ជាបន្តទៅទៀតនេះ សូមរៀបរាប់ជូននូវប្រវត្តិសាស្ត្រខ្មែរក្នុងរាជ្យលើកទីមួយរបស់ ព្រះស្រីធម្មរាជារាមាធិបតី និងរាជ្យលើកទី៤ របស់ព្រះជ័យចេស្ដាអង្គស៊ូ៖
គ.២៧-១ ព្រះស្រីធម្មរាជារាមាធិបតី (ឆ្នាំ១៧០២-ឆ្នាំ១៧០៣ ឬឆ្នាំ១៧០៦ រាជ្យលើកទី១)
ព្រះជ័យចេស្ដាអង្គស៊ូ បានបញ្ចប់រាជ្យទី៣របស់ព្រះអង្គដោយដាក់រាជ្យ ហើយបង្វែររាជ្យនោះមកឲ្យព្រះស្រីធម្មរាជ ជាព្រះរាជបុត្រារបស់ព្រះអង្គដែលមានព្រះជន្មប្រមាណ ១២ ឬ ១៣ព្រះវស្សា ឲ្យឡើងសោយរាជ្យស្នងនៅព្រះរាជវាំងភាក់ខេត្តពោធិ៍សាត់ ដែលមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះស្រីធម្មរាជារាមាធិបតី។
ក្នុងរាជ្យកាលលើកទី១របស់ព្រះបាទស្រីធម្មរាជារាមាធិបតី នេះ មានការបះបោររបស់ពួកសំរែ ដឹកនាំដោយមេម្នាក់ឈ្មោះ កៈហៀង នៅស្រុកកូឡូប៉ា ចុងខេត្តពោធិ៍សាត់ ដែលបះតាំងខ្លួនជាស្ដេចបង្កបានស្ម័គ្របក្ខពួកជាច្រើន។
ព្រះស្រីធម្មរាជារាមាធិបតី បានបញ្ជាឲ្យមន្ត្រីមេទ័ពរបស់ព្រះអង្គ លើកទ័ពទៅវាយបង្ក្រាបពួកបះបោរទាំងនោះរហូតបានជ័យជម្នះ រៀបរយស្រុកឲ្យមានសណ្ដាប់ធ្នាប់ល្អឡើងវិញ។ ចំណែកខាង កៈហៀង ជនជាតិសំរែ ដែលជាមេបះបោរ ហើយតាំងខ្លួនជាស្ដេចនោះត្រូវចាប់ខ្លួនបាន ហើយត្រូវដាក់ទោសប្រហារជីវិតបង់។ ឯស្ម័គ្របក្ខពួករួមគំនិតក្បត់ទាំងប៉ុន្មាន ត្រូវព្រះបាទស្រីធម្មរាជារាមាធិបតី បញ្ចូលជាពលរក្សាប្រាសាទមហានគរវត្តទាំងអស់។ នៅឆ្នាំ១៧០៣ ព្រះស្រីធម្មរាជារាមាធិបតី ទ្រង់បាននាំព្រះរាជវង្សានុវង្ស សេនាមុខមន្ត្រីយាងចេញពីព្រះរាជវាំងភាក់ខេត្តពោធិ៍សាត់ មកគង់នៅរាជវាំងក្នុងរាជធានីឧដុង្គមានជ័យ វិញ។
ក្នុងរាជ្យលើកទី១ របស់ព្រះស្រីធម្មរាជារាមាធិបតី នេះ បើតាមឯកសារ លោក ដូហ្វាំង មើនីញេ (Dauphin Meunier) និងលោក ត្រឹង ងា បាននិយាយថា ព្រះអង្គទ្រង់សោយរាជ្យបានតែមួយឆ្នាំ ក៏ទ្រង់បង្វែររាជ្យសម្បត្តិថ្វាយទៅព្រះរាជបិតាវិញ។ ប៉ុន្តែឯកសារព្រះរាជពង្សាវតារមហាបុរសខ្មែរ បានបញ្ជាក់ថា ព្រះអង្គសោយរាជ្យបាន ៤ឆ្នាំ ទើបព្រះស្រីធម្មរាជារាមាធិបតី ផ្ទេររាជ្យសម្បត្តិថ្វាយទៅព្រះបិតា គឺព្រះជ័យចេស្ដាអង្គស៊ូ វិញ ដែលព្រះអង្គត្រូវឡើងសោយរាជ្យជាលើកទី៤។
គ.២៤-៤ ព្រះជ័យចេស្ដាអង្គស៊ូ (ឆ្នាំ១៧០៦ រាជ្យលើកទី៤)
ក្រោយពីព្រះស្រីធម្មរាជារាមាធិបតី បានដាក់រាជ្យទៅព្រះជ័យចេស្ដាអង្គស៊ូ ទ្រង់ឡើងសោយរាជ្យបន្តពីព្រះរាជបុត្ររបស់ព្រះអង្គ នៅរាជធានីឧដុង្គ ជារាជ្យលើកទី៤ និងនៅចុងក្រោយបង្អស់របស់ព្រះអង្គ។
