Friday, June 12, 2015

ព្រះបាទ​ស្រីសុរិយោពណ៌​ផ្លាស់ប្ដូរ​យុទ្ធវិធី​រក​ជំនួយ​បរទេស​ការពារ​ព្រះ​នគរ (ភាគ​៣៩)

នៅ​ដើម​សតវត្ស​ទី​១៧ ព្រះរាជា​ខ្មែរ​មួយ​អង្គ គឺ​ព្រះបាទ​ស្រីសុរិយោពណ៌ ទ្រង់​ផ្លាស់ប្ដូរ​យុទ្ធវិធី​ក្នុង​ការ​ស្វែងរក​ជំនួយ​បរទេស​មក​ការពារ​ព្រះ ​នគរ ពី​ការ​ឈ្លាន​ពាន​ពី​សំណាក់​ប្រទេស​ជិត​ខាង។ ប្រហែល​ជា​ព្រះអង្គ​ឈ្វេង​យល់​ថា ការ​ពឹងពាក់​ពួក​អឺរ៉ុប មិន​បាន​លទ្ធផល​គាប់​ប្រសើរ​នោះ​ហើយ ទើប​ព្រះអង្គ​ងាក​មក​ចង​ស្ពាន​មេត្រី​ជាមួយ​ប្រទេស​ជិត​ខាង​វិញ។ គឺ​ព្រះបាទ​ស្រីសុរិយោពណ៌ នេះ​ហើយ​ដែល​បាន​ស្តី​ដណ្ដឹង​បុត្រី​ព្រះចៅ​យួន ក្រុង​វ៉េ មក​ឲ្យ​ធ្វើ​ជា​ព្រះអគ្គមហេសី​របស់​បុត្រា​ច្បង​របស់​ព្រះអង្គ។

គ.១៥ ព្រះបាទ​ស្រីសុរិយោពណ៌ (ឆ្នាំ​១៦០៣-ឆ្នាំ​១៦១៨) និង​ការ​រៀបចំ​ឲ្យ​ប្រទេស​កម្ពុជា បាន​ស្ងប់ស្ងៀម​ឡើង​វិញ​ក្រោយ​ពី​បាន​យាង​វិល​ត្រឡប់​មក​ដល់​មាតុភូមិ​ កម្ពុជា វិញ ហើយ​ព្រះ​ស្រីសុរិយោពណ៌ បាន​ឡើង​សោយរាជ្យ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៦០៣ នៃ​គ្រិស្ដសករាជ​នៅ​ព្រះរាជវាំង​កោះស្លាកែត ស្រុក​ល្វាឯម ឬ​ស្រុក​ព្រៃល្វាផ្អែម ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា សម្ដេច​ព្រះរាជឱង្ការ​ព្រះ​ស្រីសុរិយោពណ៌​បរម​រាជា។

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះរាជឱង្ការ​ស្រីសុរិយោពណ៌ បាន​ប្រឈម​មុខ​នឹង​ការ​បះបោរ​ជាច្រើន ដូចជា​ការ​បះបោរ​របស់​ព្រះកែវហ្វា​ពញាញោម ដែល​ត្រូវ​ដក​ចេញ​ពី​រាជ្យសម្បត្តិ។ ការ​បះបោរ​របស់​ពពួក​ចៅហ្វាយ​ខេត្ត​ធំៗ​ដែល​មាន​ងារ​ជា​ព្រះរាម ដូចជា​ព្រះរាម​កែវ​ព្រះភ្លើង ព្រះរាម​ត្បូងឃ្មុំ ព្រះរាម​ទ្រាំង ព្រះរាម​បាភ្នំ ព្រះរាម​ថ្មគោល ព្រះរាម​បាទី ព្រម​ទាំង​អ្នក​សិល្ប៍​ដែល​ប្រកាស​តាំង​ខ្លួន​ជា​ស្ដេច ដូចជា​បាឡីកងចក្រ ជាដើម។

