Friday, June 12, 2015

រាជ្យ​ទី​ពីរ​និង​ទី​បី​របស់​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ និង​សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម (ភាគ​៤៧)


នៅ​ចុង​សតវត្ស​ទី​១៧ ក្នុង​រាជ្យ​លើក​ទី​ពីរ​របស់​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ មន្ត្រី​ខ្មែរ​មួយ​រូប​បាន​ទៅ​ចូល​ដៃ​ជាមួយ​ស្ដេច​យួន​អណ្ណាម​កុក ហើយ​លើក​ទ័ព​យួន មក​វាយ​ប្រទេស​ខ្លួន​វិញ។ ថ្វី​ត្បិត​តែ​ទីបំផុត ទ័ព​ខ្មែរ​វាយ​បង្ក្រាប​ទ័ព​យួន បាន​ក្តី ប៉ុន្តែ​ពួក​យួន ដែល​ចាញ់​សង្គ្រាម មិន​វិល​ត្រឡប់​ទៅ​ស្រុក​យួន វិញ​ទេ ហើយ​ពួក​គេ​ក្រាញ​រស់នៅ​លើ​ទឹក​ដី​ខ្មែរ​តែ​ម្តង។

ជា​បន្ត​ទៅ​ទៀត​នេះ សូម​រៀបរាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​នា​ដំណាក់​កាល​នោះ ក្នុង​រាជ្យ​ទី​២ និង​ទី​បី​របស់​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ និង​សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម ដូច​ត​ទៅ៖

គ.២៤-២ ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ (ឆ្នាំ​១៦៩៦-ឆ្នាំ​១៦៩៩ រាជ្យ​លើក​ទី​២)

ក្រោយ​ពី​ព្រះ​នារាយណ៍​រាមា​ធិបតី​ព្រះអង្គ​យ៉ង សោយ​ទិវង្គត​ទៅ នាម៉ឺន​សព្វមុខ​មន្ត្រី ព្រះរាជវង្សានុវង្ស បាន​ទៅ​យាង​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ដែល​ទ្រង់​បាន​លាចាក​សិក្ខាបទ ហើយ​គង់​ប្រថាប់​ឯ​ពន្លា​ភាក់​ទួល​លៀប ជិត​វត្ត​ព្រៃពួន នោះ ឲ្យ​មក​សោយរាជ្យ​វិញ។ ព្រះអង្គ​ក៏​ទ្រង់​យល់ព្រម ហើយ​យាង​ត្រឡប់​មក​សោយរាជ្យ​ជា​លើក​ទី​២ នៅ​រាជធានី​ឧដុង្គមានជ័យ នៅ​គ.ស ១៦៩៦។

នៅ​គ.ស ១៦៩៧ ដោយ​ចង់​ចៀសវាង​សង្គ្រាម​ដែល​កើត​ឡើង​ដោយសារ​ខ្មែរ​ទៅ​ពឹង​បរទេស​នោះ ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ទ្រង់​បាន​ធ្វើ​ចុតហ្មាយ និង​បញ្ជូន​គ្រឿង​បណ្ណាការ​ជាច្រើន​ទៅ​ថ្វាយ​ស្ដេច​យួន ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​អឹម ដែល​ជា​ព្រះរាជបុត្រ​របស់​ព្រះអង្គ​នន់ ដែល​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​នឹង​ស្ដេច​យួន នោះ បាន​វិល​ត្រឡប់​ពី​ស្រុក​យួន មក​វិញ។ ព្រះចៅ​អណ្ណាម​កុក​ស្ដេច​យួន ក៏​ទ្រង់​យល់ព្រម។

ពេល​ដែល​ព្រះអង្គ​អឹម ត្រឡប់​មក​ពី​ស្រុក​យួន វិញ​ហើយ ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ទ្រង់​សព្វ​ព្រះរាជហឫទ័យ​ណាស់ ទ្រង់​លើក​ព្រះអង្គ​អឹម នេះ​ឲ្យ​ជា​សម្ដេច​ព្រះ​កែវ​ហ្វា ហើយ​ទ្រង់​លើក​ព្រះរាជ​បុត្រី​ព្រះអង្គ​ព្រះនាម​សម្ដេច​ព្រះ​មហាក្សត្រី ថ្វាយ​ជា​ព្រះរាជ​មហេសី​ថែម​ទៀត​ផង។

