Friday, June 12, 2015

ព្រះរាជា​ពីរ​អង្គ​ដែល​មិន​សូវ​គិតគូរ​កិច្ចការ​ផែនដី​ក្រោយ​សម័យ​លង្វែក (ភាគ​៣៨)

ព្រះរាជា​ខ្មែរ​មួយ​ចំនួន​ដែល​សោយរាជ្យ​ក្រោយ​សម័យ​លង្វែក មិន​សូវ​គិតគូរ​ពី​កិច្ចការ​ផែនដី និង​សុខ​ទុក្ខ​របស់​រាស្ត្រ​ប្រជា​ទេ។ ព្រះ​បរម​រាជា​រាមាធិបតី​ពញា​អន ដែល​គ្រងរាជ្យ​ពី​ឆ្នាំ​១៥៩៩ ដល់​ឆ្នាំ​១៦០០ ជាដើម គ្រាន់​តែ​ឡើង​សោយរាជ្យ​បាន​ពីរ​ឆ្នាំ ក៏​ទៅ​ចាប់​ពង្រត់​ប្រពន្ធ​មេ​ស្រុក រួច​ធ្វើ​បាប​នាង​រហូត​បាត់​បង់​ជីវិត។

ព្រះរាជា​សោយរាជ្យ​បន្ទាប់ គឺ​សម្ដេច​ព្រះ​កែវហ្វា​ពញា​ញោម ក៏​សព្វ​ព្រះទ័យ​តែ​នឹង​បណ្ដើរ​ឆ្កែ ដេញ​សត្វ និង​នាំ​ក្រុម​មន្ត្រី​ខិលខូច​បៀតបៀន​កូន​ប្រពន្ធ​អ្នក​ដទៃ។

គ.១៣ ព្រះ​បរម​រាជា​រាមាធិបតី​ពញា​អន (ឆ្នាំ​១៥៩៩- ឆ្នាំ​១៦០០)

ក្រោយ​ពី​ពេល​ដែល​ព្រះ​បរម​រាជា​រាមាធិបតី​ពញា​តន់ ជា​ក្មួយ ទ្រង់​សុគត​ដោយសារ​ការ​វាយ​លុក​របស់​ពួក​ចាម​ជ្វា បះបោរ​នោះ​មក ព្រះរាជវង្សានុវង្ស​ព្រះរាជា គណៈសង្ឃ ព្រាហ្មណ៍​បុរោហិត នាម៉ឺន​សព្វ​មុខ​មន្ត្រី បាន​យាង​ពញា​អន ជា​បុត្រា​ពៅ​របស់​ព្រះ​បរមិន្ធរ​រាជា និង​ត្រូវ​ជា​ព្រះអនុជ​របស់​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា និង​ព្រះ​ឧបយោរាជ​ស្រីសុរិយោពណ៌ ឲ្យ​ឡើង​សោយរាជ្យ​ស្នង​នៅ​រាជធានី​ស្រីសន្ធរ ដោយ​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជឱង្ការ​ព្រះ​បរម​រាជា​រាមាធិបតី។

នៅ​ដើម​រាជ្យ​របស់​ព្រះអង្គ ព្រះ​បរម​រាជា​រាមាធិបតី​ពញា​អន បាន​ដឹក​នាំ​ទ័ព​វាយ​បង្ក្រាប​ចលនា​បះបោរ ដែល​មាន​សេសសល់​បន្ត​ពី​រាជ្យ​មុន​មក ឲ្យ​ស្ងប់ស្ងាត់​រៀបរយ​ដូច​ប្រក្រតី​ឡើង​វិញ។ ព្រះអង្គ​មាន​ព្រះទ័យ​មិន​ខុស​អ្វី​ពី​ព្រះមហាក្សត្រ​មួយ​ចំនួន ដែល​សោយរាជ្យ​មុន​ព្រះអង្គ​ឡើយ។ ព្រះអង្គ​ទ្រង់​ខិតខំ​ធ្វើ​ទំនាក់ទំនង​ជាមួយ​ពួក​អឺរ៉ុប ដោយ​អំពាវនាវ​ឲ្យ​អ្នក​ផ្សាយ​សាសនា​គ្រិស្ត​ចូល​មក​ក្នុង​ប្រទេស​ព្រះអង្គ និង​ស្វែងរក​កម្លាំង​ទ័ព​មក​ជួយ​ការពារ​នគរ​ពី​ការ​យាយី​របស់​ប្រទេស​ជិត​ ខាង។

