Sunday, June 7, 2015

ក្រុម​គ្រួសារ​ដែល​អះអាង​ថា​ជា​សែ​រាជវង្ស​នរោត្ដម​ទាមទារ​ដោះ​លែង​ប្ដី​ពី​គុក​ព្រៃ​ស

ក្រុម​គ្រួសារ​របស់​ជន​ជាប់​ចោទ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ​ថា ក្លែង​បន្លំ​សែ​រាជវង្ស​នោះ ឥឡូវ​នេះ​កំពុង​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល និង​អំពាវនាវ​សូម​ព្រះរាជទាន​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ។ ស្ត្រី​ដែល​ជា​ភរិយា​បាន​អះអាង​ថា តាម​ពិត​ប្ដី​របស់​ខ្លួន គឺ​ពិត​ជា​ព្រះអង្គម្ចាស់​នរោត្តម​រដ្ឋា ដែល​ជា​បុត្រ​របស់​ព្រះមហាវីរៈក្សត្រ នរោត្តម សីហនុ ជាមួយ​អ្នក​ម្នាង បុប្ផា ភួង ពិត​មែន។
បើ​ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​ក៏ដោយ​ចុះ ក៏​អតីត​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាវីរៈក្សត្រ ព្រះអង្គ​បាន​បដិសេធ​ជុំវិញ​បញ្ហា​នេះ ហើយ​ចាត់​ទុក​ថា ពិរុទ្ធជន​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​នោះ គឺ​ពុំ​មែន​ជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ទេ។
ការ​ច្រាន​ចោល​សុំ​ព្រះរាជ​អន្តរាគមន៍ ដើម្បី​ឲ្យ​ទទួល​ស្គាល់​ជា​សែ​រាជវង្ស​ពី​ព្រះបរមរាជវាំង​នៅ​ពេល​នេះ​របស់​ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​បដិសេធ​ភ្លាមៗ​បន្ទាប់​ពី លោកស្រី សេង ស៊ីណែត ដែល​បញ្ជាក់​ថា ត្រូវ​ជា​ភរិយា​ឈ្មោះ នរោត្តម រដ្ឋា អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ប្ដី​របស់​លោកស្រី​ចេញ​ពី​ពន្ធនាគារ។ លោកស្រី សេង ស៊ីណែត រស់នៅ​ភូមិ​ដើមមាន សង្កាត់​ដើមមាន ក្រុង​តាខ្មៅ ថ្លែង​ថា ក្រុម​គ្រួសារ​របស់​លោកស្រី​ហ៊ាន​ប្រឈម​មុខ​ជាប់​ពន្ធនាគារ ប្រសិន​បើ​រក​ឃើញ​ថា ជន​ជាប់​ចោទ​ឈ្មោះ នរោត្តម រដ្ឋា ក្លែងក្លាយ និង​ហ៊ាន​បន្លំ​ថា​ជា​សែ​រាជវង្ស​ពិត​មែន​នោះ។ លោកស្រី​បន្ត​ថា «ខ្ញុំ​ចង់​ឲ្យ​មន្ត្រី​ទាំងអស់​ជួយ​អន្តរាគមន៍ និង​ដោះ​លែង​រឿង​ហ្នឹង ដើម្បី​ឲ្យ​គាត់​បាន​រួច​ខ្លួន​ពី​ពន្ធនាគារ​វិញ»
ពិរុទ្ធជន នរោត្តម រដ្ឋា ដែល​អះអាង​ខ្លួន​ថា​ជា​សែ​រាជវង្ស​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា កន្លង​ទៅ​នេះ។ មូលហេតុ​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​ពិរុទ្ធជន​រូប​នេះ​ព្យាយាម​ស្វែងរក​កិច្ច​អន្តរាគមន៍ ដើម្បី​ឲ្យ​បាន​ទទួល​ស្គាល់​ជា​សាច់សាលោហិត​របស់​រាជវង្ស។