នៅ​ឆ្នាំ​១៦៩៩ មាន​មន្ត្រី​ម្នាក់​ឈ្មោះ​ឧកញ៉ា នរេន្ទ្រ​អឹម (ជា​កូន​ខ្មោច​ឧកញ៉ា​មហា​សេនា​ម៉ិញ) ជា​មន្ត្រី​ទុច្ចរិត​ចូល​ចិត្ត​ញុះញង់​បំបែក​បំបាក់ ហើយ​មិន​សូវ​កោត​ខ្លាច​ព្រះ​ចេស្ដា​ស្ដេច​ផែនដី​ផង។ ព្រះរាជា​ទ្រង់​ស្ដី​បន្ទោស​ទូន្មាន​ប្រៀន​ប្រដៅ​កុំ​ឲ្យ​ប្រព្រឹត្ត​ អាក្រក់​ត​ទៅ​ទៀត។ មន្ត្រី​រូប​នោះ​នឹក​ខ្មាស​ពួក​ស្នំ​ដែល​ដឹង​រឿង​ខ្លួន ក៏​ដើរ​កល​ឧបាយ​ក្បត់​ធ្វើ​ពុត​ជា​ឈឺ ថ្វាយ​ត្រា​លា​ងារ​ពី​រាជការ ហើយ​ទៅ​ធ្វើ​ជំនួញ​ដល់​ស្រុក​យួន រួច​និយាយ​ញុះញង់​មន្ត្រី​យួន ថា ស្ដេច​ខ្មែរ​មិន​ប្រកប​ដោយ​ធម៌ ហើយ​យក​សៀម ធ្វើ​ជា​មិត្ត គិត​ព្រួត​គ្នា​វាយ​យួន។

ស្ដេច​យួន ដែល​តែង​តែ​រក​លេស​នឹង​ទន្ទ្រាន​យក​ដី​ខ្មែរ​ផង ក៏​ចាត់​កម្លាំង​ទ័ព ៤​ម៉ឺន​នាក់​ឲ្យ​មេ​ទ័ព​យួន និង​ឧកញ៉ា នរេន្ទ្រ​អឹម នាំ​ឡើង​មក​វាយ​ស្រុក​ខ្មែរ។ ទ័ព​នេះ​ឡើង​រហូត​ដល់​បឹង​ទន្លេសាប។ ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ជ្រាប​ដូច្នោះ ក៏​ទ្រង់​ថយ​ព្រះអង្គ​ទៅ​គង់​នៅ​ខេត្ត​ពោធិ៍សាត់ ទុក​ទ័ព​ដែល​មាន​ថ្វីដៃ​ប្រយុទ្ធ ៥​ពាន់​នាក់ ឲ្យ​នៅ​ថែ​រក្សា​រាជធានី​ឧដុង្គ។

ក្រោយ​មក ព្រះអង្គ​ទ្រង់​កេណ្ឌ​ទ័ព​បាន​ចំនួន ៥​ម៉ឺន​នាក់ ហើយ​ចែក​ជា​ពីរ​កង គឺ​កង​ជើង​គោក​ស្ថិត​ក្រោម​បញ្ជាការ​ព្រះ​ធម្ម​រាជា ជា​ព្រះរាជបុត្រ​របស់​ព្រះអង្គ និង​ទ័ព​ជើង​ទឹក ស្ថិត​ក្រោម​បញ្ជាការ​សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម ជា​ព្រះ​ភាគិនេយ្យា​ផង និង​ត្រូវ​ជា​ព្រះ​សុណិសា​របស់​ព្រះអង្គ​ផង។ ទ័ព​ខ្មែរ​ទាំង​ពីរ​កង​នេះ បាន​លើក​ទៅ​ប្រសព្វ​គ្នា​នៅ​កំពង់ឆ្នាំង រួច​វាយ​សន្ធាប់​ទ័ព​យួន ឲ្យ​បាក់​បរាជ័យ ហើយ​ដក​ថយ​តាម​ទន្លេ​មេគង្គ​ត្រឡប់​ទៅ​វិញ។ ឯ​ឧកញ៉ា នរេន្ទ្រ​អឹម ជា​មន្ត្រី​ក្បត់ ត្រូវ​គេ​ចាប់​ខ្លួន​បាន ហើយ​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត​បង់។ ចំណែក​ទ័ព​យួន ដែល​បាក់​ទៅ​នេះ មិន​ព្រម​ត្រឡប់​ទៅ​ស្រុក​យួន វិញ​ទេ ពួក​គេ​បែរ​ជា​ក្រាញ​នៅ​ក្នុង​ដី​ខ្មែរ​ត្រង់​ព្រៃ​គរ ព្រៃនគរ​សព្វថ្ងៃ កំពង់​ស្រកាត្រី និង​បារៀ ហើយ​ស្ដេច​យួន ក៏​បាន​បញ្ជា​ឲ្យ​រៀបចំ​ទឹក​ដី​ខ្មែរ​ត្រង់​តំបន់​នោះ យក​ជា​កម្មសិទ្ធិ​របស់​គេ ហើយ​ប្រមូល​ប្រជាជន​យួន​ភាគ​ខាង​លើ​ពី​ក្វាងប៊ិញ ឲ្យ​មក​តាំង​លំនៅ​លើ​ទឹក​ដី​ថ្មី​នេះ​ផង។

