គ.២៤-១ ព្រះជ័យចេស្ដាអង្គស៊ូ (ឆ្នាំ១៦៧៥-ឆ្នាំ១៦៩៥) រាជ្យលើកទី១
ក្រោយពីសម្ដេចព្រះកែវហ្វាអង្គជី ជាព្រះរាមទ្រង់សោយទិវង្គតទៅ ហើយទ័ពត្រើយខាងកើតដែលគាំទ្រដោយយួនអណ្ណាមកុក ក៏ដកថយទៅផង ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី រាជាគណៈសង្ឃ ព្រាហ្មណ៍បុរោហិត ក៏ស្រុះស្រួលថ្វាយរាជ្យសម្បត្តិទៅព្រះអង្គស៊ូ ជាព្រះរាជបុត្រពៅរបស់ព្រះបរមរាជាពញាសូ ឲ្យឡើងគ្រងរាជ្យនៅរាជធានីឧដុង្គ។ ឯរាជពិធីប្រាប្ដាភិសេកវិញ ត្រូវធ្វើនៅឆ្នាំ១៦៨៩ គឺក្រោយពេលគ្រងរាជ្យបានប្រមាណ ១៣ ឬ ១៥ឆ្នាំ ដោយមានព្រះនាមថា ព្រះរាជឱង្ការព្រះជ័យចេស្ដារាមាឥសូ។ ទ្រង់អភិសេកព្រះអង្គអ៊ី ជាព្រះអនុជជាព្រះអគ្គមហេសីព្រះនាមជាសម្ដេច ព្រះភគវតីសិរីចក្រពត្តិមហាក្សត្រិយ៍។
ព្រះបាទជ័យចេស្ដាអង្គស៊ូ ដែលប្រវត្តិវិទូខ្លះនិយមហៅថា ជ័យជេដ្ឋាទី៤ នេះ ទ្រង់សោយរាជ្យនៅឧដុង្គ បានតែ ១ឆ្នាំប៉ុណ្ណោះ ក៏ទ្រង់យាងទៅសាងព្រះរាជវាំងថ្មីនៅទួលឪជ្រឹង ឬទ្រនំជ្រឹង ក្នុងខេត្តសំរោងទងខាងស្ដាំ ហើយគង់នៅទីនោះទុកសម្ដេចព្រះទាវជាព្រះវរាជមាតា ឲ្យគង់នៅរាជវាំងឧដុង្គ។
ក្នុងអំឡុងរាជ្យព្រះអង្គនេះ មានជនជាតិចិន ជាច្រើនដែលបានភៀសចេញពីប្រទេសខ្លួន ដោយសារការវាយលុករបស់ពួកម៉ង់ស៊ូ បានធ្វើដំណើរតាមនាវាហូរចូលមកក្នុងដែនដីខ្មែរភាគខាងក្រោមយ៉ាង ច្រើន ខ្លះមកតាមរយៈទំនាក់ទំនងជាមួយស្ដេចយួន ដែលរំលោភបញ្ជូនពួកនេះឲ្យមកនៅក្នុងទឹកដីខ្មែរ និងខ្លះធ្វើទំនាក់ទំនងផ្ទាល់ជាមួយអ្នកកាន់អំណាចខ្មែរ ហើយបោះទីតាំងនៅត្រង់ពាម កោះត្រល់ កំពត កំពង់សោម ក្រមួនស ទឹកខ្មៅ ដូនណៃ។ល។
ចំណែកខាងព្រះអង្គនន់មហាឧបយោរាជ ដែលបាននាំបរិវាររត់ទៅស្រុកយួន ម្ដងទៀតនោះ បានសុំជំនួយទ័ពពីស្ដេចយួន សាជាថ្មី ហើយនាំទ័ពជើងទឹកវាយលុកយកតាំងពីខេត្តបាសាក់ ព្រះត្រពាំង ក្រមួនស រៀងឡើងមករហូតដល់ខេត្តល្វាឯម ហើយបោះបន្ទាយធំនៅជ្រោយចង្វារ។ ម៉្យាងទៀត ដោយដឹងថាព្រះជ័យចេស្ដាអង្គស៊ូ ទ្រង់ទៅគង់នៅព្រះរាជវាំងទួលឪជ្រឹង ឬទ្រនំឪជ្រឹង ហើយទុកព្រះមាតាឲ្យគង់នៅរាជវាំងឧដុង្គដូច្នោះ ព្រះមហាឧបយោរាជ ក៏បញ្ជាឲ្យទ័ពចាប់យកព្រះមាតារបស់ព្រះជ័យចេស្ដាអង្គស៊ូ ទៅឃុំទុកនៅជ្រោយចង្វារ ប៉ុន្តែត្រូវបានចៅពញាហុក មេទ័ពដ៏ខ្លាំងពូកែរបស់ស្ដេចផែនដីនេះ ទៅរំដោះបានមកវិញ ហើយត្រូវព្រះរាជាប្រទានយសយ៉ាងខ្ពង់ខ្ពស់។
