Friday, June 12, 2015

ការ​កសាង​ក្រុង​លង្វែក (ភាគ​៣០)

ក្រុង​លង្វែក គឺ​ជា​អតីត​រាជធានី​ខ្មែរ និង​ជា​បន្ទាយ​ដ៏​រឹងមាំ​មួយ​ក្រោយ​សម័យ​អង្គរ។ នៅ​ជុំវិញ​រាជធានី​នេះ មាន​ដាំ​ដើម​ឫស្សី​កម្រាស់​ជាង ១០០​ម៉ែត្រ សម្រាប់​ធ្វើ​ជា​របាំង​ការពារ។ រាជធានី​លង្វែក ត្រូវ​បាន​រៀបចំ​ចាត់​អោយ​កសាង​ឡើង​ដោយ​ព្រះបាទ​ច័ន្ទរាជា បន្ទាប់​ពី​ព្រះអង្គ​វាយ​ឈ្នះ​ស្ដេច​កន និង​ដណ្ដើម​រាជ្យ​បាន​មក​វិញ។

ព្រះបាទ​ច័ន្ទរាជា ក្រោយ​ពី​បាន​សម្រេច​ការ​សង្គ្រាម​លើ​ស្ដេច​កន​បាន​ហើយ ព្រះអង្គ​ទ្រង់​គង់​នៅ​បន្ទាយ​ជ័យ ខេត្ត​ពោធិ៍សាត់ ដដែល។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន គឺ​ដល់​ឆ្នាំ​១៥២៧ ព្រះអង្គ​ទ្រង់​ចេញ​បញ្ជា​អោយ​មន្ត្រី​ជំនាញ​របស់​ព្រះអង្គ​មួយ​ចំនួន មាន​ឧកញ៉ា ពិភ័ក្ត្រឥស្សរា ឧកញ៉ា រក្សាឥស្សរោ ជា​មេការ ឧកញ៉ា ពិភ័ក្ត្រទិព្វរាជ ឧកញ៉ា ស្រីសុមេធរាជាធិបតីបែន ក្រុម​សុរិយោដី រៀបចំ​កសាង​ព្រះរាជវាំង​ក្រុង​លង្វែក ជា​ទី​ដែល​ព្រះអង្គ​ទ្រង់​យល់​ថា​មាន​ជ័យ​ភូមិ​ល្អ ព្រោះ​ជា​ចំណុច​យុទ្ធសាស្ត្រ​មួយ​ស្រួល​ការពារ​ខ្លួន ត្បិត​នៅ​ជិត​នោះ​មាន​ព្រៃ​មាន​ទន្លេ និង​មាន​បឹង​ទៀត​ផង។

រាជធានី​ថ្មី​នេះ ត្រូវ​សាង​ឡើង​ដោយ​ហ្មត់ចត់​អស់​រយៈពេល​បី​ឆ្នាំ ដែល​មាន​រាង ៤​ជ្រុង​ទ្រវែង ទទឹង​ប្រវែង​ពីរ​គីឡូម៉ែត្រ បណ្តោយ​ជិត​បី​គីឡូម៉ែត្រ មាន​លើក​ជា​ទំនប់​ច្រុះ​ក្ដារ ធ្វើ​ជា​បន្ទាយ​កម្ពស់ ១៧​ហត្ថ ខ្នង​លើ ១០​ហត្ថ ជើង​ទេ ២២​ហត្ថ "ព័ទ្ធ​ជា​បី​ជ្រុង" ខាង​មុខ​មាន​ព្រៃ បឹង និង​ទន្លេ មាន​គូ​ទឹក និង​ដាំ​ឫស្សី​យ៉ាង​ក្រាស់​ជា​របង​កម្រាស់​ជាង ១០០​ម៉ែត្រ​ព័ទ្ធ​ជុំវិញ មាន​ទ្វារ​ធំ​ប្រាំបី​ដែល​មាន​សើន គឺ​លើក​ដី​ជា​ទួល​ខ្ពស់​កម្ពស់ ២២​ហត្ថ សម្រាប់​ដាក់​កាំភ្លើង​ធំ​គ្រប់​ទ្វារ​ទាំង​ប្រាំបី ហើយ​នៅ​ទិស​ទាំង​៤ មាន​សើន​កម្ពស់ ២៥​ហត្ថ សម្រាប់​ដាក់​កាំភ្លើង​ធំ​ដូច​គ្នា​ដែរ។

