស្ដេចសៀម នាមព្រះជេដ្ឋា មកវាយខ្មែរទៀត តែត្រូវទទួលបរាជ័យ ហើយដកថយទៅវិញទៀត។
ចំណែកខាងយួន វិញ ឯកសារខ្លះបានរៀបរាប់ថា ដោយពេលនោះប្រទេសយួន មានចំបាំងជាមួយចិន នៅគ្រិស្ដសករាជ១៦២១ គណៈបេសកកម្មទូតរបស់យួន មួយ បាននាំសំបុត្រពីរច្បាប់របស់ព្រះចៅអណ្ណាម មួយច្បាប់ មកថ្វាយព្រះជ័យជេស្តា ជាកូនប្រសា និងមួយច្បាប់ទៀតថ្វាយព្រះភគវីអង្គចូវ ឲ្យជួយទូលព្រះស្វាមីសុំខ្ចីដីខេត្តកំពង់ក្របីព្រៃនគរ (ព្រៃនគរ) ដើម្បីបង្ហាត់សេនាទាហានយួន។ លិខិតនោះបញ្ជាក់ថា ការខ្ចីដីធ្វើជាមូលដ្ឋានបង្ហាត់ទ័ពនេះមានរយៈពេល ៥ឆ្នាំ គ្រប់ ៥ឆ្នាំនឹងសងថ្វាយវិញ។
ឯឯកសារខ្លះថា ឆ្នាំ១៦២៣ យួន បានសុំព្រះរាជាខ្មែរបង្កើតគ្រឹះស្ថានជំនួញរបស់ខ្លួននៅក្នុង ប្រទេសខ្មែរភាគខាងត្បូង ត្រង់តំបន់កំពង់ក្របីព្រៃនគរ ព្រមទាំងសូមអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់ក្រសួងគយ នៅតំបន់នោះផង។
ព្រះជ័យជេស្តា ដោយយោគយល់ដល់ព្រះបិតាក្មេក និងអគ្គមហេសីអង្គចូវ ផង ក៏ទ្រង់ព្រមអនុញ្ញាតតាមការស្នើសុំនេះ។ គឺចាប់តាំងពីពេលនោះមកហើយ ជនជាតិយួន បានដឹកកូនជញ្ជូនចៅបបួលគ្នាមកនៅក្នុងទឹកដីខ្មែរកាន់តែច្រើន ឡើងៗ។ ម៉្យាងទៀត ដោយយកលេសថាដើម្បីជួយអាជ្ញាធរខ្មែរក្នុងទីនោះ រក្សាសន្តិសុខឲ្យមានប្រសិទ្ធភាព ព្រះចៅយួន ក្រុងវ៉េ បានបញ្ជូនមេទ័ពរបស់គេម្នាក់ឲ្យមកឈរកាន់កាប់នៅតំបន់នោះទៀតផង។ សម្ព័ន្ធភាពខ្មែរយួន ដែលយើងអាចនិយាយបានថា ជាសម្ព័ន្ធភាពយកកខ្មែរទៅលអន្ទាក់ ឬយកពងមាន់ទៅផ្ញើក្អែកនេះ បានក្លាយទៅជាចំណេះជិះកឯង។
យ៉ាងណាមិញ ខ្មែរដែលចង់គេចឲ្យផុតពីមេរៀនដ៏ជូរចត់នៃការបាត់បង់ទឹកដីភាគ ខាងលិចដ៏ធំធេងនោះ បានចាប់ផ្ដើមជំរុញឲ្យបាត់បង់ដីភាគខាងត្បូងទៀត ពោលគឺក្រោយពីព្រះបាទជ័យជេស្តា សុគតទៅនៅគ្រិស្ដសករាជ១៦២៨ នោះ ទឹកដីខ្មែរភាគខាងត្បូងចាប់ពីព្រៃនគរ បារា និងដូនណៃ កំពង់ស្រកាត្រី ទៅទល់នឹងព្រំប្រទល់អតីតអាណាចក្រចំប៉ា មានសុទ្ធតែជនជាតិយួន មកនៅពាសពេញ ហើយឋិតក្រោមការគ្រប់គ្រងរបស់យួន រួចទៅហើយទៀតផង៕
ស្ដាប់ ឬ ទាញយកសំឡេង
ប្រភព RFA
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.