ឯ​ខាង​ជនជាតិ​ចិន ដែល​មាន​ចំនួន​កើន​កាន់​តែ​ច្រើន​ឡើងៗ​នោះ ត្រូវ​ស្ដេច​យួន តម្រូវ​ឲ្យ​ចូល​សញ្ជាតិ​យួន ទាំងអស់។ ចាប់​ពី​ពេល​នោះ​មក យួន បាន​កាន់​កាប់​តំបន់​ខាង​លើ​នេះ​ជា​ផ្លូវ​ការ ដោយ​មាន​ទីបញ្ជាការ​ធំ​នៅ​ព្រៃ​គរ គឺ​ព្រៃនគរ​សព្វថ្ងៃ។ ចំណែក​ខាង​ដី​ខ្មែរ​ភាគ​ខាង​ក្រោម​ទៀត គឺ​ត្រង់​ខេត្ត​មេស ក៏​យួន បាន​ដាក់​អំណាច​ត្រួតត្រា​រួច​ហើយ​ដែរ តែ​នៅ​ក្រៅ​ផ្លូវ​ការ​នៅ​ឡើយ។

នៅ​ដំណាច់​ឆ្នាំ​១៦៩៩ ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ បាន​បញ្ចប់​រាជ្យ​លើក​ទី​ពីរ​របស់​ព្រះអង្គ ដោយ​ព្រះអង្គ​បាន​ដាក់​រាជ្យ ហើយ​បង្វែរ​រាជ្យ​សម្បត្តិ​នេះ​ថ្វាយ​ទៅ​ព្រះ​កែវ​ហ្វា​អង្គ​អឹម ជា​បុត្រ​ប្រសា​របស់​ព្រះអង្គ​ដែល​មាន​ស្នាព្រះហស្ត​បាន​វាយ​ឈ្នះ​ទ័ព​យួន ហើយ​បាន​ទាំង​ចាប់​ឧកញ៉ា នរេន្ទ្រ​អឹម ដែល​ជា​មន្ត្រី​ក្បត់​នោះ​ផង។

គ.២៦-១ សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម (ឆ្នាំ​១៦៩៩-ឆ្នាំ​១៧០១ រាជ្យ​លើក​ទី​១)

សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម ជា​ព្រះរាជបុត្រ​របស់​ព្រះ​មហា​ឧបយោរាជ​អង្គ​នន់ ព្រះអង្គ​ទ្រង់​ឡើង​គ្រងរាជ្យ​សម្បត្តិ​បន្ត​ពី​ព្រះស្ថរ្សោ គឺ​បិតា​ក្មេក​នៅ​ព្រះរាជវាំង​ភាក់ ខេត្ត​ពោធិ៍សាត់ ទ្រង់​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​កែវ​ហ្វា​បរមបពិត្រ។ ខ្លះ​ហៅ​ថា​ព្រះអង្គ​អឹម​ទី​មួយ។

