Friday, June 12, 2015

មូលហេតុ​ព្រះបាទ​ពញាយ៉ាត​មក​សាង​រាជធានី​ថ្មី​នៅ​ភ្នំពេញ (ភាគ​២៣)

នៅ​ដើម​សតវត្ស​ទី​១៥ ព្រះរាជា​ខ្មែរ​សម័យ​នោះ គឺ​ព្រះបាទ​ពញាយ៉ាត បាន​សម្រេច​ព្រះទ័យ​បោះ​បង់​ចោល​ក្រុង​អង្គរ រួច​កសាង​រាជធានី​ថ្មី ដំបូង​នៅ​ទួល​បាសាន បន្ទាប់​មក​នៅ​ភ្នំពេញ ដែល​បាន​ក្លាយ​ជា​រាជធានី​នៃ​ប្រទេស​កម្ពុជា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

ជា​បន្ត​ទៅ​ទៀត​នេះ សូម​រៀបរាប់​ជូន​អំពី​មូលហេតុ​មួយ​ចំនួន ដែល​ជំរុញ​អោយ​មាន​ការ​រុះរើ​រាជធានី​ពី​តំបន់​អង្គរ មក​ភ្នំពេញ នេះ។

២. ការ​បោះ​បង់​ចោល​ក្រុង​អង្គរ និង​ការ​កសាង​រាជធានី​ថ្មី

ជោគជ័យ​ក្នុង​ការ​វាយ​ដណ្ដើម​យក​រាជធានី​អង្គរ ពី​កណ្ដាប់​ដៃ​ពួក​សៀម ឈ្លាន​ពាន​មក​វិញ​នៅ​ឆ្នាំ​១៣៩៣ ឬ​ឆ្នាំ​១៣៩៤ របស់​ព្រះបាទ​ពញាយ៉ាត បាន​ធ្វើ​អោយ​ជម្លោះ​រវាង​សៀម និង​ខ្មែរ មាន​សភាព​ស្ងប់ស្ងាត់​អស់​រយៈ​កាល​យ៉ាង​វែង​បង្គួរ។ បន្ទាប់​ពី​នោះ ព្រះបាទ​ពញាយ៉ាត ទ្រង់​សោយរាជ្យ​ដោយ​ទសពិធរាជធម៌ នៅ​រាជធានី​អង្គរ និង​ជំរុញ​ប្រទេស​ជាតិ​អោយ​មាន​សុខ​សន្តិភាព។ ប៉ុន្តែ ដោយ​មាន​ការ​បារម្ភ​ថា ក្រុង​អង្គរ​ស្ថិត​នៅ​ជិត​សៀម ពេក ព្រោះ​ពេល​នោះ​ខេត្ត​ភាគ​ខាង​លិច​ទាំង​ឡាយ​របស់​ខ្មែរ ត្រូវ​ពួក​សៀម ទន្ទ្រាន​យក​បាន​ច្រើន​ណាស់​ទៅ​ហើយ និង​ដោយ​ហេតុ​ថា ប្រជារាស្ត្រ​ខ្មែរ​ជាច្រើន ត្រូវ​ពួក​សៀម កៀរ​យក​ទៅ​ស្រុក​សៀម និង​ម្យ៉ាង​ទៀត ក្នុង​សង្គ្រាម​ប៉ុន្មាន​លើក​ជាមួយ​សៀម មក​នេះ ប្រជារាស្ត្រ​ខ្មែរ​ក៏​ស្លាប់​បាត់​បង់​ជីវិត​អស់​ជាច្រើន​ផង ដែល​ជា​ហេតុ​ធ្វើ​អោយ​ខ្មែរ​នៅ​សល់​គ្នា​តិច សម្រាប់​ការពារ​ក្រុង​អង្គរ​ដ៏​ធំ​ទូលាយ។

