Friday, June 12, 2015

ព្រះ​បរម​រាជា​រាមាធិបតី​ពញាតន់ និង​ឥទ្ធិពល​សាសនា​គ្រិស្ដ (ភាគ​៣៧)

នៅ​ចុង​សតវត្ស​ទី​១៦ ដោយ​ត្រូវ​ការ​ជំនួយ​ផ្នែក​សឹក​ពី​ពួក​អេស្ប៉ាញ ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ ព្រះបាទ​ពញាតន់ ទ្រង់​បាន​យល់ព្រម​ឲ្យ​ពួក​នេះ​បញ្ជូន​អ្នក​ផ្សាយ​សាសនា​គ្រិស្ត មក​ជួយ​បំបួស​រាស្ត្រ​ខ្មែរ​ឲ្យ​កាន់​សាសនា​នេះ​ផង។

ក៏ប៉ុន្តែ ក្រុម​អ្នក​បំបួស​ដែល​គេ​បញ្ជូន​តាម​កប៉ាល់​ពី​ប្រទេស​ហ្វីលីពីន ត្រូវ​ខ្យល់​ព្យុះ​បោក​បក់​ធ្វើ​ឲ្យ​វង្វេង​ផ្លូវ​មិន​បាន​មក​ដល់​កម្ពុជា ឡើយ។ ដូច្នេះ​ហើយ បាន​ជា​កម្ពុជា មិន​បាន​ទទួល​ឥទ្ធិពល​សាសនា​គ្រិស្ត​ទូលំទូលាយ​ដូច​ដែល​គេ​ប៉ុនប៉ង​នោះ​ឡើយ។

ជា​បន្ត​ទៅ​ទៀត​នេះ សូម​រៀបរាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ ក្នុង​រាជ្យ​ព្រះ​បរម​រាជា​រាមាធិបតី​ពញាតន់ ដូច​ត​ទៅ៖

គ.១២ ព្រះ​បរម​រាជា​រាមាធិបតី​ពញាតន់ (ឆ្នាំ​១៥៩៦-ឆ្នាំ​១៥៩៩)

ក្រោយ​ពី​ធ្វើ​គត់​ព្រះ​រាមា​ជើង​ព្រៃ បាន​ហើយ វេឡូសូ និង​ស្ម័គ្រ​ពួក​បាន​ធ្វើ​ដំណើរ​ទៅ​តាម​រក​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា និង​ព្រះញាតិវង្ស​របស់​ព្រះអង្គ។ ដោយ​ព្រះសត្ថា ក៏​សុគត ហើយ​ព្រះ​ជ័យ​ជេដ្ឋា ជា​ព្រះរាជបុត្រ​ច្បង​ក៏​សុគត​ទៅ​ទៀត វេឡូសូ ក៏​យាង​ព្រះអង្គ​តន់ ដែល​ជា​ព្រះរាជបុត្រ​កណ្ដាល​របស់​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា នោះ ពី​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវឡានឆាង អោយ​មក​សោយរាជ្យ​នៅ​ស្រីសន្ធរ ដោយ​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជឱង្ការ​បរម​រាមាធិបតី។

ព្រះ​បរម​រាមាធិបតី​ពញាតន់ ទ្រង់​ត្រេកអរ​ណាស់​នឹង​បាន​ទទួល​រាជ្យសម្បត្តិ​នេះ។ ដើម្បី​ជា​កិច្ច​តប​ស្នង​សង​គុណ​ចំពោះ លោក វេឡូសូ និង​លោក រ្វីស ដែល​បាន​ជួយ​ព្រះអង្គ​នោះ ព្រះអង្គ​ទ្រង់​បាន​តែង​តាំង លោក វេឡូសូ ឲ្យ​ឡើង​ជា​ស្ដេចត្រាញ់​ខេត្ត​ត្បូងឃ្មុំ ឯកសារ​ខ្លះ​ថា​បាណាម បាភ្នំ ហើយ​តែង​តាំង លោក រ្វីស ឲ្យ​ជា​ស្ដេចត្រាញ់​នៅ​ខេត្ត​ទ្រាំង។