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះអង្គ​ទ្រង់​បាន​ទទួល​មេទ័ព​ឈ្មោះ តេជោមាស និង​តេជោយ៉ត ដែល​ជា​សិស្ស​ជំនិត​របស់​តេជោមាស ដែល​សុទ្ធតែ​ជា​មេទ័ព​ខ្លាំង​ពូកែ ហើយ​បាន​យក​អសារ​វាយ​កម្ចាត់​សត្រូវ​គ្រប់​ទិសទី​បាន​ដោយ​ជោគជ័យ​ដូចជា៖
  • ច្បាំង​ជាមួយ​ពួក​ព្រះកែវ​ហ្វាពញាញោម ដែល​ត្រូវ​ដក​ចេញ​ពី​រាជបល្ល័ង្ក ដែល​បាន​ស្ម័គ្រ​បក្ខពួក​ដែល​សុទ្ធតែ​ជា​ពួក​មន្ត្រី​ឡែឡ ប្រុង​ឡោម​ធ្វើ​គត​ព្រះ​ស្រីសុរិយោពណ៌ ក្នុង​ពិធី​បុណ្យ​រាជាភិសេក​ព្រះអង្គ​ឡើង​សោយរាជ្យ។ ប៉ុន្តែ​ទីបំផុត បក្ខពួក​ព្រះកែវ​ហ្វាពញាញោម ទាំងអស់ ត្រូវ​ធ្លាក់​ក្នុង​អន្ទាក់​មេទ័ព​ស្ដេច​ផែនដី ផឹក​ស្រា​ដែល​គេ​ដាក់​លក់​ជា​ធ្នាក់ ស្រវឹង​និយាយ​អួត​អាង​ឡូឡា ហើយ​ត្រូវ​ចាប់​ខ្លួន​បាន​ទាំងអស់។ ព្រះកែវ​ហ្វាពញាញោម ក៏​ត្រូវ​គេ​ប្រហារ​ជីវិត​ចោល​ទៅ។ ប៉ុន្តែ ឯកសារ​ព្រះរាជពង្សាវតារ​ខ្លះ​និយាយ​ផ្សេង​ពី​នេះ​ទៅ​វិញ គឺ​ថា ដោយ​ការ​មិន​សប្បាយ​ចិត្ត​ពី​ការ​ដក​ចេញ​ពី​រាជបល្ល័ង្ក ព្រះកែវ​ហ្វាពញាញោម បាន​ទៅ​បំបះបំបោរ​រាស្ត្រ​នៅ​ខេត្ត​កំពង់ស្វាយ នាំ​ចៅមឿងសែន និង​ចៅមឿងស្ទោង ក្រោក​ធ្វើ​ចំបាំង​ប្រឆាំង​នឹង​ព្រះ​ស្រីសុរិយោពណ៌ ជា​ឪពុកមា។ ព្រះ​ស្រីសុរិយោពណ៌ ទ្រង់​ប្រើ​ទ័ព​ខ្មែរ​ផង និង​បាន​សុំ​ជំនួយ​ទ័ព​សៀម ដែល​ដឹក​នាំ​ដោយ​ព្រះ​មហា​ធម្មរាជា បុត្រ​ព្រះ​នរេនសូរ ផង ដើម្បី​បង្ក្រាប​ការ​បះបោរ​នេះ។ ទីបំផុត ព្រះកែវ​ហ្វាពញាញោម ត្រូវ​គេ​ចាប់​បាន ហើយ​ត្រូវ​ប្រហារ​ជីវិត​តាម​ច្បាប់​ប្រពៃណី។
