ខ.៨ ព្រះបាទពញាយ៉ាត (ឆ្នាំ១៣៩៤-ឆ្នាំ១៤៦៣)
នៅពេលដែលទ័ពសៀម បានចូលមកលុកលុយវាយបែកក្រុងអង្គរ ជាលើកទីពីរ នៅឆ្នាំ១៣៩៣ នោះ ចៅពញាយ៉ាត ដែលជាព្រះរាជបុត្ររបស់ព្រះបាទសុរិយោវង្ស (ព្រះមហាក្សត្រដែលបានរំដោះក្រុងអង្គរពីកណ្ដាប់ដៃសៀម លើកទី១មកវិញ) បានរត់រួច ហើយភៀសព្រះអង្គទៅរៀបចំកេណ្ឌទ័ព និងបោះទីតាំងមូលដ្ឋានហាត់ហ្វឹកហ្វឺនទ័ពនៅទួលបាសាន ទីឋានដែលព្រះបិតាព្រះអង្គធ្លាប់បានប្រើប្រាស់ជាមូលដ្ឋានទ័ពពីលើក មុន។
ក្រោមការដឹកនាំរបស់ ពញាយ៉ាត ទ័ពខ្មែរបានរីកចម្រើនយ៉ាងឆាប់រហ័សបំផុត គឺរយៈពេលតែប្រាំខែប៉ុណ្ណោះ ទ័ពខ្មែរអាចមានសមត្ថភាពវាយរំដោះយកក្រុងអង្គរមកវិញបាន។ ប៉ុន្តែមុននឹងទ័ពធំចូលវាយលុកក្រុងអង្គរលើកនេះ ព្រះអង្គបានប្រើឧបាយកលអោយអាមាត្យជំនិតពីរនាក់ ឈ្មោះ ពេជ្រ និងពៅ ដែលជាបងប្អូនបង្កើត ដឹកនាំទាហានស្ម័គ្រចិត្ត ១០នាក់ ទៅសារភាពសុំចុះចូលជាមួយស្ដេចសៀម ព្រះឥន្ទរាជា ដែលសោយរាជ្យក្នុងក្រុងអង្គរ។ ហើយភ្លាមនោះ ដោយឃើញថាស្ដេចសៀម ភ្លេចខ្លួនហើយ បងប្អូនទាំងពីរនាក់ ក៏ដកកាំបិតស្នៀតដែលលាក់ក្នុងផ្នួងសក់ ស្ទុះទៅចាក់ ព្រះឥន្ទរាជា សុគតទៅ។ ពេលនោះ សភាពជ្រួលច្របល់ក្នុងមហានគរក៏ផ្ទុះឡើង។ ឯសម្ដេចចៅពញាយ៉ាតរាជា ដែលទ្រង់បានត្រៀមទ័ពរួចជាស្រេច ក៏ទ្រង់វាយសម្រុកចូលក្រុងអង្គរ ដោយជោគជ័យ ហើយទីបំផុត ក៏បានរំដោះរាជធានីអង្គរអោយរួចផុតពីកណ្ដាប់ដៃសៀម មកវិញនៅឆ្នាំ១៣៩៤។
នៅទីបញ្ចប់នៃសង្គ្រាម សម្ដេចពញាយ៉ាត បានឃើញស្រីម្នាក់កំពុងក្រាបយំប្របកោដិស្ដេចសៀម ព្រះឥន្ទរាជា ព្រះអង្គទ្រង់ក៏សួរនាំព័ត៌មានសព្វបែបយ៉ាង ហើយបានដឹងថា នាងឈ្មោះ ស៊ីសាងាម ជាបងប្អូនជីដូនមួយផង និងជាព្រះម្នាងរបស់ឥន្ទរាជា ផង។ ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យណាស់ ហើយទ្រង់លើកយកអ្នកម្នាង ស៊ីសាងាម ជាស្រីសៀម នោះទុកជាព្រះស្នំឯក។
ក្រោយពីបានទទួលជោគជ័យជាស្ថាពរហើយ សម្ដេចព្រះសុគន្ធារាជា គណៈរាជគ្រូ បុរោហិត រាជវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតីមន្ត្រីតូចធំ ខ្ញុំរាជការ ក៏យាងសម្ដេចចៅពញាយ៉ាត អោយឡើងសោយរាជ្យ ដែលមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះបរមយ៉ាតរាជាធិរាជ។ ហើយព្រះអង្គទ្រង់គ្រងរាជ្យដោយទសពិធរាជធម៌ ព្រះអង្គទ្រង់បានទំនុកបម្រុងព្រះពុទ្ធសាសនាយ៉ាងក្រៃលែង ហើយរាស្ត្រប្រជាគ្រប់គ្នាក៏ទទួលបានសុខសន្តិភាពជារៀងរហូតនៅ ក្នុងរាជ្យរបស់ព្រះអង្គ។
ចំពោះនយោបាយក្រៅប្រទេសវិញ ព្រះអង្គទ្រង់បានចងស្ពានមានមេត្រីជាមួយប្រទេសចិន ដោយបានបញ្ជូនរាជទូតទៅកាន់ប្រទេសចិន នៅឆ្នាំ១៤២១ នៃគ.ស ថែមទៀតផង។
ពេលឡើងសោយរាជ្យ ព្រះអង្គទ្រង់បានទទួលពិធីរាជាភិសេកនៅរាជធានីអង្គរ ប៉ុន្តែព្រះអង្គទ្រង់សោយទិវង្គតនៅរាជធានីភ្នំពេញ ជារាជធានីដែលព្រះអង្គបានកសាងឡើងនៅឆ្នាំ១៤៣៤ ហើយព្រះអដ្ឋិធាតុព្រះអង្គ ត្រូវបានគេតម្កល់ក្នុងមហាចេតិយដែលសាងឡើងដោយព្រះរាជបុត្រ ព្រះអង្គ នៅលើភ្នំដូនពេញ សព្វថ្ងៃនេះ។ គឺព្រះបាទពញាយ៉ាត នេះហើយដែលបានប្ដូររាជធានីពីអង្គរ មកទួលបាសាន រួចមកភ្នំពេញ ឬចតុមុខ។
ឯកាលបរិច្ឆេទនៃរជ្ជកាលរបស់ព្រះអង្គវិញ មានឯកសារខុសៗគ្នាជាច្រើនដូចជា៖
- ឯកសារមហាបុរសខ្មែរ ថាពីឆ្នាំ១៣៨២ ដល់ឆ្នាំ១៤២៩
- ឯកសារព្រះរាជពង្សាវតារ នៃប្រទេសកម្ពុជា របស់ក្រសួងអប់រំ ឯកសារម្ចាស់ក្សត្រិយ៍ម៉ាលិការ និងឯកសារ លោក រ.គោវិទ ថាពីឆ្នាំ១៤២១ ដល់ឆ្នាំ១៤៦២។
- ឯកសារ លោក ត្រឹងងារ ថាពីឆ្នាំ១៣៩៤ ដល់ឆ្នាំ១៤៦៣ និង
- ឯកសាររបស់ លោក ដូហ្វាំង មឺនីញ៉េ ថាពីឆ្នាំ១៤៣២ ដល់ឆ្នាំ១៤៦៧៕
ប្រភព RFA
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.