នៅគ្រិស្តសករាជប្រមាណ១៦៨៩ នាម៉ឺនឈ្មោះ ចៅពញានូ និងចិនតាន់ដុងអៀ ដោយអាក់អន់ចិត្ត និងមិនបានទទួលបុណ្យស័ក្ដិ ក៏កើតគំនិតក្បត់រត់ទៅចូលជាមួយមហាឧបយោរាជអង្គនន់ ហើយលើកទ័ពខ្មែរយួន មកច្បាំងនឹងទ័ពស្ដេចផែនដី តែទីបំផុតត្រូវបរាជ័យ ហើយគេចាប់ខ្លួនបាន និងប្រហារជីវិតបង់។
ក្រោយពីទទួលបរាជ័យយ៉ាងដំណំនេះ មហាឧបយោរាជអង្គនន់ បានទៅសុំទ័ពយួន មកច្បាំងសាជាថ្មីទៀត។ ព្រះចៅយួនអណ្ណាមកុក បានបញ្ជូនទ័ព ២ម៉ឺននាក់ មកវាយប្រទេសកម្ពុជា សាជាថ្មី តែត្រូវទទួលបរាជ័យ ហើយដកថយទៅវិញ។
ទីបំផុត ព្រះមហាឧបយោរាជអង្គនន់ បានប្រមូលទ័ពសេសសល់របស់ខ្លួនទៅបោះទីតាំងនៅស្រុកស្រីសឈរ វិញ។ មិនយូរប៉ុន្មាន ដោយចាញ់សង្គ្រាមញឹកញាប់ ព្រះអង្គទ្រង់តូចព្រះទ័យ ហើយសុគតនៅទីនោះទៅ។ តែឯកសារខ្លះ បាននិយាយផ្ទុយទៅវិញថា ទ័ពយួន បានវាយយកបានបន្ទាយភ្នំពេញ ហើយព្រះរាជាត្រូវដកទ័ពថយទៅកំពង់លួង និងសុំចរចា ហើយយល់ព្រមដាក់ប្រទេសខ្មែរជាចំណុះយួន រួចអនុញ្ញាតឲ្យមហាឧបយោរាជអង្គនន់ មានសេរីភាពរស់នៅស្រុកខ្មែរ។ ព្រះអង្គនន់ ក៏បោះបន្ទាយនៅខេត្តស្រីសឈរ តែទីបំផុតទ្រង់ប្រឈួន ហើយសុគតនៅទីនោះក្នុងឆ្នាំ១៦៩១ នៃគ្រិស្តសករាជ។
ចំណែកបុត្រព្រះអង្គ នាមអង្គអ៊ឹម វិញ ក្រោយពីព្រះអង្គនន់មហាឧបយោរាជជាបិតាសុគតទៅ ក៏នាំស្ម័គ្របក្ខពួកភៀសខ្លួនទៅសុំជ្រកកោនរស់នៅជាមួយព្រះចៅ អណ្ណាមកុក ស្រុកយួន តទៅទៀត ប៉ុន្តែឯកសារខ្លះថា ដោយចាញ់សង្គ្រាមញឹកញាប់ ព្រះអង្គនន់ ក៏សុំចុះចូលឈប់ច្បាំង ហើយទ្រង់បោះទីតាំងគង់នៅស្រុកស្រីសឈរ រហូតដល់សោយទិវង្គតនៅទីនោះ។
