Friday, June 12, 2015

ជម្លោះ​ដណ្ដើម​រាជ្យ​រវាង​មា​និង​ក្មួយ​ដែល​ធ្វើ​ឲ្យ​បាត់​ខេត្ត​ពីរ​ទៅ​សៀម (ភាគ​២៦)

ជម្លោះ​ដណ្ដើម​រាជបល្ល័ង្គ​រវាង​ព្រះរាជា​ខ្មែរ​ពីរ​ព្រះអង្គ ដែល​ត្រូវ​ជា​មា និង​ក្មួយ​នឹង​គ្នា នៅ​ក្រោយ​សម័យ​អង្គរ បាន​ផ្តល់​ឱកាស​អោយ​ស្ដេច​ថៃ លូក​ដៃ​ចូល​ធ្វើ​អន្តរាគមន៍។

ជា​បន្ត​ទៅ​ទៀត​នេះ សូម​រៀបរាប់​ជូន​នូវ​ដំណាក់​កាល​នៃ​ការ​គ្រងរាជ្យ​របស់​ព្រះបាទ​ ស្រីសុរិយោទ័យ ជា​ស្ដេច​ជ្រែក​រាជ្យ និង​ព្រះបាទ​ធម្មរាជា ដែល​មាន​មាតា​ជា​ជនជាតិ​សៀម និង​ជា​ស្ដេច​ដែល​ធ្វើ​ឲ្យ​បាត់​បង់​ខេត្ត​ខ្មែរ​ពីរ​ទៅ​ប្រទេស​សៀម៖

គ.៣ ព្រះបាទ​ស្រីសុរិយោទ័យ (ឆ្នាំ​១៤៧៣-ឆ្នាំ​១៤៨៥)

ព្រះបាទ​ស្រីសុរិយោទ័យ ជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​នារាយណ៍​រាជា។ ក្រោយ​ពី​បិតា​ព្រះអង្គ​ទ្រង់​ចូល​ទិវង្គត​ទៅ ហើយ​ព្រះរាជវង្សានុវង្ស អង្គ​អគ្គមហាសេនា សេនាបតី​មន្ត្រី​ទាំង​ពួង យាង​ព្រះ​ស្រី​រាជា​អោយ​ឡើង​សោយរាជ្យ​ស្នង​ព្រះ​ជេដ្ឋា​នោះ​មក ព្រះអង្គ​មាន​កំហឹង​យ៉ាង​ខ្លាំង។ ឆ្លៀត​ឱកាស​ដែល​ព្រះ​ស្រី​រាជា ជា​ព្រះ​បិតុលា ឬ​មា និង​ជា​ស្ដេច​សោយរាជ្យ ជាប់​ដៃ​នាំ​ទ័ព​ទៅ​ច្បាំង​ជាមួយ​សៀម ដើម្បី​ដណ្ដើម​ទឹក​ដី​ខ្មែរ​ភាគ​ខាង​លិច​មក​វិញ ព្រះ​ស្រីសុរិយោទ័យ ក៏​បាន​ករ​ទ័ព​បាន​យ៉ាង​ច្រើន រួច​វាយ​ទន្ទ្រាន​យក​បាន​ខេត្ត​មួយ​ចំនួន​នៅ​ភាគ​ខាង​កើត​ឆៀង​ខាង​ជើង​នៃ​ ប្រទេស ដែល​អ្នក​ប្រវត្តិវិទូ​ខ្លះ​ថា ត្រង់​តំបន់​ចេនឡា​ដី​គោក​ពី​ដើម ហើយ​ឡើង​សោយរាជ្យ​នៅ​ទីនោះ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះរាជឱង្ការ ព្រះ​ស្រីសុរិយោទ័យ​រាជាធិរាជ រាមា​បរមបពិត្រ។ ព្រះអង្គ​ទ្រង់​យក​ទួល​បាសាន ធ្វើ​ជា​រាជធានី​នៃ​ទឹក​ដី​ដែល​ព្រះអង្គ​កាន់​កាប់។

