Sunday, June 7, 2015

រដ្ឋាភិបាល​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ-​សមាគម

វិមាន​សន្តិភាព ៦១០
អគារ​រដ្ឋាភិបាលដែលមានឈ្មោះថា "វិមានសន្តិភាព" ស្ថិតនៅក្នុងរាជធានីភ្នំពេញ។
RFA
សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​ជា​ស្ថាពរ​ហើយ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា។ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា មាន​ចំណុច និង​មាត្រា​មួយ​ចំនួន​ត្រូវ​បាន​កែប្រែ និង​លុបចោល។ យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​នៅ​តែ​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ការ​អនុម័ត​សេចក្ដី​ព្រាង​ ច្បាប់​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ។
បើ​ទោះ​ជា​មាន​ការ​រិះគន់​របស់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នៅ​ពេល​កន្លង​មក​យ៉ាង​ណា​ក៏ដោយ ទីបំផុត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ ត្រូវ​បាន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​អនុម័ត​ដោយ​រលូន។
​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យ​ដឹង​ថា បើ​ទោះ​ជា​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​រួច​រាល់​ហើយ​ក្តី រដ្ឋាភិបាល​ក៏​បាន​លុប​ចោល​មាត្រា​ចំនួន​២ ដើម្បី​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​ដំណើរការ​ទៅ​បាន​ល្អ។ មាត្រា​ចំនួន ២​នោះ គឺ​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រឹតត្បិត​ទៅ​លើ​ការ​ប្រើប្រាស់​ថវិកា​ រដ្ឋបាល​របស់​សង្គម​ស៊ីវិល និង​មួយ​ទៀត​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​ស្មុគស្មាញ​នៃ​ការិយាធិបតេយ្យ​ក្នុង​ការ​ បង្កើត​អង្គការ។
លោក ផៃ ស៊ីផាន ឲ្យ​ដឹង​ដែរ​ថា ក្រៅ​ពី​លុបចោល​មាត្រា​មួយ​ចំនួន​ក៏​មាន​ការ​កែប្រែ​ពាក្យ​ពេចន៍​ខ្លះៗ​ផង​ ដែរ។ លោក​ថា រដ្ឋាភិបាល​នឹង​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចាំបាច់​នេះ​ទៅ​កាន់​ រដ្ឋសភា​នៅ​សប្ដាហ៍​ក្រោយ៖ «ការ​គិត​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ ហ្នឹង​មាន​រយៈពេល ២០​ឆ្នាំ​ហើយ មាន​ការ​ធ្វើ​សេចក្ដី​ព្រាងច្បាប់ ការ​កែ​សម្រួល ឬ​ការ​ប្រមូល​ទិន្នន័យ​មួយ​ចំនួន​ដើម្បី​ធ្វើ​ច្បាប់​ហ្នឹង គឺ​អស់​រយៈ​ពេល ២០​ឆ្នាំ​ហើយ នៅ​ក្នុង​នោះ​គឺ​មាន​តាំង​ពី​គណបក្ស​ប្រឆាំង ក៏​បាន​គិត​បាន​គូរ​នៅ​ក្នុង​រឿង​ហ្នឹង​ដែរ ដូច្នេះ​អ្នក​ដែល​លើក​ឡើង​ថា ច្បាប់​នេះ​មិន​មាន​ជា​សារសំខាន់​សម្រាប់​កម្ពុជា គឺ​ខុស។ ឥឡូវ​យើង​បាន​ធ្វើ​សម្រេច​ហើយ​ច្បាប់​នេះ សម្តេច​តេជោ លោក​មាន​ប្រសាសន៍​ថា ជា​ច្បាប់​មួយ​ដើម្បី​ការពារ​ផលប្រយោជន៍​អង្គការ​ក្រៅ​រដ្ឋាភិបាល»
