Friday, June 12, 2015

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ត្រូវ​បែង​ចែក​ជា​ពីរ​នៅ​ចុង​សតវត្ស​ទី​១៧ (ភាគ​៤៥)

នៅ​ចុង​សតវត្ស​ទី​១៧ ក្រោម​រាជ្យ​របស់​សម្ដេច​ព្រះ​កែវហ្វាអង្គជី ប្រទេស​កម្ពុជា ត្រូវ​បែង​ចែក​ជា​ពីរ។ ត្រើយ​ខាង​លិច​គ្រប់គ្រង​ដោយ​ស្ដេច​សោយរាជ្យ គឺ​សម្ដេច​ព្រះ​កែវហ្វាអង្គជី ឯ​ត្រើយ​ខាង​កើត គ្រប់គ្រង​ដោយ​ព្រះអង្គ​នន់ ដែល​មាន​យួន ជួយ​គាំទ្រ។

គ.២៣ សម្ដេច​ព្រះ​កែវហ្វាអង្គជី (ឆ្នាំ​១៦៧៣-ឆ្នាំ​១៦៧៥)

ក្រោយ​ពី​ពេល​ដែល​សម្ដេច​ព្រះ​ភគវតី​ព្រះចមក្សត្រី អតីត​អគ្គមហេសី​របស់​បរម​រាជា​ពញា​សូ បញ្ជា​ឲ្យ​ពួក​ចាម​ជ្វា ឲ្យ​លប​លុក​ធ្វើ​គត​ព្រះ​បទុម​រាជា​ស្រី​ជ័យជេដ្ឋ បាន​ហើយ ពួក​ព្រាហ្មណ៍​បុរោហិត នាម៉ឺន​សព្វ​មុខ​មន្ត្រី រាជា​គណៈ​សង្ឃ ព្រះរាជវង្សានុវង្ស ក៏​បាន​ថ្វាយ​រាជ្យ​សម្បត្តិ​ទៅ​ព្រះអង្គ​ជី ដែល​ជា​ព្រះរាជ​បុត្រ​ច្បង​របស់​ព្រះ​បរម​រាជា​ពញា​សូ ឲ្យ​ឡើង​សោយរាជ្យ​នៅ​ទីក្រុង​ឧត្តុង្គមានជ័យ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា សម្ដេច​ព្រះ​កែវហ្វាអង្គជី។

ចំណែក​ខាង​ព្រះ​មហា​ឧបយោរាជ​អង្គ​តន់ ជា​ព្រះបិតុលា និង​ព្រះ​អង្គ​នន់ ដែល​ត្រូវ​ជា​ប្អូន​ជីដូនមួយ​នឹង​ព្រះអង្គ ដែល​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​យួន ក្នុង​ពេល​ដែល​ព្រះ​ស្រី​ជ័យជេដ្ឋ ធ្វើ​គត​ដណ្ដើម​រាជ្យ​ពី​ព្រះ​បរម​រាជា​ពញា​សូ ជា​បិតា​របស់​ព្រះអង្គ​នោះ បាន​សុំ​ទ័ព​ពី​ព្រះរាជា​យួន ដើម្បី​មក​វាយ​ព្រះ​ស្រី​ជ័យជេដ្ឋ សងសឹក​វិញ។ ព្រះចៅ​យួន​អណ្ណាម​កុក ក៏​យល់​ព្រម​បញ្ជូន​ទ័ព ១​ម៉ឺន​នាក់​មក​វាយ​ប្រទេស​ខ្មែរ​តាម​ការ​ស្នើសុំ។ ឯកសារ​ខ្លះ​បាន​បញ្ជាក់​ថា គឺ​ដោយសារ​ព្រះអង្គ​តន់ និង​ព្រះអង្គ​នន់ ជា​មា និង​ក្មួយ ដែល​បាន​ទៅ​ពឹង​យួន ឲ្យ​បោះ​ទីតាំង​នៅ​ព្រៃ​នគរ​នេះ​ហើយ ដែល​នាំ​ឲ្យ​យួន ចេះ​តែ​នាំ​គ្នា​ទន្ទ្រាន​ចូល​មក​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ដែនដី​ប្រទេស​ខ្មែរ ​ភាគ​ខាង​ក្រោម​នោះ។