ចំណែក​ខាង​ព្រះស្ថរ្សោ គឺ​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ វិញ ពេល​នោះ​ព្រះអង្គ​ទ្រង់​យាង​ទៅ​សាង​ផ្នួស​នៅ​វត្ត​ពោធិ៍​មាន​បុណ្យ បាន​បី​ថ្ងៃ ក៏​លា​ចាក​សិក្ខាបទ​មក​វិញ ហើយ​មក​គង់​នៅ​វាំង​ភាក់ ក្នុង​ខេត្ត​ពោធិ៍សាត់ នោះ​ដែរ។

ព្រះបាទ​សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម ទ្រង់​សោយរាជ្យ​សម្បត្តិ​បាន​តែ​ប្រមាណ​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ទ្រង់​ឈ្វេង​យល់​ថា ព្រះបិតា​ក្មេក​ទ្រង់​មាន​ព្រះ​គុណ​លើ​រូប​ព្រះអង្គ ព្រះអង្គ​ក៏​ថ្វាយ​រាជ្យ​សម្បត្តិ​នោះ​ទៅ​ព្រះ​បិតា​ក្មេក គឺ​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ វិញ។ ឯកសារ​ខ្លះ​ថា មក​ពី​ព្រះអង្គ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​ប្រទេស ទើប​ព្រះ​បិតា​ក្មេក​ទ្រង់​ដក​យក​រាជ្យ​សម្បត្តិ​មក​វិញ​នៅ​ឆ្នាំ​១៧០១ នៃ​គ.ស។

គ.២៤-៣ ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ (ឆ្នាំ​១៧០១-ឆ្នាំ​១៧០២ រាជ្យ​លើក​ទី​៣)

ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ព្រះអង្គ​ទ្រង់​បាន​ឡើង​សោយរាជ្យ​ជា​លើក​ទី​៣ បន្ទាប់​ពី​សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម ជា​ព្រះ​សុណិសា ទ្រង់​ថ្វាយ​រាជ្យ​មក​ព្រះអង្គ​វិញ​ប្រមាណ​ក្នុង​ឆ្នាំ​១៧០១ នៃ​គ.ស នៅ​រាជវាំង​ភាក់ ខេត្ត​ពោធិ៍សាត់។

ព្រះរាជ​ពង្សាវតារ​មហា​បុរស​ខ្មែរ​បាន​បញ្ជាក់​ថា នៅ​ក្នុង​រាជ្យ​ទី​បី​របស់​ព្រះអង្គ​នេះ ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ទ្រង់​ព្រះ​ចិន្តា​ថា ព្រះ​ស្រី​ធម្ម​រាជា ជា​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ទ្រង់​ចម្រើន​វ័យ​ធំ​ឡើង​ហើយ ឫកពា​កិរិយា​ក៏​សមរម្យ ព្រះអង្គ​ក៏​ទ្រង់​ត្រាស់​អនុញ្ញាត​បង្ហាត់​ឲ្យ​ព្រះរាជ​បុត្រា​ហាត់​បម្រុង ​ស្រដី​រាជការ​ផែនដី​ជំនួស​ព្រះអង្គ ដើម្បី​ឲ្យ​ស្ទាត់​ជំនាញ​ការ​ធ្ងន់​ស្រាល​នានា។ ឯកសារ​របស់ លោក ដូហ្វាំង មើនីញេ (Dauphin-Meunier) និង​លោក ត្រឹង ងា បាន​បន្ថែម​ថា ក្នុង​រាជ្យ​នោះ​មាន​ការ​បះបោរ​របស់​មន្ត្រី​ម្នាក់​ឈ្មោះ គឹម ដែល​មាន​យួន គាំទ្រ។ ដំបូង​ព្រះអង្គ​ត្រូវ​ភៀស​ទៅ​ពោធិ៍សាត់ ជាមួយ​បរិវារ ក្រោយ​មក​មាន​ជ័យ​ជម្នះ ហើយ​ចាប់​មេ​បះបោរ​ឈ្មោះ គឹម នោះ​បាន។ នៅ​ឆ្នាំ​១៧០២ នៃ​គ.ស ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ទ្រង់​ដាក់​រាជ្យ​សម្បត្តិ ហើយ​ប្រគល់​រាជ្យ​សម្បត្តិ​នេះ​ឲ្យ​ទៅ​ព្រះ​ធម្ម​រាជា ជា​ព្រះរាជ​បុត្រា​ព្រះអង្គ​សោយរាជ្យ​ជំនួស​វិញ៕

 ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!