នៅ​ក្នុង​ក្រុង​ថ្មី​ដែល​ជា​បន្ទាយ​ដ៏​រឹងមាំ​នេះ មាន​សាង​រោង​ដំរី បន្ទាយ​សេះ បន្ទាយ​ទាហាន កាំភ្លើង​ធំ​តូច ទាហាន​ថ្មើរ​ជើង និង​ជើង​ទឹក ព្រម​ទាំង​ឃ្លាំង​អាវុធ​យុទ្ធភណ្ឌ និង​ស្បៀង​អាហារ​សព្វ​បែប​យ៉ាង។ នៅ​កណ្ដាល​ក្រុង​ថ្មី​នេះ មាន​សាង​ព្រះរាជវាំង​ដែល​មាន​កំផែង​ច្រើន​ជាន់ មាន​ប្រាសាទ មាន​ព្រះរាជ​មន្ទីរ​តូច​ធំ សុទ្ធ​តែ​មាន​ចម្លាក់​រចនា​បិទ​មាស​ឱភាស​ឆ្អិនឆ្អៅ មាន​ស្រះ និង​សួនច្បារ​ដ៏​ប្រណិត​ទៀត​ផង។ នៅ​ខាង​ទិស​ឦសាន​នៃ​ព្រះរាជវាំង​នេះ ព្រះរាជា​ទ្រង់​អោយ​តាំង​ឃ្លាំង​មឿង គឺ​អ្នក​តា​ចាស់​ស្រុក​ជា​ម្ចាស់​ទឹក​ដី​នៅ​ទី​នោះ​ផង។ ថ្ងៃ​ក្រោយ​មក​ទៀត ព្រះអង្គ​ទ្រង់​បាន​សាង​វត្ត​ត្រឡែងកែង នៅ​ក្នុង​បន្ទាយ​លង្វែក​នេះ​ទៀត ដែល​តាម​ជំនឿ​បន្ត​គ្នា​មក​ថា ជា​វត្ត​ដ៏​ពូកែ​ស័ក្តិសិទ្ធិ ដោយ​មាន​ព្រះពុទ្ធ​រូប​បួន​ព្រះអង្គ​ទ្រង់​ឈរ​កម្ពស់ ១៨​ហត្ថ ព្រះ​ភ័ក្ត្រ​បែរ​ទៅ​ទិស​ធំ​ទាំង​បួន ឯ​ព្រះ​បិដ្ឋិ ឬ​ព្រះ​ប្រឹស្ឋ គឺ​ខ្នង​ទល់​គ្នា។