ពេល​នាំ​ទ័ព​យួន មក​ដល់​ប្រទេស​ខ្មែរ​ហើយ ទើប​ព្រះ​មហា​ឧបយោរាជ​អង្គ​តន់ ដឹង​ថា ព្រះ​បទុម​រាជា​ស្រី​ជ័យជេដ្ឋ ជា​ស្ដេច​ជ្រែក​រាជ្យ​នោះ ត្រូវ​សុគត​ដោយសារ​ស្នាដៃ​ពួក​ចាម​ជ្វា រួច​ទៅ​ហើយ។ ឯ​ខាង​សម្ដេច​ព្រះ​កែវហ្វាអង្គជី ដែល​ទើប​នឹង​ឡើង​សោយរាជ្យ​វិញ​នោះ មិន​បាន​ដឹង​ថា​ព្រះ​បិតុលា​មាន​បំណង​ប៉ង​សងសឹក​ឲ្យ​ព្រះបិតា​ព្រះអង្គ​ឡើយ។ ពេល​បាន​ជ្រាប​ថា​មហា​ឧបយោរាជ​អង្គ​តន់ ជា​ព្រះ​បិតុលា និង​ព្រះអង្គ​នន់ ជា​ប្អូន​ជីដូនមួយ នាំ​ទ័ព​យួន ចូល​មក​ស្រុក​ខ្មែរ​ដូច្នោះ ទ្រង់​គិត​ថា ប្រាកដ​ជា​មក​ច្បាំង​ដណ្ដើម​រាជ្យ​ព្រះអង្គ ព្រះអង្គ​ក៏​បាន​ទ្រង់​កេណ្ឌ​ទ័ព​រាយ​កម្លាំង​ចាំ​ទទួល​ធ្វើ​សង្គ្រាម​រួច​ ជា​ស្រេច។

ដោយ​មិន​បាន​យល់​បំណង​ពិត​ប្រាកដ​ទាំង​សង​ខាង និង​ដោយសារ​មាន​ការ​សង្ស័យ​រវាង​គ្នា​នឹង​គ្នា មហា​ឧបយោរាជ​អង្គ​តន់ ជា​ឪពុក​មា បាន​ក្លាយ​ជា​សត្រូវ​ស្លាប់​រស់​របស់​ព្រះអង្គ​ជី ជា​ក្មួយ ហើយ​សង្គ្រាម​ដ៏​ធំ​មួយ​បាន​កើត​ឡើង​រវាង​ម្ខាង​ខ្មែរ និង​ម្ខាង​ទៀត​ដោយ​មាន​អន្តរាគមន៍​ទ័ព​យួន។
ជា​ដំបូង ទ័ព​ទាំង​ពីរ​នេះ​បាន​ប៉ះ​ទង្គិច​ច្បាំង​គ្នា​នៅ​ភ្នំពេញ មិន​ចាញ់​មិន​ឈ្នះ ប៉ុន្តែ​ទីបំផុត ទ័ព​ខ្មែរ-យួន របស់​មហា​ឧបយោរាជ​អង្គ​តន់ វាយ​បំបែក​បន្ទាយ​ភ្នំពេញ ហើយ​ធ្វើ​ដំណើរ​ជម្រុល​ទៅ​វាយ​បន្ទាយ​ឧត្តុង្គមានជ័យ ទៀត។

ក្នុង​ដំណើរ​នេះ មហា​ឧបយោរាជ​អង្គ​តន់ ទ្រង់​អាពាធ​ជា​ទម្ងន់​ដោយ​អហិវាត​រោគ គឺ​រោគ​ខ្យល់ ឬ​អាសន្ន​រោគ។ ទ្រង់​ផ្ដាំ​នឹង​មេ​ទ័ព​យួន ឲ្យ​ខំ​វាយ​ដណ្ដើម​រាជ្យ​សម្បត្តិ​យក​មក​ថ្វាយ​ព្រះអង្គ​នន់ ជា​ក្មួយ​របស់​ព្រះអង្គ ដែល​ត្រូវ​ជា​ព្រះរាជបុត្រ​ព្រះអង្គ​អ៊ឹម ដែល​ទ្រង់​បាន​សោយ​ទិវង្គត​ក្នុង​សង្គ្រាម​កាល​រាជ្យ​ព្រះអង្គ​ច័ន្ទ​ អ៊ីប្រាហ៊ីម នោះ​ឲ្យ​បាន។ ទ្រង់​ផ្ដែផ្ដាំ​រួច​ក៏​សុគត​ទៅ។

ចំណែក​ខាង​សម្ដេច​ព្រះ​កែវហ្វាអង្គជី ជា​ស្ដេច​សោយរាជ្យ​វិញ កាល​បើ​ជ្រាប​ថា​ទ័ព​ខ្មែរ-យួន របស់​ព្រះ​ឧបយោរាជ ជម្រុល​មក​ដល់​ឧត្តុង្គ​ហើយ ព្រះអង្គ​ក៏​ទ្រង់​ចាត់​ទ័ព​ឲ្យ​ទៅ​វាយ​កម្ចាត់​បាន​ដោយ​ជោគជ័យ។ ទ័ព​ខ្មែរ-យួន ក៏​ដក​ថយ ហើយ​មក​បោះ​ទីតាំង​នៅ​ខេត្ត​ស្រីសឈរ។

