ជាបន្តទៅទៀតនេះ សូមរៀបរាប់ជូននូវប្រវត្តិសាស្ត្រខ្មែរក្រោយសម័យអង្គរ ក្នុងរាជ្យព្រះបាទនារាយណ៍រាជា និងព្រះបាទស្រីរាជា៖
ជំពូកទី៥
១. ព្រះរាជាខ្មែរក្រោយសម័យអង្គរ និងវិបត្តិក្នុងរាជវង្សខ្មែរ
គ.១ ព្រះបាទនារាយណ៍រាជា (ឆ្នាំ១៤៦៣-ឆ្នាំ១៤៦៩)
មុនពេលសោយទិវង្គតរយៈកាលប្រហែល ៣ឆ្នាំ គឺក្នុងអំឡុងឆ្នាំ១៤៦៣ ព្រះបាទពញាយ៉ាត ដែលទ្រង់ជរាណាស់ទៅហើយ ទ្រង់បានដាក់រាជ្យ ហើយបង្វែររាជសម្បត្តិនោះទៅអោយព្រះរាជបុត្រច្បងរបស់ព្រះអង្គ ឡើងសោយរាជ្យស្នង ដែលមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះនារាយណ៍រាជារាមាធិបតី ព្រះស្រីសុរិយាពណ៌ ធម្មិកមហារាជាធិរាជ។
នៅក្នុងរាជ្យរបស់ព្រះអង្គ បើតាមឯកសារមហាបុរសខ្មែរ ព្រះនារាយណ៍រាជា ទ្រង់បានជួយឧបត្ថម្ភលើកដៃជញ្ជូនដីចាក់ទីភ្នំដូនពេញនោះ អោយធំខ្ពស់បានជាភ្នំមែនទែន ហើយព្រះអង្គបានសាងចេតិយមួយធំបញ្ចុះព្រះបរមសារីរិកធាតុ និងព្រះអង្គចតុមុខ ដែលគេនិទានតគ្នាថា ដូនពេញបានរើសបាននោះ ហើយទ្រង់តាំងនាមវត្តនោះថា វត្តភ្នំដូនពេញ តាមឈ្មោះរបស់ដូនពេញ ជារៀងរហូតមក។ ហើយបន្ទាប់មកទៀត រាជធានីថ្មីនេះក៏ត្រូវគេហៅថា ភ្នំពេញ ដែលអាចក្លាយមកពីពាក្យថា ភ្នំដូនពេញនោះឯង។
ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបន្ថែមថ្មីរបស់លោកសាស្ត្រាចារ្យ វង់ សុធារ៉ា និង ណុប សុខា នៃសាកលវិទ្យាល័យភ្នំពេញ បញ្ជាក់ថា បើតាមទ្រឹស្ដីប្រវត្តិវិទ្យា និងភាសាវិទ្យា ឈ្មោះ ភ្នំពេញ មិនគួរក្លាយមកពីពាក្យថា ភ្នំដូនពេញ នោះទេ។ លោកទាំងពីរអះអាងដូច្នេះ ដោយសំអាងថា កំណត់ត្រារបស់ពួកព័រទុយហ្គាល់ និងហូល្លង់ដ៍ នៅសតវត្សទី១៦ បានហៅក្រុងនេះថា ភ្នំបឹង មិនមែនភ្នំពេញ ដូចពង្សាវតារខ្មែរបានកត់ត្រាទុកនោះទេ។ លោកថា ពាក្យថា ភ្នំបឹង ទំនងជាមានហេតុផលសមជាង ត្បិតទីតាំងនេះធ្លាប់មានបឹងព័ទ្ធជុំវិញ។ ក៏ប៉ុន្តែយូរៗទៅ ពាក្យ ភ្នំបឹង ក៏ក្លាយទៅជាភ្នំពេញទៅ។
បើតាមឯកសារមហាបុរសខ្មែរកត់ត្រាទុកថា ក្នុងពេលដែលបិតាព្រះអង្គ គឺព្រះបាទពញាយ៉ាត ទ្រង់សោយទិវង្គតទៅ ព្រះអង្គទ្រង់បានសាងចេតិយមួយនៅចង្កេះភ្នំដូនពេញនេះ ធ្វើបុណ្យសង្គាយនា៧ថ្ងៃ ដើម្បីបញ្ចុះព្រះបរមអដ្ឋិធាតុសម្ដេចព្រះវរបិតា។ ប៉ុន្តែ ឯកសារខ្លះថា នៅគ្រិស្ដសករាជ១៤៦៦ ព្រះវររាជបិតាបានសោយទិវង្គតទៅដោយជរារោគ ក្នុងជន្មាយុជាង ៧០ព្រះវស្សា។ នៅគ្រិស្ដសករាជ១៤៦៧ ព្រះអង្គទ្រង់បានសាងព្រះចេតិយមួយនៅលើភ្នំដូនពេញ ដើម្បីធ្វើបុណ្យបញ្ចុះព្រះបរមអដ្ឋិធាតុព្រះបិតា។ ព្រះបាទនារាយណ៍រាជារាមាធិបតី ទ្រង់សោយរាជ្យដល់ឆ្នាំ១៤៦៩ នៃគ្រិស្ដសករាជ ក៏ទ្រង់ប្រឈួនជាទម្ងន់ ហើយទ្រង់សុគតទៅ។ ព្រះបរមអដ្ឋិធាតុរបស់ព្រះអង្គ ត្រូវគេបញ្ចុះនៅព្រះចេតិយមួយនៅជើងភ្នំដូនពេញ ត្រង់ទិសឦសាននៃភ្នំនេះ។ ចេតិយនេះស្ថិតនៅរហូតសព្វថ្ងៃ ហើយមានអក្សរចារិកតាមបង្គាប់ព្រះបាទស៊ីសុវត្ថិ តម្កល់នៅទីនោះ តាំងពីគ្រិស្ដសករាជ១៩១៧ រៀងរហូតមកផង។
គ.២ ព្រះបាទស្រីរាជា (ឆ្នាំ១៤៦៩-ឆ្នាំ១៤៨៥)
ក្រោយពីព្រះបាទនារាយណ៍រាជារាមាធិបតី ទ្រង់សោយទិវង្គតទៅរាជវង្សានុវង្សសេនាបតីមន្ត្រីតូចធំ ខ្ញុំរាជការ បានយាងព្រះស្រីរាជា ជាព្រះអនុជបន្ទាប់ អោយឡើងសោយរាជ្យស្នងព្រះជេដ្ឋា ដោយមានព្រះនាមក្នុងរាជ្យថា ព្រះរាជឱង្ការ ព្រះស្រីរាជារាមាធិបតី ធម្មិកវរត្តោម បរមមហាចក្រពត្រាធិរាជ ព្រះបរមនាថមហាបពិត្រ។
ក្នុងរាជ្យព្រះបាទស្រីរាជា រាមាធិបតី នេះ វិបត្តិរាជវង្សមួយដ៏ធំ គឺការបះបោរដណ្ដើមរាជគ្នា បានកើតឡើងដែលធ្វើអោយប្រជារាស្ត្រខ្មែររងទុក្ខវេទនាយ៉ាងខ្លាំង ដោយសារសង្គ្រាមស៊ីវិលដែលផ្ទុះឡើង ហើយអូសបន្លាយអស់រយៈពេលជាង ១០ឆ្នាំ ហើយក្នុងកាលវេលានោះ ប្រទេសកម្ពុជា ត្រូវចែកចេញជាបីចំណែក ហើយមានស្ដេចដែលសុទ្ធតែជាញាតិសាលោហិតតែមួយ សោយរាជ្យដាច់ៗពីគ្នាទៀតផង។
ឆ្លៀតឱកាសដែលព្រះបាទស្រីរាជា (ស្ដេចសោយរាជ្យ) ទ្រង់នាំទ័ពចេញទៅធ្វើសឹកសង្គ្រាម វាយដណ្ដើមយកខេត្តមួយចំនួនភាគខាងលិចរបស់ខ្មែរ ដែលសៀម ប្លន់យកទៅពីពេលមុនមកវិញ ហើយទ្រង់ទុកកិច្ចការការពាររាជធានីចតុមុខ អោយមហាឧបរាជស្រីធម្មរាជា ជាប្អូនមើលការខុសត្រូវ។ ព្រះស្រីសុរិយោទ័យ ជាក្មួយ កើតគំនិតក្បត់ចង់ដណ្ដើមរាជ្យសោយ ហើយក៏បង្កទ័ព រួចវាយសង្កត់យកខេត្តបានជាច្រើននៅភាគខាងកើត។
មហាឧបរាជស្រីធម្មរាជា ឃើញហេតុមិនស្រួលដូច្នោះ ក៏ទ្រង់បញ្ជូនមន្ត្រីជំនិតៗរបស់ព្រះអង្គ អោយទៅកាន់កាប់ និងការពារខេត្តទាំងឡាយភាគខាងលិចយ៉ាងរឹងមាំ រួចផ្ញើព្រះរាជសារទៅថ្វាយព្រះស្រីរាជា ជាព្រះរៀម អោយជ្រាបពីហេតុការណ៍ដែលព្រះស្រីសុរិយោទ័យ ក្បត់ប៉ងដណ្ដើមរាជ្យនោះ។ ព្រះស្រីរាជា (ស្ដេចសោយរាជ្យ) ក្រោយពីជ្រាបព័ត៌មាននេះហើយ ព្រះអង្គក៏ចាត់តាំងមន្ត្រីខ្មែរអោយកាន់កាប់ខេត្តដែលវាយដណ្ដើម