ឯកសារ​ព្រះរាជពង្សាវតារ​បាន​បញ្ជាក់​ថា ព្រះ​រាមាធិបតី​ពញា​អន នេះ ជា​ស្ដេច​ពុំ​សូវ​កាន់​យុត្តិធម៌​ទេ ទាំង​តម្រិះ​ប្រាជ្ញា​សោត ក៏​មិន​បាន​ជ្រៅជ្រះ​ដែរ។

ក្នុង​ពេល​ដែល​ទ្រង់​ឡើង​សោយរាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​រាជធានី​ស្រីសន្ធរ នោះ ព្រះ​រាមាធិបតី​ពញា​តន់ ទ្រង់​ជិះ​សេះ​នាំ​សេនា​ទាហាន​យាង​ប្រពាត​ព្រៃ។ លុះ​បាន​ទៅ​ដល់​ភូមិ​ព្រែក​តាមាក់ ព្រះអង្គ​បាន​ទត​ឃើញ​ប្រពន្ធ​របស់​មេ​ស្រុក​ភូមិ​ព្រែក​តាមាក់ ដែល​មាន​ឈ្មោះ​ថា ពញាថី មាន​រូបរាង​ស្អាត ក៏​កើត​ព្រះទ័យ​ស្រឡាញ់​ប្រពន្ធ​ពញាថី នោះ​ជា​ខ្លាំង។ ព្រះអង្គ​ទ្រង់​បញ្ជា​សេនា​អាមាត្យ ឲ្យ​ចាប់​នាង​ដោយ​បង្ខំ​នាំ​យក​ទៅ​ព្រះរាជវាំង​ស្រីសន្ធរ។ ដោយសារ​នាង​មាន​ភក្តី​ភាព​ស្មោះត្រង់​នឹង​ប្ដី​នាង មិន​ព្រម​ផិត​ក្បត់​តាម​ការ​គំរាម​របស់​ព្រះរាជា​នោះ នាង​ត្រូវ​ទទួល​ទារុណកម្ម​រហូត​បាត់​បង់​ជីវិត​ក្នុង​ព្រះរាជវាំង​ស្រីសន្ធរ នោះ​ទៅ។

ដោយ​មាន​កំហឹង​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ជិះ​ជាន់​អមនុស្សធម៌​របស់​ព្រះ​ រាមាធិបតី​ពញា​អន នេះ និង​ដើម្បី​សងសឹក​ជួស​ភរិយា​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ផង ពញាថី ក៏​បាន​រត់​ទៅ​ពឹង​បុណ្យ​សម្ដេច​ព្រះរាម​កែវ​ព្រះភ្លើង ដែល​មាន​ទីតាំង​នៅ​ភ្នំពេញ​ត្រង់​ភូមិ​មួយ​តាម​ដង​ទន្លេ​បាសាក់ ត្រង់​ចន្លោះ​វត្ត​ស្វាយពពែ និង​វត្ត​ថាន់ សព្វថ្ងៃ​នេះ ឲ្យ​ជួយ​យក​អសារ។

ឆ្លៀត​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​វស្សា​ព្រះមហាក្សត្រ​ព្រះ​បរម​រាជា​ រាមាធិបតី​ពញា​អន នោះ ពិសេស​ក្នុង​ពេល​យប់​ដែល​ស្ដេច​ផែនដី​អង្គ​នេះ​ត្រូវ​យាង​ចេញ​អុជ​កាំជ្រួច​ រន្ទ្រា​ផ្ទាល់​ព្រះហស្ដ​ព្រះអង្គ​នោះ ព្រះរាម​កែវ​ព្រះភ្លើង និង​ទ័ព​របស់​ខ្លួន ដែល​បាន​ទៅ​បង្កប់​ក្នុង​ពិធី​បុណ្យ​នោះ​ដែរ ក៏​វាយ​លុក​ធ្វើ​គត់​ពញា​អន ឲ្យ​សុគត​ក្នុង​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ក្នុង​ឆ្នាំ​១៦០០ នៃ​គ្រិស្ដសករាជ​នោះ​ទៅ។

