Friday, June 12, 2015

ព្រះបាទ​ច័ន្ទរាជា​ជា​ព្រះមហាក្សត្រ​ដណ្ដើម​រាជ្យ​ពី​ស្ដេច​កន​មក​វិញ (ភាគ​២៩)

ព្រះបាទ​ច័ន្ទរាជា ដែល​ជា​ព្រះមហាក្សត្រ​ដឹក​នាំ​ការ​វាយ​កម្ចាត់ និង​កាត់​ក​ស្ដេច​កន ដណ្ដើម​យក​រាជ្យ​បាន​មក​វិញ​នោះ គឺ​ជា​ព្រះមហាក្សត្រ​ដែល​បាន​សាង​ក្រុង​លង្វែក និង​បាន​វាយ​បណ្ដេញ​សៀម ដែល​ចូល​មក​បោះ​ទីតាំង​នៅ​អង្គរ​រហូត​ដល់​ដល់​ខេត្ត​អង្គរ ត្រូវ​បាន​គេ​ហៅ​ថា​ខេត្ត​សៀមរាប ទៀត​ផង។

គ.៧ ព្រះ​បរម​ខត្តិយាមហា​ច័ន្ទរាជា (ឆ្នាំ​១៥១៦-ឆ្នាំ​១៥៦៦)

ព្រះ​ពញា​ច័ន្ទ​រាជា ជា​ព្រះរាជ​បុត្រ​ទី​២​របស់​ព្រះបាទ​ធម្មរាជា។ ក្នុង​ពេល​ដែល​ស្ដេច​កន ក្រោក​បះបោរ​វាយ​ដណ្ដើម​រាជ្យ​ពី​ព្រះបាទ​ស្រីសុគន្ធបទ ដោយ​បោកប្រាស់​អ្នក​ស្រុក​ថា​ខ្លួន “ស្ដេច​កន” បាន​ទទួល​បញ្ជា​ពី​ព្រះបាទ​ស្រីសុគន្ធបទ អោយ​ទៅ​កេណ្ឌ​ទ័ព​ដើម្បី​មក​វាយ​កម្ចាត់​ព្រះអង្គ​ជា​មហាឧបរាជ ដោយ​ចោទ​ព្រះអង្គ​ថា​មាន​ផែនការ​ក្បត់​ចង់​ឡើង​សោយរាជ្យ​នៅ​ក្រុង​ចតុមុខ​ នោះ ពញា​ច័ន្ទ ក៏​ភៀស​ព្រះអង្គ​ទៅ​សុំ​ជ្រក​កោន​ជាមួយ​ព្រះចៅ​ចក្រពត្តិ​ប្រទេស​សៀម។ ប៉ុន្តែ​ក្រោយ​ពី​បាន​ជ្រាប​ដំណឹង​សព្វគ្រប់​ពី​អំពើ​ក្បត់​របស់​ស្ដេច​កន និង​ការ​ធ្វើ​គត់​ព្រះជេដ្ឋា​ព្រះអង្គ​នោះ ពី​ពញាយសរាជា ជា​ក្មួយ​ដែល​ជា​ព្រះរាជ​បុត្រ​ព្រះបាទ​ស្រីសុគន្ធបទ ហើយ​ដែល​បាន​ភៀស​ទៅ​សៀម ដែរ​នោះ ព្រះ​ពញា​ច័ន្ទរាជា មាន​ការ​ក្រេវក្រោធ​ជា​ខ្លាំង។ ព្រះអង្គ​ក៏​ទៅ​ទូល​សុំ​ការ​អនុញ្ញាត​ពី​ព្រះចៅ​ចក្រពត្តិ​ស្ដេច​សៀម ដើម្បី​បាន​យាង​វិល​ត្រឡប់​មក​រំដោះ​ប្រទេស​ជាតិ​ព្រះអង្គ​វិញ។ ប៉ុន្តែ​ដោយ​យល់​ឃើញ​ថា ព្រះចៅ​ចក្រពត្តិ​ស្ដេច​សៀម ហាក់​មិន​សូវ​ឈឺ​ឆ្អាល​នឹង​រឿង​នេះ ព្រះអង្គ​ច័ន្ទ ដែល​ធ្លាប់​មាន​ស្នា​ព្រះហស្ដ​ក្នុង​ការ​ទាក់​ដំរី​ស​ថ្វាយ​ព្រះចៅ​សៀម ពី​មុន​មក ក៏​ប្រឌិត​បង្កើត​រឿង​ថា មាន​ដំរី​ស​មួយ​ទៀត​ធំ​លើស​ដំរី​ស​មុន កម្ពស់​ដប់​ហត្ថ ដែល​គេ​ឃើញ​មាន​ដាន​ជើង និង​រោម​ជាប់​នឹង​ដើម​ឈើ​ក្នុង​ព្រៃ​ភាគ​ខាង​កើត​នៃ​ប្រទេស​សៀម។ ព្រះចៅ​សៀម កាល​បើ​ជ្រាប​ដំណឹង​នេះ​ហើយ ក៏​ត្រាស់​បញ្ជា​អោយ​ពញា​ច័ន្ទ​រាជា ចេញ​ទៅ​ទាក់​ដំរី​នោះ​យក​មក​ថ្វាយ​ព្រះអង្គ​អោយ​ទាល់​តែ​បាន។ ព្រះអង្គ​បាន​ផ្តល់​ពល​ចំនួន​ប្រាំ​ពាន់​នាក់ ដំរី​ធ្នាក់​មួយ​រយ គ្រឿង​សាស្ត្រាវុធ​សព្វ​បែប​យ៉ាង និង​ស្បៀង​អាហារ​យ៉ាង​ច្រើន ព្រម​ទាំង​ដាវ​អាជ្ញា​សឹក​ផង​ដល់​ពញា​ច័ន្ទ​រាជា។