ឯកសារ​ខ្លះ​ទៀត​បាន​បញ្ជាក់​ថា ពេល​នោះ​មាន​គ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់ធ្ងរ​បំផុត​ផង គឺ​ទឹក​ស្ទឹង​អង្គរ ត្រូវ​ចុះ​ជាង​ពីរ​ម៉ែត្រ​កន្លះ បារាយណ៍ អាង​ទឹក​ធំៗ ប្រឡាយ​ទឹក ត្រូវ​ស្ងួត​ហួតហែង ខ្វះ​ទឹក​ធ្វើ​ស្រែ​ចម្ការ​ច្បារ​ដំណាំ​បង្កបង្កើត​ផល​កសិកម្ម បណ្ដាល​អោយ​ពិបាក​រក​ស្បៀង​អាហារ​សម្រាប់​ចិញ្ចឹម​ជីវិត​រាស្ត្រ​ប្រជា ព្រះរាជ​បរិពារ​នៃ​រាជវាំង ព្រម​ទាំង​ចិញ្ចឹម​ទ័ព​ផង ព្រះបាទ​ពញាយ៉ាត ក៏​ទ្រង់​ពិភាក្សា​នឹង​សម្ដេច​ព្រះ​សុគន្ធា រាជគ្រូ​បុរោហិត ព្រះរាជវង្សានុវង្ស អង្គ​អគ្គមហាសេនាបតី មន្ត្រី​តូច​ធំ​ខ្ញុំ​រាជការ ហើយ​បាន​មតិ​យល់​ព្រម​ទាំងអស់​គ្នា ថា​ត្រូវ​លើក​រាជធានី​ចេញ​ពី​តំបន់​អង្គរ។

នៅ​ឆ្នាំ​១៤៣១ ឯកសារ​ខ្លះ​ថា​ឆ្នាំ​១៤៣៣ ព្រះអង្គ​ក៏​ទ្រង់​លើក​ព្រះរាជធានី​ពី​អង្គរ ទៅ​តាំង​នៅ​ឯ​ទួល​បាសាន ជា​ទី​ស្ថាន​ជ័យ​ភូមិ​ដែល​ព្រះអង្គ​ធ្លាប់​បាន​តាំង​ជា​ក្បួន​ទ័ព ហើយ​វាយ​រំដោះ​ក្រុង​អង្គរ ដោយ​ជោគជ័យ​មក​វិញ​នោះ ហើយ​តាំង​នាម​ព្រះ​នគរ​ថា ព្រះ​វាំង​ថ្មី។ ប៉ុន្តែ ដោយ​មាន​ទឹក​ជំនន់​ធំ​ខុស​ធម្មតា ព្រះអង្គ​ទ្រង់​គង់​នៅ​ទួល​បាសាន បាន​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ គឺ​ឆ្នាំ​១៤៣២ ឬ​ឆ្នាំ​១៤៣៤ ព្រះបាទ​ពញាយ៉ាត ក៏​ទ្រង់​ប្ដូរ​រាជធានី​ពី​ទី​នោះ មក​តាំង​នៅ​ភ្នំ​ដូនពេញ​ចតុមុខ វិញ។

ក្នុង​ការ​សាង​រាជធានី​ថ្មី​នេះ ព្រះអង្គ​ទ្រង់​ត្រាស់​បង្គាប់​អោយ​សម្ដេច​ចៅពញាកែ និង​ឧកញ៉ា​ហោរាធិបតី​ខៀវ ទៅ​ពិនិត្យ​ទី​ស្ថាន​ជិតៗ​ភ្នំ​ដូនពេញ (ជា​ភ្នំ​ដែល​គេ​និទាន​តៗ​គ្នា​ថា មាន​ដូនជី​ម្នាក់​ឈ្មោះ​ដូនពេញ បាន​នាំ​ញាតិ​មិត្ត និង​ពុទ្ធសាសនិក​ទាំងអស់ កសាង​ឡើង​ដើម្បី​តម្កល់​ព្រះពុទ្ធ​រូប​បួន​ព្រះអង្គ និង​បដិមា​ថ្ម ដែល​គាត់​រើស​បាន​នៅ​នឹង​គល់​ដើម​គគីរ​អណ្ដែត​ទឹក​ទៅ​ទើរ​ត្រង់​កំពង់​ទឹក​ របស់​គាត់)។ លុះ​ពិនិត្យ​សព្វ​គ្រប់​ហើយ ហើយ​យល់​ថា តំបន់​ដែល​ស្ថិត​នៅ​ទិស​អាគ្នេយ៍​ភ្នំ​ដូនពេញ​នេះ មាន​ជ័យ​ភូមិ​ល្អ ក៏​នាំ​គ្នា​សម្រេច​ថា​ត្រូវ​ជ្រើស​រើស​យក​ទីនេះ សម្រាប់​ស្ថាបនា​រាជធានី​ថ្មី។