ព្រះ​ស្រីសុរិយោទ័យ​រាជាធិរាជ បាន​ដឹក​នាំ​ទ័ព​ធ្វើ​សឹក​សង្គ្រាម​ជាមួយ​នឹង​ព្រះ​ស្រីរាជា ជា​ព្រះ​បិតុលា​អស់​រយៈ​កាល​ជាង ១០​ឆ្នាំ មិន​ចាញ់​មិន​ឈ្នះ ធ្វើ​អោយ​រាស្ត្រប្រជា​វេទនា​ខ្លោចផ្សា​យ៉ាង​ក្រៃលែង។ នៅ​ពេល​ដែល​ដឹង​ថា ព្រះចៅ​ចក្រពត្តិ​ប្រទេស​សៀម បាន​នាំ​ទ័ព​ចូល​មក​ស្រុក​ខ្មែរ តាម​សំណូមពរ​ព្រះ​ធម្មរាជា ហើយ​បាន​ឃាត់​ខ្លួន​ព្រះ​បិតុលា ស្រី​រាជា នោះ ព្រះ​ស្រីសុរិយោទ័យ ជា​ក្មួយ ទ្រង់​ត្រេកអរ​ណាស់។ ពេល​ដែល​ព្រះចៅ​ចក្រពត្តិ​សៀម ទ្រង់​យាង​ព្រះអង្គ​អោយ​មក​ជួប ដើម្បី​ចរចា​សម្រុះសម្រួល​គ្នា ព្រះអង្គ​ទ្រង់​យាង​មក​ភ្លាម ដោយ​សង្ឃឹម​ថា ព្រះចៅ​ចក្រពត្តិ​ស្ដេច​សៀម នឹង​ថ្វាយ​រាជ្យ​សម្បត្តិ​នគរ​កម្ពុជា នេះ មក​អោយ​ព្រះអង្គ​មិន​ខាន។
ប៉ុន្តែ​ទីបំផុត ព្រះចៅ​ចក្រពត្តិ​ស្ដេច​សៀម ដែល​ចូល​មក​ធ្វើ​អន្តរាគមន៍​តាម​សំណូមពរ​របស់​ព្រះ​ធម្មរាជា ដែល​ជា​បុត្រ​អ្នក​ម្នាង​ស៊ីស៉ាងាម ជា​ជាតិ​សៀម ដែរ​នោះ បាន​ចាប់​ព្រះរាជា​ខ្មែរ​ដែល​ឈ្លោះ​ដណ្ដើម​រាជ្យ​គ្នា​ទាំង​ពីរ​ព្រះអង្គ គឺ​ទាំង​មា​ទាំង​ក្មួយ បញ្ជូន​យក​ទៅ​ស្រុក​សៀម។ ព្រះបាទ​ស្រីសុរិយោទ័យ ទ្រង់​សោយ​ទិវង្គត​នៅ​ស្រុក​សៀម នោះ​ក្នុង​ឆ្នាំ​១៤៨៥ នៃ​គ.ស គឺ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្រោយ​ពី​ការ​ចូល​ទិវង្គត​របស់​ ព្រះ​ស្រីរាជា ជា​ព្រះ​បិតុលា។ ឯកសារ​ខ្លះ​ថា ព្រះអង្គ​ទ្រង់​សុគត​នៅ​តាម​ផ្លូវ ពេល​ដែល​សៀម​នាំ​ព្រះអង្គ​យក​ទៅ​ស្រុក​គេ​នោះ។
 
គ.៤ ព្រះបាទ​ធម្មរាជា (ឆ្នាំ​១៤៧៤-ឆ្នាំ​១៥០៤)

ព្រះ​ធម្មរាជា ជា​ព្រះអនុជ​របស់​ព្រះ​នារាយណ៍​រាជា និង​ជា​បុត្រ​ពៅ​របស់​ព្រះ​ពញាយ៉ាត និង​មាន​ព្រះ​មាតា​ជា​ជាតិ​សៀម ឈ្មោះ​អ្នក​ម្នាង​ស៊ីស៉ាងាម។ ក្នុង​ពេល​ដែល​ព្រះ​ស្រីរាជា ជា​ព្រះ​ជេដ្ឋា​ជា​ស្ដេច​សោយរាជ្យ ទ្រង់​លើក​ទ័ព​ទៅ​ធ្វើ​សឹក​សង្គ្រាម​ជាមួយ​នឹង​សៀម ដើម្បី​រំដោះ​យក​ខេត្ត​ខ្មែរ​ភាគ​ខាង​លិច​មក​វិញ​នោះ ព្រះអង្គ​ទ្រង់​មាន​នាទី​ជា​ព្រះ​ឧបរាជ ហើយ​ត្រូវ​ទទួល​មើល​ការ​ខុស​ត្រូវ​ការពារ​រាជធានី​អោយ​បាន​មាំមួន។

ក្នុង​ពេល​ដែល​ព្រះ​សុរិយោទ័យ ទ្រង់​បះបោរ​ដណ្ដើម​រាជ្យ​ពី​ព្រះ​ជេដ្ឋា​ព្រះអង្គ ហើយ​វាយ​ដណ្ដើម​បាន​ខេត្ត​មួយ​ចំនួន​នោះ ព្រះ​ធម្មរាជា ទ្រង់​បាន​ខ្វល់ខ្វាយ​ចាត់​កម្លាំង​អោយ​រក្សា​ការពារ​ខេត្ត​បាន​ជាច្រើន ទុក​ថ្វាយ​ព្រះ​ជេដ្ឋា ហើយ​ថ្វាយ​ដំណឹង​នេះ​ទៅ​ព្រះ​ស្រីរាជា ជា​ព្រះ​ជេដ្ឋា អោយ​ទ្រង់​ជ្រាប។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ក្រោយ​ពី​ពេល​ដែល​ឃើញ​ថា សង្គ្រាម​ស៊ីវិល​ដើម្បី​ដណ្ដើម​រាជ្យ​គ្នា​រវាង​មា និង​ក្មួយ គឺ​រវាង​ព្រះ​ស្រីរាជា និង​ព្រះ​សុរិយោទ័យ អូស​បន្លាយ​កាន់​តែ​យូរ​ទៅ​ផង ហើយ​ទ្រង់​បាន​ស្តាប់​ពាក្យ​ញុះញង់​របស់​មន្ត្រី​ជំនិត​របស់​ព្រះអង្គ​ផង ព្រះអង្គ​ក៏​ប្រែ​ព្រះទ័យ ហើយ​ព្រម​ឡើង​សោយរាជ្យ​លើ​ទឹក​ដី​ដែល​ព្រះអង្គ​កាន់​កាប់ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជឱង្ការ ព្រះ​ធម្មរាជា មហា​ចក្រពត្រាធិរាជ។