មុន​នឹង​ចេញ​ដំណើរ​ទាក់​ដំរី​ក្លែងក្លាយ​នេះ ចៅ​ពញា​ច័ន្ទ បាន​លប​ធ្វើ​ដំណើរ​ទៅ​ជួប​ជា​សម្ងាត់​ជាមួយ​ចៅ​ពញា​អុង ជា​ព្រះរាជ​បុត្រ​ព្រះ​ស្រី​រាជា និង​ត្រូវ​ជា​ព្រះរៀម​ជីដូន​មួយ​នឹង​ព្រះអង្គ ដើម្បី​បបួល​ព្រះអង្គ​អោយ​វិល​ត្រឡប់​មក​ប្រទេស​វិញ។ ប៉ុន្តែ​ត្រូវ​ពញា​អុង ដែល​បាន​ក្លាយ​ជា​បុត្រ​ធម៌​របស់​ព្រះចៅ​សៀម និង​បាន​តំណែង​ជា​ចៅហ្វាយ​ខេត្ត​សុវណ្ណខាត់លោក ទៅ​ហើយ​នោះ បាន​បដិសេធ។ មិន​ត្រឹម​ប៉ុណ្ណោះ​ទេ ពញា​អុង បាន​ទូល​ស្ដេច​សៀម សព្វ​គ្រប់​ពី​គំនិត និង​ល្បិច​របស់​ព្រះអង្គ​ច័ន្ទ ដែល​ក្លែង​ធ្វើ​ជា​ទៅ​ទាក់​ដំរី ប៉ុន្តែ​តាម​ការ​ពិត គឺ​ព្រះអង្គ​ទ្រង់​នាំ​ទ័ព​ទៅ​រំដោះ​ប្រទេស​កម្ពុជា។ ដំណឹង​នេះ ធ្វើ​អោយ​ព្រះចៅ​សៀម ខ្ញាល់​ជា​ខ្លាំង ហើយ​បញ្ជា​អោយ​លើក​ទ័ព​ទៅ​តាម​ព្រះអង្គ​ច័ន្ទ អោយ​ត្រឡប់​មក​វិញ។ តែ​ពេល​នោះ ព្រះអង្គ​ច័ន្ទ​រាជា បាន​លើក​ទ័ព​ចូល​ទៅ​ក្នុង​ប្រទេស​ខ្មែរ​ផុត​រួច​ជា​ស្រេច​ទៅ​ហើយ។

ក្រោយ​ពី​ព្រះអង្គ​ច័ន្ទ ទ្រង់​នាំ​ទ័ព​ចូល​មក​ដល់​កម្ពុជា ភ្លាម សង្គ្រាម​រវាង​ព្រះអង្គ និង​ហ្លួង​ព្រះ​ស្ដេច​កន ក៏​បាន​ផ្ទុះ​ឡើង ហើយ​អូស​បន្លាយ​អស់​រយៈពេល​ជិត ១០​ឆ្នាំ។ ព្រះអង្គ​ច័ន្ទ មាន​ការ​គាំទ្រ​យ៉ាង​ប្ដូរ​ផ្តាច់​ពី​គ្រួសារ​តា​ពេជ្រ គឺ​ឃ្លាំងមឿង ដែល​បាន​ធ្វើ​ពលិកម្ម​បូជា​ជីវិត ដើម្បី​ទៅ​កេណ្ឌ​ទ័ព​ខ្មោច​មក​ជួយ​ផង ពី​មេទ័ព​ទាំងអស់ ព្រម​ទាំង​ប្រជារាស្ត្រ​ច្រើន​លើសលប់​ផង។