ពាក់ព័ន្ធ​រឿង​នេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ទីប្រឹក្សា​ព្រះមហាវីរៈក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះអង្គ​មាន​បន្ទូល​ថា ក្នុង​ព្រះរាជវង្សានុវង្ស​ពុំ​មាន​ឈ្មោះ នរោត្តម រដ្ឋា ទេ។ លើស​ពី​នេះ​ទៀត ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះអង្គ​ក៏​ពុំ​ធ្លាប់​មាន​អ្នក​ម្នាង​ឈ្មោះ បុប្ផា ភួង ដែល​អះអាង​ថា ជា​ព្រះ​មាតា​របស់​ឈ្មោះ នរោត្តម រដ្ឋា នេះ​ថែម​ទៀត​ផង។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា នេះ​ជា​ការ​ក្លែង​បន្លំ​ប៉ុណ្ណោះ។ ព្រះអង្គ​មាន​បន្ទូល​ថា «ជន​សង្ស័យ​ហ្នឹង​បាន​ប្រកាស​ថា​ខ្លួន​ឯង​ជា​ ព្រះរាជបុត្រ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ។ សម្ដេច​ម៉ែ​ក៏​លោក​បាន​មាន​ការ​ភ្ញាក់​ផ្អើល​ជុំវិញ​រឿង​ហ្នឹង។ នេះ គឺ​ជា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ហើយ រឿង​ទាំងអស់​ហ្នឹង គឺ​សុទ្ធតែ​រឿង​មិន​ពិត​ទេ»
បើ​ទោះ​ជា​មាន​ការ​បកស្រាយ​បែប​នេះ​ពី​អតីត​ទីប្រឹក្សា​របស់​ ព្រះមហាក្សត្រ​ក្ដី គឺ​មាន​ស្ត្រី​វ័យ​ជាង ៧០​ឆ្នាំ​ម្នាក់​ឈ្មោះ នាង ឡាយ ដែល​អះអាង​ថា ធ្លាប់​ធ្វើ​ជា​ម្ដាយ​ចិញ្ចឹម​របស់ នរោត្តម រដ្ឋា ក្រោយ​ឆ្នាំ​១៩៧៩ មក ឲ្យ​ដឹង​ថា ពិរុទ្ធជន​ដែល​កំពុង​ជាប់​ឃុំ​នេះ គឺ​ពុំ​មែន​ជា​មនុស្ស​ដែល​ក្លែង​បន្លំ ដើម្បី​ផល​ប្រយោជន៍​អ្វី​នោះ​ទេ។ លោកស្រី នាង ឡាយ រស់នៅ​សង្កាត់​ស្ទឹងមានជ័យ បន្ត​ថា ការ​ខ្វែង​គំនិត​គ្នា​មិន​ទទួល​ស្គាល់​ថា​ជា​ព្រះរាជបុត្រ​ផ្ទាល់​របស់​ ព្រះមហាវីរៈក្សត្រ​នេះ ព្រោះ​តែ​ប្រទេស​កម្ពុជា ឆ្លង​កាត់​ភ្លើង​សង្គ្រាម​ជាច្រើន​ដំណាក់​កាល ហេតុ​នេះ​បណ្ដាល​ឲ្យ​សែ​រាជវង្ស​អង្គ​នេះ​ត្រូវ​ប្រឈម​នឹង​បញ្ហា​អត្តសញ្ញាណ ​មក​ដល់​ពេល​នេះ។ លោកស្រី​បន្ត​ថា «នរោត្តម រដ្ឋា ស្គាល់​ដឹង​ថា​ស្គាល់​ហើយ ព្រោះ​ទទួល​ខ្ញុំ​ជា​ម្ដាយ​ចិញ្ចឹម»
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ទេ​ជុំវិញ​រឿង​នេះ​ពី​មន្ត្រី​ រដ្ឋាភិបាល ដោយ​អ្នក​ទទួល​ទូរស័ព្ទ​អះអាង​ថា ជាប់​រវល់​នៅ​ថ្ងៃ​ទី​៧ មិថុនា។
បើ​ទោះ​ជា​បែប​នេះ​ក្ដី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជា​សែស្រឡាយ​រាជវង្ស និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ផង ព្រះអង្គ​នៅ​តែ​បដិសេធ​ថា ពុំ​មាន​មហេសី​ព្រះនាម បុប្ផា ភួង ទេ។ ព្រះអង្គ​មាន​បន្ទូល​ថា ព្រះជាយា​របស់​ព្រះមហាវីរៈក្សត្រ​មាន​តែ​អ្នក​ម្នាង កាញ៉ូល អ្នក​ម្នាង ម៉ម លាវ ដែល​ជា​ជនជាតិ​លាវ ហើយ​ក៏​ជា​ព្រះ​មាតា​របស់​ព្រះរាជ​បុត្រី អរុណ រស្មី និង​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ប៉ុណ្ណោះ៕

 ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!