  • ច្បាំង​នឹង​ព្រះរាម​កែវ​ព្រះភ្លើង ដែល​ខ្លាំង​ពូកែ ដែល​ឯកសារ​ខ្លះ​ថា ចេះ​បែង​ភាគ​ផង ប៉ុន្តែ​កែវ​ព្រះភ្លើង ត្រូវ​គេ​ចាប់​បាន ហើយ​ត្រូវ​ប្រហារ​ជីវិត​បង់​នៅ​ទី​អវសាន។
  • ច្បាំង​នឹង​ព្រះរាម​បាទី ដែល​មាន​បរិវារ​សុទ្ធតែ​ជា​មេ​ធ្មប់​ខ្លាំង​ពូកែ ៧៨​នាក់ និង​ព្រះរាម​ទ្រាំង ដែល​មាន​បរិវារ​ជា​អាចារ្យ​ខ្លាំង​ពូកែ​ទាំង ៨​នាក់ ដែល​ចេះ​ជប់​ទ័ព​ដោយ​បាច​អង្ករ​ឲ្យ​កើត​ទៅ​ជា​សត្វ​ខ្លា ដំរី ស្រាំង ឪម៉ាល់ ត​តាំង​នឹង​ទ័ព​ព្រះរាជា។ តែ​ទីបំផុត ត្រូវ​គេ​បន្សាប​សិល្ប៍​បាន ហើយ​ត្រូវ​គេ​ចាប់​ខ្លួន និង​ប្រហារ​ជីវិត​ទាំង​ពីរ​នាក់។
  • ច្បាំង​ជាមួយ​ព្រះរាម​ត្បូងឃ្មុំ និង​ព្រះរាម​បាភ្នំ តែ​អ្នក​ទាំង​ពីរ​ត្រូវ​ចាប់​បាន ហើយ​ត្រូវ​ប្រហារ​ជីវិត​បាន​ទៀត។
  • ច្បាំង​ជាមួយ​អ្នក​សិល្ប៍​ខ្លាំង​ពូកែ​ម្នាក់​ដែល​បាន​តាំង​ខ្លួន​ជា​ ស្ដេច ឈ្មោះ​ព្រះបាទ​បាឡីកងចក្រ ដែល​ជា​សិស្ស​រួម​គ្រូ​ជាមួយ​តេជោមាស តែ​ទីបំផុត​ត្រូវ​តេជោមាស បន្សាប​មន្ត​អាគម​គាថា​បាន ហើយ​បាឡីកងចក្រ ត្រូវ​ចាប់​ខ្លួន និង​ទទួល​ទោស​ប្រហារ​ជីវិត។
  • វាយ​ជាមួយ​ព្រះរាម​ថ្មគោល ដែល​មាន​នាម​ដើម​ពញានូ ជា​ព្រះញាតិវង្ស។ ទ័ព​ព្រះរាម​ថ្មគោល ត្រូវ​ទទួល​បរាជ័យ ហើយ​ព្រះរាម​ថ្មគោល បាន​សុំ​ចុះ​ចូល​វិល​មក​បម្រើ​ព្រះ​ស្រីសុរិយោពណ៌ ជា​ស្ដេច​ផែនដី​វិញ។