ព្រះបាទ​ទាំង​ប្រាំបី​នៃ​ព្រះពុទ្ធ​រូប​ទាំង ៤​ព្រះអង្គ​នេះ ដែល​មាន​ប្រវែង​នីមួយៗ ១​ម៉ែត្រ​៤០ ត្រូវ​បាន​សាង​ឡើង​ដោយ​បាន​មក​ពី​ផ្ទាំង​ថ្ម​មួយ​ផ្ទាំង​ធំ​កម្រាស់ ២​ហត្ថ ទំហំ ៥​ហត្ថ​បួន​ជ្រុង ដែល​តាម​ការ​និយាយ​តៗ​គ្នា​មក​ថា ថ្ម​នេះ​ទើរ​លើ​បង្កៀប​មែក​ឈើ​ទាល​ធំ​អស្ចារ្យ​មួយ​ដើម​តាំង​ពី​បរមបូរាណ​ ព្រេង​នាយ​មក នៅ​ភូមិ​ឈើ​ទាល​ប្រឱប ជា​ព្រំ​ខេត្ត​សំរោងទង និង​ខេត្ត​លង្វែក នេះ ដែល​ព្រះអង្គ​ច័ន្ទរាជា ទ្រង់​បាន​ទត​ឃើញ​ផ្ទាល់​ព្រះអង្គ។ ឯ​តួអង្គ​ព្រះពុទ្ធ​បដិមា​ទាំង ៤​ព្រះអង្គ បាន​មក​ពី​ដើម​ឈើ​ទាល​ដែល​មាន​ផ្ទាំង​ថ្ម​ទើរ​លើ​មែក​ឈើ ហើយ​ដែល​តាម​បណ្ដាំ​អ្នក​កាន់​សីល ឬ​បង់បត់​ឈ្មោះ​ពញាដែក បាន​ទូល​ព្រះអង្គ​ថា ជា​របស់​វិសេស​នោះ។

រាជធានី​លង្វែក គឺ​ជា​បន្ទាយ​ដ៏​រឹងមាំ និង​ជា​ឃ្លាំង​វប្បធម៌​ដ៏​រុងរឿង​បំផុត​នា​សម័យ​ក្រោយ​អង្គរ​របស់​ប្រទេស​ កម្ពុជា។ ឯកសារ​ខ្លះ​បញ្ជាក់​ថា នៅ​កណ្ដាល​រាជធានី​នេះ គេ​បាន​សាង​បដិមា​ព្រះ​ភគណេស ដ៏​ធំ “ខ្លួន​មនុស្ស​ក្បាល​ដំរី” ដែល​ជា​អាទិទេព​តំណាង​ខាង​អក្សរសាស្ត្រ និង​វិទ្យាសាស្ត្រ ទុក​ជា​អ្នក​តា​រក្សា​ក្រុង។ ម៉្យាង​ទៀត មាន​ការ​និយាយ​តៗ​គ្នា​ថា នៅ​ក្នុង​បន្ទាយ​លង្វែក នេះ គេ​បាន​តម្កល់​បដិមា​ព្រះ​គោ​មួយ​អង្គ និង​ព្រះ​កែវ​មួយ​អង្គ ដែល​ជា​បង​ប្អូន​បង្កើត ហើយ​ដែល​អ្នក​ស្រុក​តែង​តែ​គោរព​បូជា ដោយ​ចាត់​ទុក​ថា​ជា​វត្ថុ​ស័ក្តិសិទ្ធិ​របស់​ជាតិ​ខ្លួន​ថែម​ទៀត​ផង។ ម៉្យាង​ទៀត គេ​ក៏​ជឿ​ដែរ​ថា គម្ពីរ​ក្បួន​ច្បាប់​ដែល​សំខាន់​បំផុត​របស់​ជាតិ ត្រូវ​គេ​យក​មក​រក្សា​ទុក​ក្នុង​ពោះ​ព្រះ​គោ​នោះ​ឯង។

នៅ​ឆ្នាំ​១៥២៩ ក្រោយ​ពី​បាន​សាង​បន្ទាយ​លង្វែក ព្រះរាជវាំង រាជ​ដំណាក់​តូច​ធំ ចប់​សព្វ​គ្រប់​ហើយ ព្រះបាទ​ខត្តិយា​មហា​ច័ន្ទរាជា ទ្រង់​យាង​ចេញ​ពី​បន្ទាយ​ជ័យ ខេត្ត​ពោធិ៍សាត់ មក​គង់​នៅ​រាជធានី​ថ្មី គឺ​បន្ទាយ​លង្វែក នេះ រហូត​ដល់​ទី​បញ្ចប់​នៃ​ព្រះជន្មាយុ​របស់​ព្រះអង្គ​ក្នុង​ឆ្នាំ​១៥៦៦ នៃ​គ្រិស្ដសករាជ៕
 ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង

ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!