ព្រះអង្គ​ទ្រង់​ត្រាស់​បញ្ជា​ចៅពញា​តេជោ ចៅហ្វាយ​ស្រុក​ខេត្ត​សំរោងទង អោយ​កេណ្ឌ​រាស្ត្រ​ទៅ​លើក​ដី​ចាក់​បំពេញ​តំបន់​ជុំវិញ​វត្ត​ភ្នំ​អោយ​បាន​ ខ្ពស់ ហើយ​រាប​ស្មើ កុំ​អោយ​ទឹក​លិច។ ឯ​ទី​ដែល​ចៅពញា​តេជោ អោយ​រាស្ត្រ​ជីក​យក​អាចម៍​ដី​នោះ ក៏​ក្លាយ​ទៅ​ជា​បឹង​មួយ​ធំ​ជាប់​ឈ្មោះ​ជា​បឹង​តេជោ ត​រៀង​មក។ ទ្រង់​ត្រាស់​បញ្ជា​អោយ​ឧកញ៉ា​វង្សាអនុជិតផ្លុង ចៅហ្វាយ​ខេត្ត​ស្រុក​បាទី ឯកសារ​ខ្លះ​ថា​ចៅពញា​រាជា​មេត្រី​ផ្លុង ចៅហ្វាយ​ស្រុក​កោះឫស្សីកែវ អោយ​ជីក​ព្រែក​ទម្លាយ​ពី​បឹង​ពោងពាយ ភ្ជាប់​មក​ទន្លេ ដើម្បី​យក​ទឹក​ប្រើប្រាស់។ ព្រែក​នេះ​ក៏​ជាប់​ឈ្មោះ​ជា​ព្រែក​ពាមផ្លុង រៀង​មក។

បន្ទាប់​មក ព្រះអង្គ​ទ្រង់​តាំង​រាជធានី​ស្ថាបនា​រាជវាំង សង់​ប្រាសាទ ព្រះរាជ​មន្ទីរ​ត្រឡែងកែង ខ្វាត់​ខ្វែង​ទាំង​ក្នុង​ក្រៅ ព្រម​ទាំង​ដំណាក់​តូច​ធំ ហើយ​ទ្រង់​អោយ​តាំង​មុខ​ព្រះបរមរាជវាំង បែរ​ទៅ​បូព៌ា​ទិស។