ដោយសារ​មាន​ការ​មិន​សប្បាយ​ចិត្ត​នឹង​ព្រះរាជា​ពញាតន់ ដែល​ទ្រង់​លើក​ជន​បរទេស​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួតត្រា​លើ​ប្រជារាស្ត្រ​ខ្លួន​ ដូច្នោះ ពួក​ចាម​ជ្វា នៅ​ខេត្ត​ត្បូងឃ្មុំ ក្រោម​ការ​ដឹក​នាំ​របស់ ប៉ោរ៉ាក់ និង​លាក់ស្មើណា ក៏​បាន​បះបោរ​ឡើង។ ប៉ុន្តែ​ព្រះ​រាមាធិបតី​ពញាតន់ បាន​បញ្ជា​ឲ្យ លោក វេឡូសូ និង​លោក រ្វីស វាយ​បង្ក្រាប​ឲ្យ​រាប​ទាប​ទៅ​វិញ​បាន។ ឯកសារ​ខ្លះ​បញ្ជាក់​ថា ព្រះ​រាមាធិបតី​ពញាតន់ ក៏​ទ្រង់​មាន​ព្រះទ័យ​ដូច​ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា ជា​បិតា​ព្រះអង្គ​ដូច្នោះ​ដែរ គឺ​ថា​ដើម្បី​ពង្រឹង​អំណាច​របស់​ព្រះអង្គ និង​ការ​ចង់​គេច​ឲ្យ​ផុត​ពី​ការ​គាប​សង្កត់​របស់​សៀម ផង ព្រះអង្គ​បាន​ខិតខំ​ផ្ញើ​សារ​លិខិត​ទៅ​ទាក់ទង​ជាមួយ​ពួក​អេស្ប៉ាញ៉ុល នៅ​ទីក្រុង​ម៉ានីល ដើម្បី​ឲ្យ​ជួយ​បញ្ជូន​កម្លាំង​ទ័ព និង​អ្នក​ផ្សាយ​សាសនា​គ្រិស្ត​មក​កម្ពុជា ដោយ​ទ្រង់​សន្យា​ថា​នឹង​ជួយ​សង់​ព្រះវិហារ​គ្រិស្ត និង​ទ្រង់​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​សាសនា​គ្រិស្ត​តាម​ជំនឿ​របស់​ ខ្លួន​ផង។

ប៉ុន្តែ​ការ​ខំ​ប្រឹងប្រែង​ធ្វើ​ទំនាក់ទំនង​របស់​ព្រះអង្គ​នោះ មិន​បាន​លទ្ធផល​ល្អ​ទេ ពិត​មែន​តែ​គេ​ឃើញ​បព្វជិត​គ្រិស្ត​សាសនា​ខ្លះ​បាន​មក​ដល់​កម្ពុជា តែ​ពួក​នេះ​ឋិត​ក្នុង​ភាព​មិន​សូវ​នឹងនរ​ឡើយ។ ម៉្យាង​ទៀត ថ្វី​ត្បិត​តែ​នៅ​ឆ្នាំ​១៥៩៨ លោក ល្វីស ប៉េរេ ដាស្មារីណា (Luis Perez Dasmarinas) បាន​ខំ​ដឹក​នាំ​ទាហាន​អេស្ប៉ាញ៉ុល ចំនួន ២០០​នាក់ និង​អ្នក​ផ្សាយ​សាសនា​មួយ​ចំនួន​ធ្វើ​ដំណើរ​តាម​នាវា​តម្រង់​មក​កម្ពុជា តាម​ការ​ស្នើសុំ​ក្តី តែ​ជា​អកុសល នាវា​នោះ​ត្រូវ​វង្វេង​ផ្លូវ​ដោយ​ប៉ះ​នឹង​មហា​ព្យុះ​សង្ឃរា​បក់​បោក​ឲ្យ​ទៅ​ ទើរ​នៅ​ជិត​ខេត្ត​កង់តុង ប្រទេស​ចិន ឯណោះ​ទៅ​វិញ។ ឯ​ជន​ដែល​នៅ​រស់​រាន​មាន​ជីវិត ត្រូវ​ត្រឡប់​ទៅ​ក្រុង​ម៉ានីល វិញ​តាម​ម៉ាកាវ (Macao) ដោយ​មិន​ទាំង​បាន​ឃើញ​ឆ្នេរ​សមុទ្រ​របស់​ខ្មែរ​ផង។
ក្រោយ​នោះ កប៉ាល់​មួយ​ដែល​មាន​បេសកកម្ម​ស្វែងរក​ជន​រងគ្រោះ​ដែល​ដឹក​នាំ​ទាហាន និង​បព្វជិត​ខ្លះ បាន​មក​ដល់​ទន្លេ​ចតុមុខ​នៅ​គ្រិស្ដសករាជ​១៥៩៩។ ពេល​នោះ ជម្លោះ​មួយ​បាន​កើត​មាន​ឡើង​រវាង​ពួក​នាវិក​អេស្ប៉ាញ៉ុល និង​ពួក​ជ្វា។ ព្រះរាជា​ទ្រង់​បញ្ជា​ឲ្យ លោក វេឡូសូ និង​លោក រ្វីស ដែល​ធ្លាប់​បាន​ទទួល​ជ័យជម្នះ​ម្តង​ហើយ​លើ​ការ​បះបោរ​របស់​ចាម​ជ្វា នោះ ទៅ​ធ្វើ​អន្តរាគមន៍។ ប៉ុន្តែ​លើក​នេះ លោក​ទាំង​ពីរ​ត្រូវ​ពួក​បះបោរ​សម្លាប់​បាន​ទាំង​ពីរ​នាក់ នៅ​ក្នុង​សមរភូមិ​ចតុមុខ​នោះ​ទៅ។

