ជាបន្តទៅទៀតនេះ សូមរៀបរាប់ជូននូវអារ្យធម៌ខ្មែរសម័យអង្គរ និងមូលហេតុនានាដែលធ្វើអោយស្រុតចុះ៖
អ្នកសិក្សាភាគច្រើនចាត់ទុកថា សម័យអង្គរជាសម័យរុងរឿងបំផុតនៃអារ្យធម៌ខ្មែរ។ ការសំអាងនេះ ដោយផ្អែកទៅលើហេតុផលថា ចាប់ពីសតវត្សទី៩ ដល់សតវត្សទី១៣ បុព្វបុរសខ្មែរបានកសាងទាំងវប្បធម៌ ទាំងសង្គមធម៌ អោយបានរីកចម្រើនជឿនលឿន ហើយជំរុញប្រទេសកម្ពុជា អោយមានឈ្មោះល្បីល្បាញ ថាជាមហាអំណាចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ ផ្ទៃដីដ៏ធំទូលំទូលាយនាសម័យនោះ រួមទាំងសំណល់វប្បធម៌ជាប្រាសាទបុរាណដ៏ច្រើនសន្ធឹកស្ទើរតែពេញ ផ្ទៃឥណ្ឌូចិនទាំងមូល សិលាចារឹក សិល្បៈដ៏សម្បូរបែប និងបដិមាបុរាណវត្ថុផ្សេងៗរាប់មិនអស់ ដែលសេសសល់ដល់សព្វថ្ងៃនេះ គឺជាភស្តុតាងជាក់ស្តែងបញ្ជាក់ពីភាពរុងរឿងនៃអារ្យធម៌ខ្មែរសម័យ អង្គរនេះ។
ក្នុងសម័យកាលរុងរឿងនេះ សាសនាមានមុខងារសំខាន់ណាស់។ គេសង្កេតឃើញព្រះរាជាខ្លះកាន់សាសនាព្រះឥសូរ ព្រះរាជាខ្លះកាន់សាសនាព្រះវិស្ណុ ព្រះរាជាខ្លះកាន់សាសនាព្រះព្រហ្ម និងព្រះរាជាខ្លះទៀត កាន់ព្រះពុទ្ធសាសនា។ ប៉ុន្តែទោះជាព្រះអង្គកាន់សាសនាណាក៏ដោយ ក៏ព្រះរាជាខ្មែរក្នុងសម័យនោះ ភាគច្រើនបានថែរក្សាការពារសាសនាដទៃទៀតអោយរួមរស់ដោយសុខសន្តិភាព ជាមួយគ្នា។
ដោយសារជំនឿសាសនា ប្រាសាទភ្នំធំៗជាច្រើន ត្រូវបានកសាងឡើង ដើម្បីតម្កល់ “លិង្គទេវរាជ” សម្រាប់អ្នកកាន់សាសនាព្រះឥសូរ តម្កល់បដិមាព្រះវិស្ណុ សម្រាប់អ្នកកាន់សាសនាព្រះវិស្ណុ ដូចប្រាសាទអង្គរវត្ត ក្នុងរជ្ជកាលព្រះបាទសូរិយាវរ្ម័នទី២ តម្កល់បដិមាព្រះពុទ្ធ គឺ “ពុទ្ធរាជ” សម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ ដូចប្រាសាទបាយ័នរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ជាដើម។