បានពីសៀម មកវិញ រួចព្រះអង្គទ្រង់នាំទ័ពត្រឡប់មកកម្ពុជា វិញ ហើយមកបោះទ័ពនៅខេត្តអម្រាគគិរិន្តបូរ (ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង សព្វថ្ងៃ) រួចទ្រង់ចម្លងទ័ពទៅវាយតទល់ជាមួយនឹងទ័ពស្រីសុរិយោទ័យ ជាក្មួយ ដែលស្ថិតនៅភាគខាងកើត។ ប៉ុន្តែ សង្គ្រាមនេះមិនឈ្នះមិនចាញ់ ហើយអូសបន្លាយអស់រយៈជាង ១០ឆ្នាំ ដែលធ្វើអោយប្រជារាស្ត្ររងទុក្ខវេទនាយ៉ាងក្រៃលែង។
ចំណែកខាងព្រះធម្មរាជា ជាឧបរាជវិញ ដោយឃើញសង្គ្រាមអូសបន្លាយយូរអង្វែងផង និងដោយបានទទួលការញុះញង់ពីមន្ត្រីជំនិតនានារបស់ព្រះអង្គផង ទីបំផុត ព្រះអង្គក៏ព្រមប្រកាសឡើងសោយរាជ្យលើទឹកដីខេត្តភាគខាងលិចឆៀងខាង ត្បូង ដែលព្រះអង្គកាន់កាប់បាន ហើយដែលធ្វើអោយប្រទេសខ្មែរក្នុងពេលនោះ ត្រូវចែកជាបី គឺព្រះស្រីរាជា គ្រងរាជ្យលើដីភាគឧត្តរទិសនៃប្រទេសកម្ពុជា រាប់ពីខេត្តលង្វែក រហូតដល់រយ៉ង សុរិន្ទ សង្គាស គោកខ័ណ្ឌ រហូតទល់នឹងដែនប្រទេសសៀម ដោយមានទីតាំងនៅ “អម្រាគគិរិន្តបូរ” ជាធានី។ ព្រះស្រីសុរិយោទ័យ ជាក្មួយ ទ្រង់គ្រងរាជ្យលើដីភាគខាងកើតឆៀងខាងជើង រាប់ពីបាសាន ដល់ខេត្តរោងដំរី ព្រៃនគរ លង់ហោ ជើងបាក់ដែង ទៅទល់នឹងប្រទេសចាម ដោយយក “ទួលបាសាន” ជាធានី។ ឯព្រះធម្មរាជា គ្រងរាជ្យលើដីភាគខាងលិចឆៀងខាងត្បូងនៃប្រទេស រាប់ពីភ្នំពេញ ដល់កំពត កំពង់សោម បាសាក់ ព្រះត្រពាំង បារៀ ឬខេត្តព្រះសួគ៌ា ក្រមួនស ដូនណៃ ទៅទល់នឹងសមុទ្រ ដោយយកក្រុង “ចតុមុខ” ជារាជធានី។
នៅទីបញ្ចប់ រាជ្យរបស់ព្រះអង្គ ព្រះបាទស្រីរាជារាមាធិបតី ទ្រង់ត្រូវបានទ័ពសៀម ដែលដឹកនាំដោយព្រះចៅចក្រពត្តិប្រទេសសៀម ដែលបានចូលមកធ្វើអន្តរាគមន៍តាមការស្នើសុំរបស់ព្រះធម្មរាជា ដែលជាកូនរបស់អ្នកម្នាងស៊ីស៉ាងាម ជាជាតិសៀម ដែរនោះ ចាប់បញ្ជូនយកទៅស្រុកសៀម ជាមួយនឹងព្រះសុរិយោទ័យ ជាក្មួយ ហើយព្រះអង្គទ្រង់សោយទិវង្គតនៅប្រទេសសៀម នោះ។ ឯកសារខ្លះថាសុគតនៅតាមផ្លូវ។ ឯព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមពញាអុង ត្រូវព្រះចៅសៀម រក្សាទុកជាបុត្រចិញ្ចឹមរបស់ព្រះអង្គ។
ព្រះបាទស្រីរាជា ទ្រង់ឡើងសោយរាជ្យនៅឆ្នាំ១៤៦៩ ហើយទ្រង់សោយទិវង្គតនៅឆ្នាំ១៤៨៥ នៃគ្រិស្ដសករាជ៕
ស្ដាប់ ឬ ទាញយកសំឡេង
ប្រភព RFA
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.