ខណៈដែលអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិកំពុងសម្ដែងការបារម្ភអំពីសេចក្ដីព្រាងច្បាប់របស់ រដ្ឋាភិបាល គណបក្សសង្គ្រោះជាតិ បង្ហាញជំហរថា នឹងមិនគាំទ្រច្បាប់នេះឡើយ ប្រសិនបើវាជាច្បាប់មិនល្អ។
តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍នៅថ្ងៃទី៦ ខែមិថុនា ថា នៅពេលដែលសេចក្ដីព្រាងច្បាប់នេះបញ្ជូនមកដល់រដ្ឋសភា ប្រសិនបើតំណាងរាស្ត្របក្សប្រឆាំងមើលឃើញថា វាមិនមានការកែប្រែ ឬមិនដាក់ឲ្យភាគីពាក់ព័ន្ធជជែកពិភាក្សា ផ្ដល់យោបល់នោះទេ តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ទាំង ៥៥រូប នឹងមិនបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់នេះឡើយ។
លោក យឹម សុវណ្ណ៖ «ប្រទេសកម្ពុជា យើងខ្ញុំជឿថា រយៈពេលកន្លងមកហ្នឹងគឺសង្គមស៊ីវិល ធ្វើការមានប្រយោជន៍ច្រើនណាស់ទៅដល់សង្គម ទៅដល់ប្រទេសជាតិរបស់យើង ដូច្នេះបើយើងផ្អែកទៅលើស្ថានភាពស្រុកទេសយើងជាក់ស្ដែង អ្វីដែលសង្គមស៊ីវិលផ្ដល់យោបល់ គឺមានប្រយោជន៍ល្អ ខ្ញុំសុំឲ្យភាគីពាក់ព័ន្ធទាំងអស់នៅតែបន្តការតស៊ូមតិតទៅទៀត ពីព្រោះបើសិនយើងមិនមានច្បាប់មួយដែលស្របតាមឆន្ទៈភាគីពាក់ព័ន្ធ ហើយជាពិសេសក្រុមសង្គមស៊ីវិល វានឹងប៉ះពាល់ទៅដល់ដំណើរការរបស់សង្គមស៊ីវិលជាតិ និងអន្តរជាតិ ហើយវាប៉ះពាល់ដល់ផលប្រយោជន៍ជាតិទាំងមូល»។
គណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះ ក៏បានចេញសេចក្ដីថ្លែងការណ៍អំពាវនាវដល់រដ្ឋាភិបាល ធានាឲ្យមានការបើកចំហ និងតម្លាភាពក្នុងដំណើរការព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល តាមរយៈការរៀបចំវេទិកាពិគ្រោះយោបល់សាធារណៈនៅមុនពេលសេចក្ដីព្រាង ច្បាប់នេះ បញ្ជូនមករដ្ឋសភាដើម្បីពិភាក្សា និងអនុម័ត។
លោក យឹម សុវណ្ណ ក៏អំពាវនាវដល់តំណាងរាស្ត្រទាំងអស់ មិនថាតំណាងរាស្ត្រមកពីគណបក្សកាន់អំណាច ឬគណបក្សប្រឆាំងឡើយ ត្រូវត្រួតពិនិត្យ និងតម្កល់ផលប្រយោជន៍ជាតិជាធំ មុនបោះឆ្នោតគាំទ្រលើសេចក្ដីព្រាងច្បាប់នេះ។
សង្គមស៊ីវិលបានសម្ដែងការខកចិត្តចំពោះរដ្ឋាភិបាលដែលបានអនុម័ត សេចក្ដីព្រាងច្បាប់នេះ ប៉ុន្តែពួកគេសង្ឃឹមថា នៅពេលដែលសេចក្ដីព្រាងច្បាប់បញ្ជូនទៅដល់រដ្ឋសភា រដ្ឋសភា នឹងបើកចំហឲ្យសង្គមស៊ីវិលចូលរួមពិភាក្សា និងផ្ដល់យោបល់ទៅលើសេចក្ដីព្រាងច្បាប់នេះ។
ឆ្លើយតបចំពោះការបារម្ភរបស់សង្គមស៊ីវិល តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន មានប្រសាសន៍ថា នៅពេលដែលសេចក្ដីព្រាងច្បាប់មកដល់រដ្ឋសភា សភានឹងបើកសិក្ខាសាលាដើម្បីអនុញ្ញាតឲ្យសង្គមស៊ីវិល និងភាគីពាក់ព័ន្ធចូលរួមពិគ្រោះយោបល់ ហើយលោកថា ប្រសិនបើយោបល់របស់ពួកគេល្អ នោះសភានឹងបញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់ ដើម្បីយកទៅតតាំងជាមួយរដ្ឋាភិបាល។
យ៉ាងណាក៏ដោយ កន្លងមកគេសង្កេតឃើញថា នៅពេលដែលសេចក្ដីព្រាងច្បាប់ត្រូវបានរដ្ឋាភិបាលអនុម័តរួច ហើយបញ្ជូនទៅកាន់រដ្ឋសភា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលមានសំឡេងភាគច្រើននៅរដ្ឋសភា មិនសូវជាបានកែប្រែច្រើននោះទេ ហើយបានអនុម័តសេចក្ដីព្រាងច្បាប់ទាំងនោះ យ៉ាងឆាប់រហ័ស។
លោក ឈាង វុន បញ្ជាក់ថា អង្គការសង្គមស៊ីវិល មិនបាច់ព្រួយបារម្ភពេកនោះទេ។ លោកថា ច្បាប់ដែលរដ្ឋាភិបាលកំពុងបង្កើតនៅពេលនេះ គឺដើម្បីគាំពារអង្គការមិនមែនរដ្ឋាភិបាលប៉ុណ្ណោះ៖ «ចាំដល់ពេល យើងបានសេចក្ដីព្រាងច្បាប់មកយើងផ្ទៀងជាមួយសេចក្ដីព្រាងច្បាប់ ថ្មី តើបើប្រៀបធៀបជាមួយច្បាប់អាមេរិកវាយ៉ាងម៉េច ជាមួយឥណ្ឌាដែលជាប្រទេសប្រជាធិបតេយ្យនៅអាស៊ីយ៉ាងម៉េច? សិង្ហបុរី ថាម៉េច ថៃថាម៉េច គេនឹងធ្វើការប្រៀបធៀប។ ច្បាប់របស់យើងមិនខុសគេទេ បើខុសគេយើងមិនមែនមនុស្សជាតិទេ»។
សព្វថ្ងៃប្រទេសកម្ពុជា មានសមាគម-អង្គការមិនមែនរដ្ឋាភិបាលប្រមាណ ៥ពាន់កំពុងតែបំពេញសកម្មភាពការងាររបស់ខ្លួន។ មន្ត្រីរដ្ឋាភិបាលអះអាងថា សេចក្ដីព្រាងច្បាប់ដែលរដ្ឋាភិបាលបានអនុម័តកាលពីថ្ងៃទី៥ ខែមិថុនា រដ្ឋាភិបាលនឹងបញ្ជូនទៅកាន់រដ្ឋសភានៅសប្ដាហ៍ក្រោយ៕
ប្រភព RFA
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.