នៅមានប្រាសាទជាច្រើនដែលសាងទាបផ្ទាល់ដី ឧទ្ទិសចំពោះអ្នកដ៏មានគុណ អ្នកជាទីសក្ការៈ ឬបុព្វការីជនផ្សេងៗ ដែលប្រវត្តិវិទូមួយចំនួននិយមអោយឈ្មោះថា “លទ្ធិបុគ្គលនិយម” ថែមទៀតផង។ ម្យ៉ាងទៀត គឺដោយសារជំនឿទៅលើលទ្ធិទេវរាជ ឬសាសនាព្រះវិស្ណុ ឬក៏ពុទ្ធរាជនេះហើយ ដែលធ្វើអោយព្រះរាជាក្លាយជាតំណាងអាទិទេពលើផែនដី ឬក៏ជាតំណាងអវតារនៃព្រះអាទិទេព ឬក៏ជាតួអង្គព្រះពោធិសត្វ ដែលរស់លើផែនដីជាមួយមនុស្ស ជួយស្រោចស្រង់មនុស្សលោកអោយឆ្លងផុតភពទុក្ខ ខំកសាងសុខសុភមង្គល អោយមនុស្សជាតិ។ ខំកសាងផែនដីតាមគំរូនៃឋានសួគ៌ដ៏ល្អប្រណិតឥតអ្វីប្រៀប ដែលយើងឃើញមានជាសំណល់ជាប្រាសាទ បារាយណ៍ទឹក មន្ទីរពេទ្យ ស្ពានថ្នល់ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតមកដល់សព្វថ្ងៃនេះ។
ព្រះរាជានៃមហាអាណាចក្រអង្គរ មានអំណាចខ្លាំងក្លា និងមានភាពរុងរឿងណាស់។ ព្រះអង្គទ្រង់ជាម្ចាស់លើដីធ្លីទាំងអស់ ជាមេដឹកនាំនយោបាយ ទាំងក្នុង និងក្រៅប្រទេស ជាមេទ័ពក្នុងសមរភូមិដ៏ចំណាន ទ្រង់ដឹកនាំទ័ពដែលប្រកបដោយវិន័យ និងថាមពលខ្លាំងក្លា ដូចអត្ថបទសិលាចារឹកជាច្រើនបានកោតសរសើរ ចំពោះគុណសម្បត្តិយោធារបស់ព្រះរាជា ថាសុទ្ធសឹងតែមានតេជដៃថ្វីព្រះហស្ដខ្លាំងពូកែ ទទួលបានជ័យជម្នះលើខ្មាំងសត្រូវជានិច្ច។ ព្រះអង្គជាមេតុលាការ និងជាមេសាសនាថែមទៀតផង។ ព្រះរាជាទ្រង់ប្រទានសវនាការពីរដងក្នុងមួយថ្ងៃ សម្រាប់ដោះស្រាយកិច្ចការប្រទេសជាតិ។
លោក ជីវ តាក្វាន់ សមាជិកអ្នកការទូតចិន ដែលបានមកទស្សនាប្រទេសខ្មែរ នៅចុងសតវត្សទី១៣ បានពណ៌នាយ៉ាងក្បោះក្បាយពីការយាងចេញរបស់ព្រះរាជា៖ «នៅមុខក្បួន ដង្ហែមានពួកទាហាន បន្ទាប់មកមានអ្នកកាន់ទង់ជ័យ និងអ្នកភ្លេង។ បន្ទាប់មកទៀត គឺពួកស្រីៗដែលមានគ្នាពី ៣០០ ទៅ ៥០០នាក់ មានសម្លៀកបំពាក់ប្រកបដោយកំណាត់មានភ្ញីស្លឹកឈើ មានផ្កាសៀតក្នុងផ្នួងសក់ ដៃកាន់ទៀន ដែលនៅពេលថ្ងៃក៏ត្រូវអោយឆេះដែរ។ តមកទៀតមានស្រីៗមួយពួកផ្សេងទៀត កាន់គ្រឿងប្រដាប់ស្ដេចធ្វើពីមាស និងប្រាក់ និងគ្រឿងលំអទាំងអស់សុទ្ធតែជារបស់ប្លែកៗ។ តពីនោះ មានស្រីៗមួយពួកទៀត ដែលជារាជអង្គរក្សកាន់លំពែង និងខែល។ តមកទៀត គឺរទេះពពែ រទេះសេះ ដែលសុទ្ធសឹងតុបតែងដោយគ្រឿងមាស។ ពួកក្សត្រ និងពួកនាម៉ឺនសព្វមុខមន្ត្រី សុទ្ធតែជិះដំរី ហើយមានក្លស់ជាង១០០ លាបទឹកមាស។ ចុងក្រោយបង្អស់ គឺព្រះរាជាដែលគង់ឈរលើដំរី ហើយទ្រង់កាន់ព្រះខ័ន។ ភ្លុកដំរីនេះ សុទ្ធសឹងតែស្រោបមាសដែរ។ ឯក្លស់បាំងព្រះរាជា មានជាងម្ភៃ ជាក្លស់សចម្រុះពណ៌មាស ហើយមានដងក៏ស្រោបមាសទៀត។ មានដំរីដទៃទៀតជាច្រើន ដើរអមដំណើរព្រះអង្គ ហើយមានទាហានដទៃទៀតតាមការពារព្រះអង្គ។ ជនណាដែលឃើញព្រះរាជា ត្រូវតែលត់ជង្គង់ ហើយឱនក្បាលដល់ដី»។
ថ្វីត្បិតតែព្រះរាជាសម័យអង្គរមានអំណាចទូលំទូលាយ ប៉ុន្តែព្រះអង្គមិនកាន់អំណាចផ្តាច់ការទេ ព្រោះព្រះអង្គត្រូវគោរពវិន័យវណ្ណៈក្សត្រ គោរពវិន័យសាសនា ពោល គឺព្រះអង្គត្រូវប្រកបដោយធម៌ទសពិធ។ ឧទាហរណ៍ជាក់ស្តែង សិលាចារឹកព្រះគោបានពណ៌នាថា៖ «ស្រីឥន្ទ្រវរ្ម័នធ្វើអោយប្រជារាស្ត្រសម្បូរសប្បាយ ដោយការប្រតិបត្តិនូវវិន័យទាំងបីប្រការ»។
ចំពោះប្រជារាស្ត្រវិញ ព្រះមហាក្សត្រតែងមានព្រះទ័យសន្តោសករុណាជានិច្ច។ ជាក់ស្តែង ប្រាសាទទាំងឡាយដែលមានកំពូលព្រហ្មមុខបួន ជាតំណាងព្រហ្មវិហារធម៌ ស្នាព្រះហស្តអមតៈរបស់ព្រះបាទជ័យវរ្ម័នទី៧ ជាភស្តុតាងស្រាប់។ មិនត្រឹមតែប៉ុណ្ណោះទេ សិលាចារឹកមន្ទីរពេទ្យរបស់ព្រះអង្គបានចែងថា៖ «ជំងឺរបស់ប្រជារាស្ត្រធ្វើអោយព្រះអង្គឈឺចាប់ ជាងជំងឺផ្ទាល់របស់ព្រះអង្គទៅទៀត ព្រោះថា គឺសេចក្តីឈឺចាប់សាធារណៈនេះហើយ ជាសេចក្តីឈឺចាប់របស់ព្រះរាជាទាំងឡាយ ពុំមែនសេចក្តីឈឺចាប់ផ្ទាល់ទេ ដែលធ្វើអោយព្រះអង្គឈឺចាប់នោះ»។
ក្នុងវិស័យសេដ្ឋកិច្ចវិញ ដោយគោរពទៅតាមបំណងរបស់សាសនាផង និងក្នុងគំនិតគិតដល់ការបង្កបង្កើនផលកសិកម្មផង បារាយណ៍ ឬអាងទឹកធំៗសម្បើមៗ ទំនប់ប្រឡាយ ប្រព័ន្ធជលគតិ ក៏បានត្រូវស្ថាបនាឡើងច្រើនព្រោងព្រាត ដែលជំរុញអោយសេដ្ឋកិច្ចជាតិ មានការរីកចម្រើនយ៉ាងខ្លាំង។ ឯកសារ លោក ជីវ តាក្វាន់ បានបញ្ជាក់ថា “ខ្មែរនៅសម័យនោះអាចធ្វើស្រែបានបី ឬបួនដងក្នុងមួយឆ្នាំ”។ ហើយ លោក ហង្សរីស្ទែរឡាំង អ្នកឯកទេសជាតិស្វីស ម្នាក់ បានគន់គូរឃើញថា នៅលើផ្ទៃដី ១.