Friday, June 12, 2015

ប្រវត្តិ​ព្រះបាទ​បរមិន្ធររាជា​ដណ្ដើម​ខេត្ត​ខ្មែរ​មួយ​ចំនួន​ពី​សៀម (ភាគ​៣១)

គ.៨ ព្រះបាទ​បរមិន្ធររាជា (ឆ្នាំ​១៥៦៦-ឆ្នាំ​១៥៧៦)

ព្រះមហាក្សត្រ​ខ្មែរ​ដែល​គ្រងរាជ្យ​នៅ​ចុង​សតវត្ស​ទី​១៦ គឺ​ព្រះបាទ​បរមិន្ធររាជា។ ព្រះអង្គ​បាន​ដឹក​នាំ​ការ​វាយ​ដណ្ដើម​យក​ខេត្ត​ខ្មែរ​មួយ​ចំនួន​ពី​ប្រទេស​ សៀម មក​វិញ ក្នុង​នោះ​មាន​ខេត្ត​នគររាជសីមា សង្គាស គោកខ័ណ្ឌ ស៊ីសាកេត បស្ចឹមបុរី ច័ន្ទបុរី ត្រាត និង រយ៉ង។

ជា​បន្ត​ទៅ​ទៀត​នេះ  សូម​រៀបរាប់​ជូន​នូវ​ព្រះរាជ​សកម្មភាព​ដែល​កត់ត្រា​ទុក​ក្នុង​ ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​ព្រះបាទ​បរមិន្ធររាជា ដូច​ត​ទៅ៖

ក្រោយ​ពី​ព្រះអង្គ​ច័ន្ទរាជា សោយ​ទិវង្គត​ទៅ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ដែល​ជា​មហាឧបរាជ បាន​ឡើង​សោយរាជ្យ​ស្នង ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជ​ឱង្ការ ព្រះបរមិន្ធររាជាធិរាជ។ 

ព្រះបរមិន្ធររាជាធិរាជ មិន​ខុស​ពី​ព្រះបិតា​ព្រះអង្គ គឺ​ព្រះ​ច័ន្ទរាជា ឡើយ ទ្រង់​ជា​ព្រះមហាក្សត្រ​សឹក​ដ៏​អង់អាច​ក្លាហាន។ ព្រះអង្គ​ទ្រង់​បាន​បន្ត​ស្នាព្រះហស្ត​ព្រះបិតា​ព្រះអង្គ ដោយ​បាន​វាយ​ទាមទារ​យក​មក​វិញ​នូវ​ខេត្ត​ខ្មែរ​មួយ​ចំនួន​ភាគ​ខាង​លិច ដែល​សៀម បាន​ឆក់​ប្លន់​យក​ទៅ​នោះ​ជាច្រើន​លើក។ គឺ​ម្តង​នៅ​ឆ្នាំ​១៥៦៨ ខ្មែរ​លើក​ទ័ព​ប្រមាណ​ពីរ​ម៉ឺន​នាក់ ទៅ​វាយ​ក្រុង​ស្រីព្ឋយុធ្យា តែ​វាយ​មិន​បាន។ មួយ​លើក​នៅ​ឆ្នាំ​១៥៧០ គឺ​ឆ្លៀត​ពេល​ដែល​ស្ដេច​ភូមា បាន​លើក​ទ័ព​មក​លុក​លុយ​ប្រទេស​សៀម ដាក់​ជា​ចំណុះ​ភូមា ទ័ព​ខ្មែរ​ក៏​ចូល​វាយ ហើយ​យក​បាន​ខេត្ត​នគររាជសីមា មក​វិញ ហើយ​ដាក់​មន្ត្រី​ខ្មែរ​អោយ​កាន់​កាប់​នៅ​ទីនោះ។ មួយ​លើក​ទៀត​នៅ​ឆ្នាំ​១៥៧៤ ឆ្លៀត​ពេល​ដែល​សៀម លើក​ទ័ព​ទៅ​ជួយ​ភូមា “ដោយ​បង្ខំ” ដើម្បី​វាយ​យក​ប្រទេស​លាវ ទ័ព​ខ្មែរ​ក៏​បាន​ចូល​វាយ​ក្រុង​ព្ឋយុធ្យា ប្រទេស​សៀម ម្តង​ទៀត។ ពេល​នោះ ខ្មែរ​វាយ​រំដោះ​យក​បាន​ខេត្ត​ភាគ​ខាង​លិច​របស់​ខ្លួន​មក​វិញ​មួយ​ចំនួន។