ទី​បញ្ចប់​នៃ​សង្គ្រាម​នេះ ទ័ព​ព្រះ​ច័ន្ទ​រាជា បាន​ព័ទ្ធ​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃ​នគរ​របស់​ស្ដេច​កន ជាប់​អស់​រយៈ​កាល​បី​ខែ ហើយ​វាយ​សន្ធាប់​ធ្វើ​អោយ​ស្ដេច​កន ត្រូវ​របួស និង​ចាប់​ខ្លួន​បាន ហើយ​ត្រូវ​ប្រហារ​ជីវិត​ដោយ​កាត់​ក្បាល​ដោត​ជា​បម្រាម នៅ​មុខ​បន្ទាយ​នោះ​ក្នុង​ឆ្នាំ​១៥២៥ នៃ​គ.ស។

ដោយ​មាន​សំណូមពរ​ពី​ព្រះរាជា គណៈ​សង្ឃ ពី​ព្រាហ្មណ៍​បុរោហិត ព្រះរាជវង្សានុវង្ស នាម៉ឺន​សព្វ​មុខ​មន្ត្រី​ផង ព្រះ​ច័ន្ទ​រាជា ទ្រង់​យល់​ព្រម​ទទួល​ឡើង​សោយរាជ្យ ដោយ​បាន​ធ្វើ​ពិធី​សង្គ្រាមាពិសេក​នៅ​ឆ្នាំ​១៥១៦ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា “សម្ដេច​ព្រះ​បរម​រាជា​ច័ន្ទ​រាជា”។

លុះ​បាន​ទទួល​ជោគជ័យ​ជា​ស្ថាពរ​លើ​ស្ដេច​កន ហើយ ហើយ​ក្រឡាពាស​សួស បាន​យល់សប្តិ និង​រក​ឃើញ​គ្រឿង​បញ្ចក្សត្រ​សម្រាប់​រាជ្យ ដែល​សម្ដេច​ព្រះ​ឥសីភ័ទ បាន​យក​ទៅ​លាក់​ទុក​ក្នុង​រូង​ដើម​ចំបក់​មួយ​នៅ​ស្រុក​បាទី មុន​ពេល​ដែល​គាត់​អនិច្ចកម្ម​នោះ​មក​វិញ ទើប​ព្រះអង្គ​ទ្រង់​ទទួល​ពិធី​ប្រាប្ដាភិសេក សោយរាជ្យ​សម្បត្តិ​ជា​សូរេច ក្នុង​ពេល​ខាង​ក្រោយ គឺ​នៅ​ឆ្នាំ​១៥៣៩ នៃ​គ.ស ក្នុង​រាជធានី​លង្វែក។

សម្ដេច​ព្រះ​បរម​រាជា​មហា​ច័ន្ទ​រាជា ជា​ព្រះមហាក្សត្រ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ និង​ប្រកប​ដោយ​ទសពិធរាជធម៌។ ព្រះអង្គ​ទ្រង់​បាន​ប្រមូល និង​សម្រិតសម្រាំង​អស់​អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត ទាំង​ខាង​ផ្លូវ​លោក ទាំង​ខាង​ផ្លូវ​ធម៌ ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ ព្រម​ទាំង​គម្ពីរ​ដីកា ក្រាំង សាស្ត្រា ឯកសារ​ទាំងអស់ ទុក​ជា​គ្រឹះ​ព្រះ​នគរ។ ទ្រង់​សម្រិតសម្រាំង និង​ទំនុក​បម្រុង​អ្នក​មាន​ចំណេះ​វិជ្ជាការ មាន​ថ្វី​អាវុធ​យុទ្ធសាស្ត្រ រក្សា​ទុក​ជា​កម្លាំង​ការពារ​ជាតិ​មាតុភូមិ ហើយ​ទ្រង់​សព្វ​ព្រះរាជហឫទ័យ​ជួយ​ទំនុក​បម្រុង​ព្រះពុទ្ធ​សាសនា ដោយ​បាន​សាង​វត្ត​អារាម​ជាច្រើន​នៅ​ពោធិ៍សាត់ នៅ​បរិបូរណ៍ នៅ​ឧដុង្គ និង​នៅ​លង្វែក ហើយ​ទ្រង់​បាន​លើក​តម្កើង​ការ​កសាង​វប្បធម៌​ជាតិ មាន​ចាត់​អោយ​ហាត់​ល្ខោន​ប្រុស ល្ខោន​ស្រី ភ្លេង​ចម្រៀង តូរ្យតន្ត្រី​សព្វ​បែប​យ៉ាង សម្រាប់​ជា​ព្រះ​ឥស្សរិយយស​ជាដើម​ផង។