កាល​ណោះ​ប្រទេស​ខ្មែរ​ត្រូវ​ចែក​ជា​ពីរ គឺ​ខាង​លិច​ទន្លេ​មេគង្គ ត្រូវ​ឋិត​ក្រោម​អំណាច​របស់​សម្ដេច​ព្រះ​កែវហ្វាអង្គជី ជា​ស្ដេច​សោយរាជ្យ និង​ត្រើយ​ខាង​កើត​ឋិត​ក្រោម​ការ​ត្រួតត្រា​របស់​ព្រះអង្គ​នន់ ជា​ប្អូន​ជីដូនមួយ​របស់​ព្រះអង្គ​ដែល​មាន​យួន គាំទ្រ ហើយ​ដែល​មន្ត្រី​ខាង​កើត​ថ្វាយ​ព្រះនាម​ថា សម្ដេច​ព្រះ​បទុម​រាជា​មហា​ឧបយោរាជ។

មិន​យូរ​ប៉ុន្មាន ឧបយោរាជ​ថ្មី​នេះ​បាន​ចម្លង​ទ័ព​ខ្មែរ-យួន មក​បោះ​នៅ​កោះ​ស្លាកែត ខេត្ត​កៀនស្វាយ ត្រៀម​ច្បាំង​នឹង​ទ័ព​ត្រើយ​ខាង​លិច។ សម្ដេច​ព្រះ​កែវហ្វាអង្គជី ជា​ស្ដេច​ផែនដី​ជ្រាប​ដូច្នោះ ក៏​ចាត់​ឲ្យ​ព្រះអង្គ​ស៊ូ ជា​ព្រះអនុជ កាន់​ទ័ព​នៅ​រក្សា​ការពារ​ព្រះរាជវាំង​ឧត្តុង្គ។ ចំណែក​ព្រះអង្គ​ទ្រង់​ព្រះរាជ​ដំណើរ​ទៅ​កេណ្ឌ​ទ័ព​នៅ​ខេត្ត​សំរោងទង ដោយ​ទ្រង់​គង់​ប្រដាប់​នៅ​ស្រុក​កណ្ដាល​ប្រាំ​តម្លឹង ក្នុង​ខេត្ត​សំរោងទង នោះ។

ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ព្រះអង្គ​ក៏​ទ្រង់​អាពាធ​ដោយ​អហិវាត​រោគ រោគ​ខ្យល់ ឬ​អាសន្ន​រោគ ហើយ​សុគត​នៅ​ស្រុក​ប្រាំ​តម្លឹង​នោះ​ទៅ ទុក​កិច្ចការ​សង្គ្រាម​នោះ​ឲ្យ​ព្រះអនុជ គឺ​ព្រះ​ជ័យជេដ្ឋា​អង្គ​ស៊ូ ជា​អ្នក​ធ្វើ​បន្ត​ទៅ​ទៀត។ ព្រះអង្គ​ស៊ូ ក៏​ទ្រង់​លើក​ទ័ព​ពី​ឧត្តុង្គ ទៅ​វាយ​កម្ចាត់​ទ័ព​មហា​ឧបយោរាជ ដែល​បោះ​ទ័ព នៅ​ស្លាកែត ឲ្យ​ទទួល​បរាជ័យ​យ៉ាង​ដំណំ ហើយ​មហា​ឧបយោរាជ ក៏​នាំ​ព្រះ​ញាតិ និង​បណ្ដា​ជា​ខ្ញុំ​ទាំង​ប៉ុន្មាន យាង​ភៀស​ទៅ​ស្រុក​យួន​អណ្ណាម​កុក ម្ដង​ទៀត។

សម្ដេច​ព្រះ​កែវហ្វាអង្គជី ទ្រង់​ឡើង​សោយរាជ្យ​នៅ​រាជធានី​ឧត្តុង្គ​នៅ​ឆ្នាំ​១៦៧៣ ហើយ​ទ្រង់​សោយ​ទិវង្គត​ដោយ​អហិវាត​រោគ​នៅ​ស្រុក​ប្រាំ​តម្លឹង ខេត្ត​សំរោងទង ក្នុង​ឆ្នាំ​១៦៧៥ នៃ​គ្រិស្តសករាជ៕

 ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!