​បើ​ទោះ​ជា​លោក ផៃ ស៊ីផាន អះអាង​ថា ច្បាប់​នេះ​បង្កើត​ឡើង​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​អង្គការ​មិនមែន​ រដ្ឋាភិបាល និង​បាន​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ចូលរួម​ផ្ដល់​យោបល់​រួច​ហើយ​ក្តី មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​អនុម័ត​ សេចក្ដី​ព្រាង​​ច្បាប់​ដ៏​រហ័ស​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ។
​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.ស៊ី (CCC) លោក សឿង សារឿន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​បើក​ឲ្យ​សង្គម​ស៊ីវិល​បាន​ចូលរួម​ផ្តល់​យោបល់​ឲ្យ​បាន​ ទូលំទូលាយ មុន​នឹង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​បញ្ជូន​ទៅ​កាន់​រដ្ឋសភា។
​លោក សឿង សារឿន បញ្ជាក់​ថា លោក​គាំទ្រ​រដ្ឋាភិបាល​ដែល​បាន​លុប​មាត្រា​ចំនួន​២ នោះ យ៉ាង​ណា​ក៏ដោយ លោក​ថា នៅ​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ទៀត​ដែល​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ ក្នុង​នោះ​មាន​ដូចជា​ការ​រឹតត្បិត​លើ​ការ​ប្រតិបត្តិការ​របស់​អង្គការ​នៅ​ តាម​មូលដ្ឋាន ភាព​មិន​ច្បាស់លាស់​ថា តើ​បណ្ដាញ​សង្គម​មួយ​ចំនួន​ដែល​មិន​បាន​ចុះបញ្ជី​អាច​ធ្វើ​ប្រតិបត្តិ​របស់​ ខ្លួន​បាន​ដែរ ឬ​ក៏​យ៉ាង​ណា និង​ពី​ការ​រំលាយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាដើម។
លោក សឿង សារឿន មាន​ប្រសាសន៍​ទៀត​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​ហើយ​ក៏ដោយ​ចុះ លោក​សង្ឃឹម​ថា នៅ​ពេល​ច្បាប់​នេះ​ទៅ​ដល់​រដ្ឋសភា រដ្ឋសភា​នឹង​បើក​ទូលាយ​ឲ្យ​សង្គម​ស៊ីវិល​ចូលរួម​ផ្ដល់​យោបល់​មុន​នឹង​ អនុម័ត៖ «យើង​កន្លង​មក​ធ្លាប់​បាន​ជជែក​ជាមួយ​ឯកឧត្តម ឈាង វុន ហើយ​និង​សមាជិក​គណៈកម្មការ​ទី​៥ នៃ​រដ្ឋ​សភា គឺ​យើង​សង្ឃឹម​ថា នឹង​មាន​ការ​ទទួល​បាន​ការ​ពិគ្រោះ​យោបល់​យ៉ាង​ទូលំទូលាយ ហើយ​សង្ឃឹម​ថា អ្វី​ដែល​យើង​បារម្ភ​ពីរ​បី​ចំណុច​ទៀត។ យើង​សង្ឃឹម​ថា នឹង​អាច​ត្រូវ​ដោះស្រាយ​នៅ​រដ្ឋ​សភា»
បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​ធ្វើ​សកម្មភាព​មាន​ចំនួន​សរុប​ប្រមាណ ៥​ពាន់។ ពួកគេ​បាន​រួម​ចំណែក​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ទាំង​ក្នុង​វិស័យ​សង្គម សេដ្ឋកិច្ច និង​ពង្រឹង​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។ យ៉ាង​ណា​ក៏ដោយ អង្គការ​សហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​មួយ​ចំនួន បាន​លើក​ឡើង​ថា វា​ជា​រឿង​ចម្លែក​នៅ​ពេល​ដែល​រដ្ឋាភិបាល​ធ្វើ​ច្បាប់​ដើម្បី​ការពារ​ ផលប្រយោជន៍​របស់​សង្គម​ស៊ីវិល តែ​រដ្ឋាភិបាល​បែរ​ជា​មិន​ឲ្យ​សង្គម​ស៊ីវិល​ចូល​រួម​ក្នុង​ដំណើរ​ការ​ធ្វើ​ ច្បាប់​នេះ​ទៅ​វិញ៕

 ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!