ចំណែក​ខាង​ការ​ចារ​សិលា​ចារិក ដែល​ខ្មែរ​អាក់​ខាន​លែង​បាន​សាង​តាំង​ពី​មុន​សម័យ​អង្គរ​មក ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ចាប់​ផ្ដើម​កសាង​ឡើង​វិញ​ខ្លះៗ តាំង​ពី​រាជ្យ​ព្រះអង្គ​ច័ន្ទ​រាជា នេះ​មក។ ជាក់ស្តែង ដូចជា​សិលា​ចារិក​មួយ​ចំនួន​នៅ​កន្លែង​ព្រះ​ពាន់ នៅ​ថ្នាក់​លើ គឺ​បាកាន និង​ថែវ​ខាង​ក្រោម​នៃ​ប្រាសាទ​អង្គរវត្ត មាន​ចុះ​កាល​កំណត់​ពី​គ.ស​១៥៦៥ ដល់​១៧៤៦ ជា​ភស្តុតាង​ស្រាប់។

ម្យ៉ាង​ទៀត ព្រះអង្គ​ច័ន្ទ​រាជា ជា​ព្រះ​មហាក្សត្រ​សឹក​ដ៏​អង់​អាច​ក្លាហាន​បំផុត ក្នុង​ចំណោម​ព្រះរាជា​ខ្មែរ​ក្រោយ​សម័យ​អង្គរ។ នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ ដោយសារ​ព្រះអង្គ​មិន​ព្រម​បញ្ជូន​សួយ​ទៅ​ថ្វាយ​ស្ដេច​សៀម ដែល​បាន​ចាត់​ទុក​នគរ​ខ្មែរ​ថា​ជា​នគរ​ចំណុះ​តាំង​ពី​រាជ្យ​ព្រះ​ធម្ម​រាជា មក​នោះ នៅ​ឆ្នាំ​១៥៣០ ព្រះចៅ​ចក្រពត្តិ​ស្ដេច​សៀម បាន​លើក​ទ័ព​មក​លុក​លុយ​ខេត្ត​អង្គរ តែ​ត្រូវ​ទ័ព​ព្រះ​ច័ន្ទ​រាជា វាយ​អោយ​បែក​ខ្ចាត់ខ្ចាយ​បរាជ័យ​នៅ​ត្រង់​ស្ទឹង​អង្គរ ត្រង់​ភូមិ​មួយ​ដែល​ជាប់​ឈ្មោះ​ថា “សៀមរាប” ខេត្ត​សៀមរាប រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

មិន​តែ​ប៉ុណ្ណោះ​ទេ នៅ​ឆ្នាំ​១៥៣១ ព្រះ​ច័ន្ទ​រាជា ទ្រង់​លើក​ទ័ព​ទៅ​វាយ​រំដោះ​យក​ខេត្ត​បស្ចិម​បុរី​មក​វិញ​បាន។ នៅ​ឆ្នាំ​១៥៤០ ព្រះចៅ​ចក្រពត្តិ​ស្ដេច​សៀម បាន​បញ្ជា​អោយ​ពញា​អុង ដែល​គេ​រក្សា​ទុក​ជា​កូន​អុក​សម្រាប់​ប្រឆាំង​នឹង​ខ្មែរ​នោះ អោយ​លើក​ទ័ព​ជើង​គោក​ចំនួន​ប្រាំបួន​ម៉ឺន​នាក់ និង​ទ័ព​ជើង​ទឹក​ប្រាំ​ម៉ឺន​នាក់ ដឹក​នាំ​ដោយ​ពញា​វាំង​សាន ចូល​មក​លុក​លុយ​ប្រទេស​កម្ពុជា តែ​ទ័ព​ទាំង​ពីរ​នេះ ត្រូវ​បាន​វាយ​កំទេច​ដោយ​ទ័ព​ខ្មែរ ហើយ​ពញា​អុង ជា​បុត្រ​ព្រះ​ស្រី​រាជា ដែល​បន្ទាប់​មក​ក្លាយ​ជា​បុត្រ​ចិញ្ចឹម​របស់​ព្រះចៅ​សៀម ក៏​ត្រូវ​ព្រះអង្គ​ច័ន្ទ កាប់​នឹង​សែង​ដាវ សុគត​លើ​ខ្នង​ដំរី​ក្នុង​ខេត្ត​ពោធិ៍សាត់ ក្នុង​សង្គ្រាម​នោះ​ទៅ។