ព្រះ​រាមាធិបតី​ពញាតន់ ទ្រង់​បាន​ជ្រាប​ដំណឹង​នេះ ទ្រង់​ពិរោធ​ណាស់ ក៏​ទ្រង់​បាន​លើក​ទ័ព​ផ្ទាល់​ព្រះអង្គ​ចូល​ទៅ​សមរភូមិ ដើម្បី​សង​សឹក​ឲ្យ​អ្នក​ទាំង​ពីរ។ តែ​ទី​បំផុត ព្រះអង្គ​ក៏​ត្រូវ​ពួក​បះបោរ​វាយ​លុក ហើយ​ធ្វើ​គត់​ព្រះអង្គ​បាន​ទៅ​ទៀត​នៅ​ក្នុង​សមរភូមិ​នោះ ក្នុង​ព្រះជន្ម ២១​ព្រះវស្សា​នោះ​ទៅ។ ឯកសារ​ដទៃ​ទៀត បាន​រៀបរាប់​ពី​ការ​សុគត​របស់​ព្រះ​រាមាធិបតី​ពញាតន់ នេះ​ផ្សេង​ទៅ​វិញ។

ឯកសារ​ព្រះរាជពង្សាវតារ​មហា​បុរស​ខ្មែរ បាន​អធិប្បាយ​ថា ព្រះ​រាមាធិបតី​ពញាតន់ ជា​ស្ដេច​មិន​សូវ​យក​ព្រះទ័យ​ទុក​ដាក់​នឹង​កិច្ចការ​ផែន​ដី​ទេ ទ្រង់​បណ្តែតបណ្តោយ​តាម​តែ​សម្ដី​ពួក​មន្ត្រី​ដែល​ចូល​ចិត្ត​បំផ្លើស​បញ្ជោរ ​បញ្ចើចបញ្ចើ។ ពេល​ដែល​មាន​ការ​បះបោរ​របស់​ពួក​ចាម​ជ្វា ខេត្ត​ត្បូងឃ្មុំ នោះ ព្រះអង្គ​ទ្រង់​បាន​បញ្ជា​ទ័ព​ឲ្យ​ទៅ​វាយ​បង្ក្រាប។ តែ​ក្រោយ​មក ប៉ោរ៉ាក់ និង​លាក់ស្មើណា ដែល​ជា​អ្នក​ដឹក​នាំ​ការ​បះបោរ​នោះ បាន​ប្រើ​កលឧបាយ​ធ្វើ​ជា​សុំ​ចុះ​ចូល​ដោយ​លិខិត​សុំ​សារភាព​ទោស​នឹង​ ព្រះអង្គ។ ព្រះអង្គ​ទ្រង់​យល់ព្រម។ ប៉ោរ៉ាក់ និង​លាក់ស្មើណា បាន​បញ្ជា​ឲ្យ​សង់​ព្រះពន្លា​យ៉ាង​ល្អ​ប្រណិត​ចំនួន ១៥​ខ្នង​នៅ​ពោធិ៍​ជើង​ខាល ដើម្បី​ទទួល​ព្រះរាជា និង​ជា​ទីកន្លែង​សម្រាប់​នាំ​ពួក​ចាម​ជ្វា ជា​អ្នក​បះបោរ​ទាំងអស់ មក​ក្រាប​គាល់​លន់​តួ​ទោស​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះរាជា​ផង។

នៅ​ក្នុង​កម្មវិធី​សារភាព​ទោស​កំហុស​នេះ គេ​មាន​រៀបចំ​ពិធី​ជប់លៀង​មួយ​យ៉ាង​ធំ ព្រម​ដោយ​មហោស្រព​ល្បែង​របាំ​ច្រើន​ប្រភេទ​យ៉ាង​គគ្រឹកគគ្រេង​ផង។ ពេល​ដែល​សង្កេត​ឃើញ​ថា កងទ័ព​ព្រះរាជា​ជាច្រើន​ផឹក​ស្រា​ស្រវឹង​ងប់ងុល​ហើយ ហើយ​មួយ​ចំនួន​ធំ​ទៀត​កំពុង​តែ​ជក់​ចិត្ត​ដើរ​មើល​ល្បែង​របាំ​ភ្លេច​ខ្លួន​ ក្នុង​ពិធី​បុណ្យ​នោះ ប៉ោរ៉ាក់ និង​លាក់ស្មើណា ក៏​ឲ្យ​សញ្ញា​ជា​បញ្ជា​ដល់​បក្ខពួក​របស់​ខ្លួន វាយ​លុក​ធ្វើ​គត់​ព្រះ​បរម​រាជា​រាមាធិបតី​ពញាតន់ សុគត​ក្នុង​ព្រះពន្លា​ពោធិ៍​ជើង​ខាល ក្នុង​ឱកាស​នោះ​ទៅ។ ឯ ប៉ោរ៉ាក់ និង​លាក់ស្មើណា ក៏​ត្រូវ​ស្លាប់​ដោយ​ស្នាដៃ​រាជ​អង្គរក្ស​របស់​ព្រះអង្គ​ក្នុង​ពេល​ជាមួយ​ គ្នា​នោះ​ដែរ៕

 ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!