គ.១៤ សម្ដេច​ព្រះ​កែវ​ហ្វាពញា​ញោម (ឆ្នាំ​១៦០០-ឆ្នាំ​១៦០៣)

ក្រោយ​ពី​ព្រះ​បរម​រាជា​រាមាធិបតី​ពញា​អន ដែល​បាន​រំលោភ​លើ​ភរិយា​ពញាថី ជា​មេ​ស្រុក​ព្រែក​តាមាក់ រួច​ត្រូវ​ព្រះរាម​កែវ​ព្រះភ្លើង និង​ស្ម័គ្រ​បក្ខពួក​វាយ​លុក​សុគត​ទៅ ព្រះរាជវង្សានុវង្ស​ព្រះរាជា គណៈ​សង្ឃ ព្រាហ្មណ៍​បុរោហិត នាម៉ឺន​សព្វ​មុខ​មន្ត្រី ពិសេស​គឺ​ព្រះ​ទេវី​ក្សត្រី ដែល​ជា​ព្រះ​រាជបុត្រី​របស់​ព្រះចន្ទ​រាជា ហើយ​ត្រូវ​ជា​ព្រះ​អយ្យកា គឺ​ជីដូន ក៏​ថ្វាយ​រាជ្យ​សម្បត្តិ​ទៅ​ពញា​ញោម ជា​ព្រះរាជបុត្រ​ពៅ​របស់​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា ឲ្យ​សោយរាជ្យ​ស្នង​នៅ​រាជធានី​ស្រីសន្ធរ ដដែល ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា សម្ដេច​ព្រះ​កែវ​ហ្វាពញាញោម។ ដល់​ឆ្នាំ​១៦០១ ព្រះអង្គ​បាន​លើក​រាជធានី​ពី​ស្រីសន្ធរ មក​តាំង​នៅ​ចតុមុខ គឺ​ភ្នំពេញ​វិញ។

សម្ដេច​ព្រះ​កែវ​ហ្វាពញាញោម នេះ ក៏ដូចជា​ស្ដេច​ខ្មែរ​ពីរ​បី​អង្គ​ដែល​សោយរាជ្យ​មុន​ព្រះអង្គ​ដូច្នោះ​ដែរ គឺ​មិន​សូវ​យក​ព្រះទ័យ​ទុក​ដាក់​នឹង​កិច្ចការ​ប្រទេស​ជាតិ ឬ​សុខ​ទុក្ខ​របស់​រាស្ត្រ​ព្រះអង្គ​ឡើយ។

ឯកសារ​ព្រះរាជពង្សាវតារ​មហា​បុរស​ខ្មែរ​ថា ព្រះអង្គ​ពុំ​សូវ​យក​ព្រះទ័យ​ទុក​ដាក់​នឹង​កិច្ចការ​ផែនដី​ឡើយ គឺ​ទ្រង់​សព្វ​ព្រះទ័យ​តែ​នឹង​បណ្ដើរ​ឆ្កែ គង់​សេះ ដេញ​សត្វ ចាក់​ជង់​បង្កាត់ ទាក់​ក្រួច ទាក់​ទទា មាន់​ព្រៃ និង​លលក​ជា​ធម្មតា។ ទ្រង់​នាំ​ក្រុម​បណ្ដា​ជា​ខ្ញុំ​ប្រពាត​ព្រៃ បៀតបៀន​កូន​ប្រពន្ធ​មន្ត្រី​រាស្ត្រ​ជានិច្ចកាល។ អាស្រ័យ​ដោយ​អំពើ​មិន​ល្អ​នេះ​ហើយ ទើប​កើត​មាន​សេចក្តី​ក្តៅ​ក្រហាយ​ក្នុង​ព្រះ​នគរ​ជា​ខ្លាំង​ណាស់។ កើត​មាន​ចោរ​លួច​ចោរ​ប្លន់​មនុស្ស​ចាប់​គ្នា​លក់​ក្នុង​ព្រះ​នគរ​ដូច​សត្វ​ តិរច្ឆាន។