នៅ​ឆ្នាំ​១៥៥៧ ឆ្លៀត​ឱកាស​ដែល​សៀម ជាប់​ដៃ​ច្បាំង​នឹង​ភូមា ព្រះបាទ​ច័ន្ទ​រាជា ទ្រង់​លើក​ទ័ព​ទៅ​វាយ​សៀម រំដោះ​យក​ខេត្ត​ច័ន្ទបុរី និង​ខេត្ត​ផ្សេង​ទៀត​នៅ​ជិត​នោះ​បាន​មក​វិញ។ សង្គ្រាម​ជាមួយ​សៀម ដើម្បី​រំដោះ​ទឹក​ដី​ខ្មែរ​មក​វិញ​នេះ ត្រូវ​ព្រះអង្គ​ដឹក​នាំ​ពីរ​លើក​ទៀត​នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​នៅ​ឆ្នាំ​១៥៥៩ ម្តង និង​ឆ្នាំ​១៥៦២ ម្តង​ទៀត។

ព្រះបាទ​សម្ដេច​ព្រះ​បរម​ខត្តិ​យាមហា​ច័ន្ទ​រាជា ជា​ព្រះមហាក្សត្រ​ប្រកប​ដោយ​កិត្យានុភាព និង​មាន​ព្រះ​កិត្តិយស​ក្រអូប​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​កម្ពុជា។ ព្រះអង្គ​ទ្រង់​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១៥១៦ នៃ​គ.ស ដោយ​មាន​ទីតាំង​ជា​បណ្ដោះអាសន្ន​នៅ​បន្ទាយជ័យ ខេត្ត​ពោធិ៍សាត់។ ប៉ុន្តែ​ដល់​ឆ្នាំ​១៥២៧ ព្រះអង្គ​ទ្រង់​បាន​បញ្ជា​អោយ​សាង​ក្រុង​ថ្មី គឺ​ក្រុង​លង្វែក ដែល​ជា​បន្ទាយ​រឹងមាំ​ចុង​ក្រោយ​បំផុត​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​សាង​រួច​រាល់​ក្នុង​រយៈពេល​បី​ឆ្នាំ។ លុះ​ដល់​ឆ្នាំ​១៥២៩ ព្រះអង្គ​ក៏​ទ្រង់​យាង​ចេញ​ពី​បន្ទាយជ័យ ខេត្ត​ពោធិ៍សាត់ មក​គង់​នៅ​ក្រុង​ថ្មី​នេះ។

ព្រះ​បរម​ខត្តិ​យាមហា​ច័ន្ទ​រាជា ទ្រង់​សោយ​ទិវង្គត​ក្នុង​ឆ្នាំ​១៥៦៦ នៃ​គ.ស នៅ​រាជធានី​លង្វែក ហើយ​ព្រះ​អដ្ឋិធាតុ​របស់​ព្រះអង្គ ត្រូវ​បាន​គេ​បញ្ចុះ​នៅ​នឹង​ចេតិយ​មួយ​ស្ថិត​នៅ​លើ​ភ្នំ​ព្រះរាជ​ទ្រព្យ “ឧដុង្គ“ សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ​ឯកសារ​ខ្លះ​បាន​បញ្ជាក់​ផ្ទុយ​ពី​នេះ​ទៅ​វិញ គឺ​ថា​ព្រះ​អដ្ឋិធាតុ​របស់​ព្រះអង្គ ត្រូវ​បាន​ព្រះរាជ​បុត្រ​ដែល​សោយរាជ្យ​បន្ត គឺ​ព្រះបាទ​បរមិន្ធររាជា ទ្រង់​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ព្រះ​ចេតិយ​ជាមួយ​ព្រះ​អយ្យកោ គឺ​ព្រះ​ធម្មរាជា ប្រប​ព្រះពុទ្ធ​ចេតិយ​ឯ​ភ្នំ​សន្ទុក​ឯណោះ​ទៅ​វិញ៕

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!