ចាប់​ពី​ពេល​នោះ​មក ដោយ​មាន​ការ​គាប​សង្កត់​ពី​ប្រទេស​ភូមា ផង និង​ពី​ប្រទេស​ខ្មែរ​យ៉ាង​ខ្លាំងក្លា​ពេក​ផង ព្រះមហាធម្មរាជា​ស្ដេច​សៀម ត្រូវ​បង្ខំ​ចិត្ត​ទទួល​ធ្វើ​សន្ធិសញ្ញា​ចង​ស្ពាន​មេត្រី​ជាមួយ​ខ្មែរ​នៅ​ ក្នុង​ឆ្នាំ​១៥៧៤ នោះ ដោយ​ព្រម​ប្រគល់​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​នូវ​ខេត្ត​នគររាជសីមា បស្ចឹមបុរី ច័ន្ទបុរី ហើយ​ធ្វើ​ព្រះរាជ​ពិធី​សត្យ​សញ្ញា​ព្រះរាជ​មេត្រី និង​បោះ​គោល​សីមា​ត្រង់​តំបន់​រអាង​សិលា “ខេត្ត​ស្រះកែវ” ជា​ព្រំប្រទល់​ប្រទេស​ទាំង​ពីរ​ផង។ គឺ​ដោយ​ហេតុ​នេះ​ហើយ បាន​ជា​វិសាលភាព​នៃ​ប្រទេស​កម្ពុជា ក្នុង​សតវត្ស​ទី​១៦ នោះ មាន​ភាព​ធំ​ទូលាយ​បង្គួរ គឺ​ខាង​ត្បូង​ទល់​សមុទ្រ ខាង​កើត​ទល់​នឹង​ប្រទេស​ចំប៉ា ឯ​ខាង​លិច​ខេត្ត​នគររាជសីមា សង្គាស គោកខ័ណ្ឌ ស៊ីសាកេត បស្ចឹមបុរី ច័ន្ទបុរី ត្រាត រយ៉ង ។ល។ នៅ​ជា​របស់​ខ្មែរ​ទាំងអស់។

ម្យ៉ាង​ទៀត​នៅ​ក្នុង​រាជ្យ​របស់​ព្រះបាទ​បរមមិន្ធរបរមរាជា នេះ ប្រទេស​ខ្មែរ​ក៏​បាន​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​លាវ ផង​ដែរ។ នៅ​ឆ្នាំ​១៥៧២ ស្ដេច​លាវ បើ​តាម​ឯកសារ​ខ្មែរ​ថា ព្រះនាម​ព្រះចៅ​ស៊ីសត្តនាគណៈហុក បាន​បបួល​ស្ដេច​ខ្មែរ​ភ្នាល់​ប្រជល់​ដំរី ដោយ​ដាក់​នគរ​ជា “ក្រយ៉ា​តំណាំង”។ គឺ​បើ​ដំរី​នគរ​ណា​ចាញ់ នគរ​នោះ​នឹង​ក្លាយ​ជា​ចំណុះ។

ក្នុង​ការ​ភ្នាល់​ប្រជល់​ដំរី​នេះ ថ្វី​ត្បិត​តែ​ដំរី​របស់​ប្រទេស​លាវ “ឡាន​ឆាង” ធំ​ជាង​ដំរី​ខ្មែរ តែ​ទីបំផុត ដំរី​ខ្មែរ​ទទួល​បាន​ជោគជ័យ​លើ​ដំរី​លាវ។ ព្រះចៅ​ស៊ីសត្តនាគណៈហុក ស្ដេច​នៃ​នគរ​លាវ ជ្រាប​ដូច្នោះ ទ្រង់​ខ្ញាល់​ជា​ខ្លាំង ហើយ​ក៏​លើក​ទ័ព​យ៉ាង​ធំ​តាម​ផ្លូវ​គោក​ផង តាម​ផ្លូវ​ទឹក​ផង ចុះ​មក​វាយ​នគរ​កម្ពុជា។ ទ័ព​ជើង​គោក ដែល​ជា​ទ័ព​ដ៏​ធំ​របស់​លាវ មក​ជួប​ប្រយុទ្ធ​ជាមួយ​ទ័ព​ខ្មែរ​នៅ​ខេត្ត​អាសន្ទុក។ ឯ​ទ័ព​ជើង​ទឹក​ច្បាំង​គ្នា​នៅ​ចម្ងាយ​ប្រមាណ ៣៥​គីឡូម៉ែត្រ​ពី​ខាង​ជើង​ភ្នំពេញ​នោះ ត្រូវ​ទទួល​បរាជ័យ បែក​ទ័ព​រត់​ខ្ចាត់ខ្ចាយ ដក​ថយ​ទៅ​វិញ​អស់។

ក្នុង​សង្គ្រាម​នេះ ខ្មែរ​ចាប់​បាន​លាវ យក​ធ្វើ​ជា​ឈ្លើយ​ជាច្រើន ហើយ​ចាត់​អោយ​ទៅ​នៅ​ខេត្ត​ខាង​ត្បូង​ខ្លះ ខេត្ត​ខាង​លិច​ខ្លះ ហើយ​ខ្លះ​ទៀត​នៅ​ខេត្ត​គោកសេះ ត្រង់​តំបន់​ដែល​ព្រះបរមិន្ធរបរមរាជា ទ្រង់​ប្រទាន​ឈ្មោះ​ថា “បាន​ឡាវ​ឆៀង​រ៉ាយ” ប្រែ​ថា “ស្រុក​លាវ​ឆៀង​រ៉ាយ” ដែល​បាន​ក្លាយ​មក​ជា​ស្រុក​បារាយណ៍ សព្វថ្ងៃ​នេះ។ ខ្លះ​ទៀត​អោយ​ទៅ​នៅ​បាភ្នំ និង​មួយ​ចំនួន​សម្រាប់​អោយ​ថែរក្សា​វត្ត​ភ្នំ​ដូនពេញ ដែល​ខ្មែរ​និយម​ហៅ​ថា ពួក​លាវ បាក់​ទូក​ជា​រៀង​រហូត​មក។

នៅ​ឆ្នាំ​១៥៧៤ ក្នុង​បំណង​សង​សឹក លាវ ​បាន​លើក​ទ័ព​ចូល​មក​កម្ពុជា ម្តង​ទៀត តែ​ដោយ​ពេល​នោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផង ហើយ​ពួក​ភូមា បាន​នាំ​ទ័ព​សៀម ចូល​មក​វាយ​ប្រទេស​លាវ ផង កងទ័ព​លាវ ក៏​ដក​ថយ​ពី​កម្ពុជា ទៅ​វិញ​អស់​ទៅ។

ខាង​វិស័យ​សាសនា​វិញ ព្រះបាទ​បរមិន្ធរបរមរាជា ជា​ពុទ្ធសាសនិក​មួយ​ព្រះអង្គ​ដែល​បាន​យក​ព្រះទ័យ​ទុក​ដាក់​ទំនុក​បម្រុង​ ព្រះពុទ្ធ​សាសនា​ណាស់។ ព្រះអង្គ​ទ្រង់​បាន​សាង​វត្ត​ព្រះឥន្ទទេព នៅ​ក្នុង​បរិវេណ​បន្ទាយលង្វែក។ ក្រោយ​ពី​បាន​បំពេញ​សន្ធិសញ្ញា​មេត្រី​ភាព​ជាមួយ​សៀម រួច​មក​ប្រមាណ​ជិត​ពីរ​ឆ្នាំ ព្រះបាទ​បរមិន្ធរបរមរាជា ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៥៧៦ នៃ​គ.ស ក្នុង​រាជធានី​លង្វែក​នោះ​ទៅ៕
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង

ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!