ដើម្បី​បញ្ចប់​សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ​នេះ និង​ដើម្បី​បាន​រាជ្យ​សោយ​តែ​មួយ​អង្គ​ឯង​លើ​កម្ពុជា ទាំង​មូល​ផង ព្រះ​ធម្មរាជា បាន​ធ្វើ​ចុតហ្មាយ​ទៅ​ពឹង​ព្រះចៅ​ចក្រពត្តិ​ស្ដេច​សៀម អោយ​ចូល​មក​ជួយ​ធ្វើ​អន្តរាគមន៍។ ជា​ការ​ឆ្លើយ​តប​ដល់​ការ​ស្នើសុំ​របស់​ព្រះ​ធម្មរាជា នេះ ក្បួន​ទ័ព​សៀម ធំៗ​ពីរ បាន​លើក​ចូល​មក​កម្ពុជា។ មួយ​ចូល​តាម​ផ្លូវ​សមុទ្រ ចុះ​ត្រង់​ខេត្ត​ពាម ឯ​ទ័ព​ជើង​គោក​ដែល​ដឹក​នាំ​ផ្ទាល់​ដោយ​ព្រះចៅ​ចក្រពត្តិ មក​តាម​ផ្លូវ​បាត់ដំបង ធ្វើ​ដំណើរ​ត្រង់​មក​ភ្នំពេញ។ ហើយ​ទីបំផុត ដោយ​ព្រះបាទ​ស្រីរាជា ព្រម​ចុះ​ចូល​បញ្ចប់​សង្គ្រាម​ផង ឯ​ព្រះ​ស្រីសុរិយោទ័យ យល់​ច្រឡំ ខំ​ចូល​ទៅ​ជួប​ព្រះចៅ​ចក្រពត្តិ​ស្ដេច​សៀម បំណង​បាន​មកុដរាជ្យ​តែ​ម្នាក់​ឯង​ផង​នោះ ព្រះចៅ​ចក្រពត្តិ​ស្ដេច​សៀម ក៏​ចាប់​យក​ស្ដេច​ខ្មែរ​ទាំង​ពីរ​ព្រះអង្គ នាំ​យក​ទៅ​ស្រុក​សៀម ដែល​មិន​យូរ​ប៉ុន្មាន ព្រះអង្គ​ទ្រង់​សុគត​នៅ​ទីនោះ ហើយ​ថ្វាយ​រាជ្យ​សម្បត្តិ​មក​ព្រះ​ធម្មរាជា សោយរាជ្យ​លើ​នគរ​កម្ពុជា ទាំង​មូល​រហូត​មក។

នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​កម្ពុជា ដែល​ស្ដេច​ខ្មែរ​មួយ​អង្គ​ត្រូវ​បាន​ជាតិ​សៀម គាំទ្រ ហើយ​លើក​អោយ​ឡើង​សោយរាជ្យ។ ថ្វីត្បិត​តែ​ព្រះអង្គ​ទ្រង់​សោយរាជ្យ​ដោយ​សុខ​សន្តិភាព ហើយ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ព្រះពុទ្ធ​សាសនា​អោយ​បាន​ចម្រើន ដូចជា បាន​សាង​នូវ​ព្រះ​ចេតិយ ដើម្បី​តម្កល់​ព្រះ​សារីរិកធាតុ នៅ​ខេត្ត​អាសន្ទុក ហើយ​មាន​ព្រះ​ហឫទ័យ​ប្រាថ្នា​ចង់​បាន​ជា​ពុទ្ធភូមិ​មែន ប៉ុន្តែ​ក៏​ពី​ពេល​នោះ​មក​ដែរ ដែល​ប្រទេស​ខ្មែរ​បាន​បាត់​បង់​ការ​គ្រប់គ្រង​លើ​ខេត្ត​ពីរ​របស់​ខ្លួន​ទៀត គឺ​ខេត្ត​នគររាជសីមា និង​ខេត្ត​ចាន់តាប៊ុន។

ព្រះបាទ​ធម្មរាជា ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៥០៤ នៃ​គ.ស នៅ​រាជធានី​ចតុមុខ ហើយ​ព្រះ​អដ្ឋិធាតុ​របស់​ព្រះអង្គ ត្រូវ​បាន​គេ​បញ្ចុះ​នៅ​ចេតិយ​មួយ ប្រប​នឹង​ព្រះពុទ្ធ​ចេតិយ​ក្នុង​ខេត្ត​អាសន្ទុក៕
 ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង

ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!