នៅក្នុងរាជ្យចុងក្រោយរបស់ព្រះអង្គនេះ ប្រមាណឆ្នាំ១៧០៤ នៃគ.ស ព្រះរាជវង្សានុវង្សលាវមួយដែលត្រូវបានលាវមួយក្រុមទៀត បះបោរវាយដណ្ដើមរាជ្យសម្បត្តិ ហើយបង្កជាសង្គ្រាមផ្ទៃក្នុងតាំងពីឆ្នាំ១៧០០ មកនោះ បាននាំពួកបរិវារប្រមាណ ៥.០០០នាក់ ភៀសខ្លួនមកសុំជ្រកកោន និងព្រះរាជាខ្មែរ។
ព្រះជ័យចេស្ដាអង្គស៊ូ ទ្រង់អនុញ្ញាត ហើយចាត់ពួកលាវ ទាំងនោះ ឲ្យទៅរស់នៅក្នុងខេត្តបាទី គឺនៅជិតភូមិលាវ ចាស់ ដែលព្រះរាជាខ្មែរទ្រង់បានឲ្យទៅរស់នៅទីនោះតាំងពីសម័យលង្វែក មក។ បើតាមឯកសារព្រះរាជពង្សាវតារមហាបុរសខ្មែរ ព្រះជ័យចេស្ដាអង្គស៊ូ ជាព្រះរាជាមួយអង្គទ្រង់ប្រកបដោយទសពិធរាជធម៌។ ក្នុងរាជ្យរបស់ព្រះអង្គ ព្រះពុទ្ធសាសនាបានរីកចម្រើនយ៉ាងខ្លាំង។ ព្រះអង្គទ្រង់បានសាងអារាមពុទ្ធសាសនាជាច្រើន ដូចជា វត្តកណ្ដោលប្រាំតម្លឹង វត្តព្រៃពួន វត្តទួលឧជ្រឹង ឬវត្តទ្រនំជ្រឹង វត្តព្រៃរោង នៅកណ្ដាលស្ទឹងសព្វថ្ងៃ វត្តព្រះមហេសី នៅភូមិក្រាំងល្វា និងវត្តទួលព្រះស្រី ជាដើម។
ប៉ុន្តែឯកសារខ្លះ ដូចជា លោក ដូហ្វាំង មើនីញេ បាននិយាយថា ព្រះជ័យចេស្ដាអង្គស៊ូ ក្នុងរយៈកាលប្រមាណ ៣០ឆ្នាំនៃការគ្រងរាជ្យរបស់ព្រះអង្គ ព្រះអង្គបានធ្វើការកែទម្រង់ផ្នែករដ្ឋបាល និងតុលាការ ធ្វើឲ្យអំណាចព្រះរាជាចុះខ្សោយ ធ្វើឲ្យថមថយកិត្យានុភាពរាជបល្ល័ង្ក ជាទង្វើបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ឯករាជ្យជាតិ។
ការឡើងសោយរាជ្យ និងដាក់រាជ្យច្រើនលើកបន្តបន្ទាប់គ្នា លើកបន្តុបក្មួយ កូនប្រសា បុត្រាបង្កើតឲ្យឡើងសោយរាជ្យ រួចដកចេញមកវិញចុះឡើងៗ បណ្ដាលឲ្យមានការប្រណាំងប្រជែងគ្នា ច្រណែននិន្ទាគ្នា និងជាហេតុបណ្ដាលឲ្យកើតសង្គ្រាមរវាងគ្នាឯងក្នុងស្រុក និងបង្កលក្ខណៈឲ្យជនបរទេសឆ្លៀតលូកដៃជ្រៀតជ្រែកផ្ទៃក្នុងកិច្ចការ ខ្មែរឥតឈប់ឈរផងក្នុងកាលខាងមុខនោះ។
ព្រះបាទជ័យចេស្ដាអង្គស៊ូ ស្ដេចឡើងសោយរាជ្យគម្រប់ ៤ដងនោះ បានមួយឆ្នាំ ប៉ុន្តែឯកសារខ្លះថា បាន ៤ឆ្នាំ គឺនៅឆ្នាំ១៧០៦ ព្រះអង្គទ្រង់ផ្ទេររាជ្យសម្បត្តិព្រះរាជទានទៅឲ្យព្រះស្រីធម្មរាជា រាមាធិបតី ជាព្រះរាជបុត្រា ស្ដេចឡើងសោយរាជ្យសម្បត្តិជាគម្រប់ ២ដងបន្តពីព្រះអង្គតទៅ៕
ប្រភព RFA
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.