ដោយ​អស់​សង្ឃឹម​ថា​នឹង​ស្វែងរក​បាន​ព្រះរាជា ដែល​ទ្រង់​ប្រកប​ដោយ​ទសពិធរាជធម៌ គិត​ពី​វាសនា​ប្រទេស​ជាតិ និង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ទុក្ខ​សោក​របស់​ប្រជារាស្ត្រ ព្រះ​ទេវី​ក្សត្រី ដែល​ត្រូវ​ជា​ព្រះ​មាតុច្ឆា គឺ​ម្តាយ​មីង ក៏​ជំនុំ​អស់​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ព្រះរាជា​គណៈ​សង្ឃ ធ្វើ​សារ​លិខិត​ទៅ​ថ្វាយ​ព្រះចៅ​សៀម គឺ​ព្រះ​ពុទ្ធិ​ចៅ​នរេនសូរ សុំ​ឲ្យ​ព្រះ​សុរិយោពណ៌ ជា​ក្មួយ ដែល​ព្រះ​ចៅ​សៀម ទ្រង់​ចាប់​យក​ទៅ​កាល​សៀម វាយ​បែក​ក្រុង​លង្វែក នៅ​ឆ្នាំ​១៥៩៣ នោះ ឲ្យ​បាន​វិល​ត្រឡប់​មក​ប្រទេស​វិញ ដើម្បី​សោយរាជ្យ​សម្បត្តិ​ក្នុង​ព្រះ​នគរ និង​អាល​ឲ្យ​សមណៈ​ជា​ព្រាហ្មណ៍​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​រាស្ត្រ​ប្រជា​បាន​សុខ​សាន្ត​ត​ទៅ។

ព្រះ​នរេនសូរ ព្រះ​ចៅ​សៀម ក៏​ទ្រង់​យល់​ព្រម​អនុញ្ញាត​ឲ្យ​ព្រះ​ស្រីសុរិយោពណ៌ ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ​តាម​ការ​ស្នើសុំ។ ប៉ុន្តែ​ទ្រង់​បង្ខាំង​ទុក​ព្រះរាជបុត្រ​ច្បង​របស់​ព្រះអង្គ​នាម​ជ័យជេដ្ឋា ឲ្យ​គង់​នៅ​ស្រុក​សៀម នោះ​ត​ទៅ​ទៀត​សិន។

ដោយ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ទ័ព​ព្រះ​ចៅ​នរេនសូរ ស្ដេច​សៀម ផង ព្រះ​ស្រីសុរិយោពណ៌ ទ្រង់​យាង​មក​ដល់​ស្រុក​ខ្មែរ​ក្នុង​ឆ្នាំ​១៦០១។ ឯ​ឯកសារ​ខ្លះ​ថា ឆ្នាំ​១៦០៣ នៃ​គ្រិស្ដសករាជ។

ចំណែក​ព្រះ​កែវ​ហ្វាពញាញោម ដែល​ត្រូវ​ដក​ចេញ​ពី​រាជបល្ល័ង្ក មាន​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ក៏​នាំ​ពួក​មន្ត្រី​ឡែឡ​របស់​ខ្លួន​ទៅ​បំបះ​បក្ខពួក​បាន​មួយ​ចំនួន ក្រោក​បះបោរ​ប្រឆាំង​ច្បាំង​នឹង​ព្រះ​ស្រីសុរិយោពណ៌ ជា​ឪពុកមា។ តែ​ទីបំផុត ព្រះ​ចៅ​ហ្វា​ពញាញោម ក៏​ត្រូវ​កងទ័ព​ខាង​ព្រះ​ស្រីសុរិយោពណ៌ ចាប់​បាន ហើយ​ធ្វើ​គត់​ព្រះអង្គ​ទៅ​នៅ​ឆ្នាំ​១៦០៣ នៃ​គ្រិស្តសករាជ៕
 ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង

ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!