ដើម្បី​ជា​កិច្ច​ការពារ​រាជធានី​នេះ ព្រះអង្គ​ទ្រង់​ព្រះរាជ​បញ្ជា​អោយ​ជីក​គូ​ទឹក និង​លើក​ដី​ជា​កំពែង តាំង​ជា​សើន ជា​បន្ទាយ ជុំវិញ​រាជធានី។ ក្រៅ​ពី​កិច្ច​ការពារ​រាជធានី និង​រៀបចំ​ប្រព័ន្ធ​ជលផល​សម្រាប់​របរ​កសិកម្ម​នៅ​ជាយៗ​នៃ​រាជធានី​នេះ ព្រះបាទ​ពញាយ៉ាត ទ្រង់​បាន​ចាត់​អោយ​សាងសង់​វត្ត​អារាម​ជាច្រើន ដែល​មាន​វិហារ ចេតិយ កុដិ សាង​ពី​ឥដ្ឋ​បូក​កំបោរ ដូច​ឯកសារ​ខ្លះ​បាន​អធិប្បាយ​ថា ព្រះអង្គ​បាន​សាង​ព្រះវិហារ​វត្ត​ភ្នំ ដែល​ជា​វិហារ​ដែល​បាន​សាង​ដោយ​ដូនពេញ ហើយ​ត្រូវ​ទ្រុឌទ្រោម​ទៅ​ជា​ថ្មី​វិញ ដោយ​ពង្រីក និង​ពូន​ភ្នំ​អោយ​កាន់​តែ​ខ្ពស់​ជាង​ដើម ក្រាល​ថ្ម​នៅ​កំពូល​ខាង​លើ និង​សាង​ចេតិយ​មួយ​ធំ​ពី​ក្រោយ​ព្រះវិហារ​ទៀត​ផង។ សាង​វត្ត​ពីរ​នៅ​អម​ខាង​កើត​វត្ត​ភ្នំ គឺ​វត្ត​ធម្មលង្កា និង​វត្ត​កោះ។

វត្ត​មួយ​ទៀត​នៅ​ខាង​ត្បូង​អូរ​ចិន​ដំដែក គឺ​វត្ត​ព្រះពុទ្ធ​ឃោសារាម ឬ​វត្ត​ចិន​ដំដែក។ វត្ត​មួយ​ទៀត​នៅ​ត្រង់​មាត់​ទន្លេ​ក្បែរ​ពាម​ព្រែក​ឧកញ៉ា​ផ្លុង គឺ​វត្ត​ពាមផ្លុង។ វត្ត​មួយ​នៅ​ត្រង់​ចេតិយ​ធំ ហៅ​វត្ត​ឧណ្ណាលោម។ នៅ​ខាង​មុខ​វត្ត​នេះ​ជិត​មាត់​ទន្លេ ព្រះរាជា​ទ្រង់​បាន​បញ្ជា​អោយ​សាង​អ្នក​តា​ចាំ​ស្រុក​មួយ​ឈ្មោះ អ្នកតា​ប្រាជ្ញ និង​វត្ត​មួយ​ទៀត គឺ​វត្ត​ខ្ពបតាយ៉ង គឺ​វត្ត​បទុមវតី សព្វថ្ងៃ ដែល​បើ​តាម​អក្សរ​ចារិក​នៅ​ទី​នោះ​ថា ព្រះបាទ​បរម​រាជា​ចៅ​ពញាយ៉ាត បាន​កសាង​វត្ត​នេះ​នៅ គ.ស ១៤៤២ ហើយ​ដាក់​ឈ្មោះ​ថា វត្ត​ខ្ពបតាយ៉ង ព្រោះ​នៅ​ខាង​ត្បូង​វត្ត​នេះ​មាន​ខ្ពប គឺ​ដី​ទំនាប​មាត់​ទន្លេ​របស់​តា​យ៉ង។
លុះ​សម្រេច​ការ​កសាង​ហើយ ព្រះរាជា​ទ្រង់​តាំង​ប្រទាន​នាម​ព្រះ​នគរ​ថ្មី​នេះ ថា​ជា​ក្រុង​ចតុមុខ​មង្គល​សកល​កម្ពុជា​ធិបតី​ខត្តិយា​មហា​នគរ។ ឯ​ទី​ប្រជុំ​ទន្លេ​ទាំង​៤ ដែល​ស្ថិត​នៅ​មុខ​រាជធានី​នេះ ក៏​ទ្រង់​បាន​ប្រសិទ្ធិនាម​ថ្មី​ថា ទន្លេ​ចតុមុខ​ពី​ពេល​នោះ​មក​ដែរ៕
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!