ក្រោយពីពេលនោះមក ប្រទេសជាតិក៏បានសុខសន្តិភាព សម្ដេចព្រះជ័យចេស្ដាអង្គស៊ូ ព្រះអង្គទ្រង់បានបញ្ជាឲ្យកែសម្រួលច្បាប់ចំនួន ២៤ក្រម ដោយបានបន្ធូរបន្ថយទណ្ឌកម្មដែលមានលក្ខណៈធ្ងន់ធ្ងរហួសប្រមាណ និងលុបបំបាត់ចោលទោសប្រហារជីវិតជាដើមផង។ នៅគ្រិស្តសករាជ១៦៩២ ស្ដេចចាម នាមបាត្រាញ់ មិនព្រមលើកសួយសារអាករទៅថ្វាយស្ដេចយួន ទៀត ស្ដេចយួន ក៏បញ្ជាឲ្យលើកទ័ពមកវាយ ហើយចាប់បានព្រះរាជាអង្គនេះ។ គឺចាប់តាំងពីពេលនោះមកហើយ ដែលយួន បានរឹបផ្ដាច់យកប្រទេសចម្ប៉ា ទាំងមូលទុកជាសម្បត្តិយួន រហូតមក។
ឯរាជវង្សចាម នៅបឹងរី បឹងរាំង បាននាំបរិវារប្រមាណ ៥ពាន់នាក់មកសុំជ្រកកោនព្រះជ័យចេស្ដាអង្គស៊ូ។ ព្រះអង្គក៏ទ្រង់សន្តោសឲ្យទៅនៅត្បូងឃ្មុំខ្លះ ស្ទឹងត្រង់ខ្លះ ជ្រោយចង្វារខ្លះ ព្រែកប្រាខ្លះ តាំងពីពេលនោះមក។ គ្រិស្តសករាជ១៦៩៥ ជាឆ្នាំបញ្ចប់រាជលើកទីមួយរបស់ព្រះជ័យចេស្ដាអង្គស៊ូ ដោយព្រះអង្គទ្រង់ដាក់រាជ្យ ហើយបង្វែររាជ្យសម្បត្តិឲ្យទៅព្រះភាគីវាយោ ក្មួយ ព្រះនាម ឧទ័យរាជាអង្គយ៉ម ឡើងសោយរាជ្យជំនួស។ ឯព្រះអង្គទ្រង់យាងសាងផ្នួសមួយវស្សានៅវត្តព្រែកពួន ក្នុងខេត្តសំរោងទង។
គ.២៥ ព្រះនារាយណ៍រាមាធិបតីព្រះអង្គយ៉ង (ឆ្នាំ១៦៩៥)
ព្រះឧទ័យរាជាអង្គយ៉ង ជាព្រះរាជបុត្ររបស់សម្ដេចព្រះកែវហ្វាអង្គជី ទ្រង់បានឡើងស្នងរាជ្យពីព្រះបិតុលា គឺព្រះជ័យចេស្ដាអង្គស៊ូ នៅរាជធានីឧដុង្គមានជ័យ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះនារាយណ៍រាមាធិបតីព្រះឧទ័យរាជាបរមបពិត្រ។ ព្រះអង្គទ្រង់លើកព្រះសុជាតិវតីជាព្រះអគ្គមហេសី។
ចំណែកខាងព្រះជ័យចេស្ដាអង្គស៊ូ ក្រោយពីរៀបចំពិធីរាជាភិសេកព្រះនារាយណ៍រាមាធិបតីព្រះអង្គយ៉ង ឲ្យឡើងសោយរាជ្យហើយ ព្រះអង្គក៏ទ្រង់យាងទៅសាងព្រះផ្នួសនៅវត្តព្រៃពួន បានមួយវស្សា រួចទ្រង់លាចាកសិក្ខាបទ ហើយទ្រង់គង់ប្រថាប់នៅព្រះពន្លាភាក់ ទីទួលលៀបជាអគ្នេយ៍វត្តព្រៃពួន នោះ។
ឯព្រះនារាយណ៍រាមាធិបតីព្រះអង្គយ៉ង សោយរាជ្យសម្បត្តិបាន ១០ខែ ក៏ទ្រង់អាពាធជាទម្ងន់ ហើយទ្រង់សុគតទៅ។ នាម៉ឺនសព្វមុខមន្ត្រី ក៏ប្រារព្ធពិធីបូជាព្រះសព ហើយរើសព្រះអដ្ឋិធាតុយកទៅបញ្ចុះនៅចេតិយទន្ទឹមលើភ្នំ ព្រះរាជទ្រព្យនៅក្រុងឧដុង្គមានជ័យ នោះទៅ៕
ប្រភព RFA
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.