០០០គីឡូម៉ែត្រក្រឡា នៅតំបន់អង្គរ គេអាចផលិតស្រូវក្នុងមួយឆ្នាំបានដល់ទៅ មួយសែនប្រាំម៉ឺនតោន ដែលអាចចិញ្ចឹមប្រជារាស្ត្រដល់ទៅ ប្រាំសែននាក់ ហើយសល់ ៤០% ទៀត អាចនាំទៅផ្គត់ផ្គង់តំបន់ផ្សេងៗទៀតផង។ គឺអាស្រ័យដោយការលូតលាស់ខាងសេដ្ឋកិច្ចយ៉ាងសម្បើមនេះហើយ ដែលជួយជំរុញអោយប្រជារាស្ត្រចូលរួមដោយជ្រះថ្លា ក្នុងការកសាងប្រាសាទនានា ទាំងខាងលទ្ធិទេវរាជ ក៏ដូចជាពុទ្ធរាជ ឬជំនឿផ្សេងៗទៀតនោះ។
ឯខាងវិស័យសិល្បៈវប្បធម៌ និងការអប់រំសិក្សាវិញ មានការរីកចម្រើនយ៉ាងខ្លាំង ដូចមានសំណង់ស្ថាបត្យកម្មធំៗ រូបចម្លាក់សិលាចារឹកយ៉ាងច្រើនសន្ធឹកសន្ធាប់ តន្ត្រីរបាំដ៏ល្អប្រណិត ជាភស្តុតាងស្រាប់។ នៅតាមប្រាសាទធំៗស្ទើរតែទាំងអស់ មានបណ្ណាល័យសម្រាប់តម្កល់សៀវភៅ សាស្ត្រាឯកសារនានា។ នៅសម័យនោះ ខ្មែរមានមណ្ឌលសិក្សាថ្នាក់ឧត្តម ដូចជា ប្រាសាទព្រះខ័ន ឬជ័យស្រី ឬមហាវិទ្យាល័យជ័យស្រី ដែលព្រះបាទជ័យវរ្ម័នទី៧ បានតែងតាំងព្រះនាងឥន្ទ្រទេវី ព្រះអគ្គមហេសីរបស់ព្រះអង្គ ដែលទ្រង់ជ្រៅជ្រះដោយចំណេះវិជ្ជា អោយជាបរិនាយកាចារ្យ នៅទីនោះផង។
ប៉ុន្តែភាពរុងរឿងនៃអារ្យធម៌សម័យមហានគរនេះ បានត្រូវវិបត្តិទំនាស់សាសនា ដែលអូសបន្លាយនៅភាគខាងចុងសម័យនេះ រុញច្រានអោយបាក់ស្រុតចុះរហូតដល់មានការផ្លាស់ប្ដូររាជវង្ស នៃព្រះរាជាខ្មែរពីវង្សវរ្ម័ន មកវង្សត្រសក់ផ្អែម។ ហើយទឹកដីខ្មែរភាគខាងលិច ត្រូវបានបាត់បង់ជាបន្តបន្ទាប់ រហូតដល់ទីបំផុត រាជធានីអង្គរដ៏រុងរឿង និងខ្លាំងពូកែនោះ ត្រូវធ្លាក់ចុះក្នុងកណ្ដាប់ដៃត្រួតត្រារបស់សៀម ឬថៃ ដល់ទៅពីរដង។ ហើយនៅទីអវសាន ក្រុងអង្គរត្រូវបោះបង់ចោលជារៀងរហូត ដោយព្រះបាទពញាយ៉ាត បានប្ដូរមកតាំងរាជធានីថ្មីនៅទួលបាសាន ហើយមកនៅភ្នំពេញចតុមុខ ក្នុងឆ្នាំ១៤៣២ ឬឆ្នាំ១៤៣៤ នៃគ្រិស្ដសករាជ៕
ស្ដាប់ ឬ ទាញយកសំឡេង
ប្រភព RFA
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.