សម្ដេច​ព្រះរាជឱង្ការ​ព្រះ​ស្រីសុរិយោពណ៌​បរម​រាជា ជា​ព្រះមហាក្សត្រ​សឹក​មួយ​អង្គ​ដ៏​អង់​អាច​ក្លាហាន។ រាជ្យ​របស់​ព្រះអង្គ​ខាង​ដើម ពោរពេញ​ទៅ​ដោយ​ចំបាំង​រាំង​ជល់ ហើយ​ត្រូវ​ចំណាយ​ពេល​អស់​រយៈ​ជាង​ប្រាំ​ឆ្នាំ ដើម្បី​វាយ​បង្ក្រាប “ពួក​ថ្លើង​ឡើង​ចាង​មហាត​ដែល​បះបោរ” ហើយ​កើត​មាន​តាំង​ពី​រាជ្យ​មុនៗ​មក ដោយសារ​អំណាច​កណ្ដាល​ចុះ​ខ្សោយ​នោះ។

ទីបំផុត ព្រះអង្គ​រៀបចំ​ស្រុក​ទេស​ឲ្យ​បាន​រៀបរយ បាន​សុខ​សន្តិភាព​ស្ងប់ស្ងៀម​ជា​ធម្មតា​ឡើង​វិញ។

ឯកសារ​ខ្លះ​បាន​និយាយ​ថា ព្រះ​ស្រីសុរិយោពណ៌ ជា​ព្រះមហាក្សត្រ​ខ្មែរ​ដែល​បាន​ទទួល​ឥទ្ធិពល​សៀម យ៉ាង​ខ្លាំង។ ប៉ុន្តែ​ឯកសារ​រាជពង្សាវតារ​មហា​បុរស​ខ្មែរ​វិញ បាន​និយាយ​ផ្ទុយ​ទៅ​វិញ​ថា ព្រះអង្គ​ទ្រង់​យល់​ថា នគរ​សៀម តែង​តែ​បៀតបៀន​ពាធា​នគរ​ខ្មែរ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ ហើយ​ទឹក​ដី​ភាគ​ខាង​ជើង​របស់​ខ្មែរ ក៏​ត្រូវ​បាន​សៀម រឹប​យក​អស់​ជាច្រើន​ណាស់​ទៅ​ហើយ​ផង។ ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ការ​ជិះ​ជាន់​របស់​សៀម នេះ ព្រះអង្គ​មិន​បាន​គិត​រក​បង្អែក​ពី​ពួក​អឺរ៉ុប ដូចជា​ព្រះមហាក្សត្រ​ខ្មែរ​ដែល​បាន​សោយរាជ្យ​មុនៗ​ព្រះអង្គ​ទេ។ ដោយ​ពេល​នោះ ប្រទេស​វៀតណាម បាន​ទន្ទ្រាន​លេប​យក​ប្រទេស​ចំប៉ា បាន​ជិត​អស់​ទៅ​ហើយ ហើយ​វៀតណាម បាន​ក្លាយ​ទៅ​ជា​មហា​អំណាច​មួយ​ជា​អ្នក​ជិត​ខាង​របស់​ខ្មែរ​ផង ព្រះអង្គ​ក៏​ទ្រង់​ចង​សម្ព័ន្ធ​មេត្រី​ជាមួយ​វៀតណាម ដោយ​ស្តី​ដណ្ដឹង​ព្រះអង្គ​ម្ចាស់ក្សត្រី​អង្គចូវ បុត្រី​ព្រះចៅ​យួន ក្រុង​វ៉េ ឲ្យ​បាន​ជា​ព្រះអគ្គមហេសី​របស់​បុត្រា​ច្បង​របស់​ព្រះអង្គ ព្រះនាម​ព្រះបាទ​ជ័យជេស្តា ក្នុង​បំណង​ធ្វើ​ឲ្យ​មាន​ទម្ងន់​ស្មើ​គ្នា​នៅ​ក្នុង​ជញ្ជីង​មួយ​សម្រាប់​ ខ្មែរ។ គឺ​ព្រះអង្គ​ទ្រង់​ឈ្វេង​យល់​ថា បើ​សៀម ចង់​ប្រមាថ​ខ្មែរ​ត​ទៅ​ទៀត​នោះ សៀម ក៏​គង់​គិត​កោត​ញញើត​ទៅ​ដល់​ស្ដេច​យួន ខ្លះ​ជា​មិន​ខាន។ ចំណែក​យួន វិញ បើ​នឹង​ប្រមាថ​ខ្មែរ ក៏​គង់​គិត​កោត​ញញើត​ទៅ​ដល់​ស្ដេច​សៀម ខ្លះ​មិន​ខាន។

ព្រះបាទ​ព្រះរាជឱង្ការ​ព្រះ​ស្រីសុរិយោពណ៌​បរម​រាជា ទ្រង់​សោយរាជ្យ​គ្រប់គ្រង​រាស្ត្រ​ប្រជា​ដោយ​យុត្តិធម៌ ហើយ​រៀបចំ​ប្រទេស​ជាតិ​ឲ្យ​បាន​សុខ​សន្តិភាព និង​រីក​ចម្រើន។ ដល់​ឆ្នាំ​១៦១៨ នៃ​គ្រិស្ដសករាជ ព្រះអង្គ​ទ្រង់​ដាក់​រាជ្យ​ថ្វាយ​ទៅ​ព្រះរាជបុត្រ​ច្បង​របស់​ព្រះអង្គ គឺ​ព្រះ​ជ័យជេស្តា ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​សៀម វិញ​ឲ្យ​សោយរាជ្យ​ស្នង​ព្រះអង្គ។

ព្រះអង្គ​ទ្រង់​ចូល​ទិវង្គត​នៅ​ឆ្នាំ​១៦១៩ គឺ​មួយ​ឆ្នាំ​ក្រោយ​ពី​ព្រះអង្គ​បាន​ដាក់​រាជ្យ។ ព្រះ​អដ្ឋិធាតុ​របស់​ព្រះអង្គ ត្រូវ​គេ​បញ្ចុះ​នៅ​ព្រះ​ចេតិយ​ត្រៃត្រិង្ស​លើ​ភ្នំ​ព្រះរាជទ្រព្យ គឺ​ភ្នំ​ឧដុង្គ​សព្វថ្ងៃ​នេះ៕

 ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!