Sunday, June 7, 2015

រដ្ឋសភា​សម្រេច​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ

រដ្ឋ​សភា ៦២០
រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា។ រូបថត​ថ្ងៃ​ទី​១ កញ្ញា ២០១៤
RFA/Rann Samnang
មន្ត្រី​សង្គម​ស៊ីវិល​អ្នក​ការពារ​ព្រៃឈើ និង​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត ធាតុអាកាស​ក្ដៅ គ្រោះ​មហន្តរាយ​ទឹកជំនន់ ខ្យល់​កន្ត្រាក់ បាតុភូត​រន្ទះ និង​អាកាសធាតុ​ប្រែប្រួល។ ការ​លើក​ឡើង​នេះ គឺ​ស្រប​ពេល​ដែល​រដ្ឋ​សភា ចាប់​ផ្តើម​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ គ្រោះអន្តរាយ។ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​មាន ១០​ជំពូក និង ៤៧​មាត្រា ត្រូវ​បាន​រដ្ឋ​សភា​ប្រជុំ​សម្រេច​អនុម័ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា។
តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ បាន​សាទរ​ចំពោះ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ។ ប៉ុន្តែ​លោក​អះអាង​ថា កម្ពុជា​មិន​ទាន់​មាន​ធនធានមនុស្ស​ផ្នែក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ច្រើន​ នោះ​ទេ។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវតែ​មាន​ផែនការ​ជាក់លាក់​ក្នុង​ការ​បណ្ដុះ​ធនធាន​មនុស្ស មិន​មែន​យក​មនុស្ស​មក​ប្រើ​ដោយ​គ្មាន​ជំនាញ​នោះ​ទេ។
លោក យឹម សុវណ្ណ៖ «ប៉ុន្តែ​ខ្ញុំ​ឃើញ​នៅ​កម្ពុជា ការ​ចាក់​លុប​បំពេញ​បឹង ការ​បូម​ខ្សាច់ ការ​លុប​បឹង លុប​សមុទ្រ ការ​លុប​ប្រឡាយ គឺ​ឃើញ​នៅ​តែ​មាន​ជា​បន្ត ហើយ​រឿង​នេះ គឺ​ប៉ះពាល់​ទឹកជំនន់​ពិត​ប្រាកដ។ ក្នុង​នាម​ជា​តំណាងរាស្ត្រ ខ្ញុំ​សូម​ទទូច​ទៅ​កាន់​រដ្ឋាភិបាល សូម​បញ្ឈប់​ជា​បន្ទាន់។ គ្រួសារ​មួយ​គ្រួសារ គាត់​ត្រូវ​មាន​ចំណេះដឹង និង​ព័ត៌មាន​គ្រប់គ្រាន់ ដូច្នេះ​វិទ្យុ ទូរទស្សន៍ ត្រូវ​ផ្សព្វផ្សាយ។ ថ្នាំពេទ្យ​ត្រូវ​តែ​មាន​គ្រប់គ្រាន់​សម្រាប់​ការពារ ក្នុង​ពេល​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង មិនមែន​មួយ​មាន​វេជ្ជបណ្ឌិត​ពីរ​អ៊ីចឹង​ទេ»
​លោក ញឹម វណ្ណដា អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់​លោក យឹម សុវណ្ណ។ លោក ញឹម វណ្ណដា បញ្ជាក់​ថា ការ​ខ្វះខាត​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ ខ្វះ​មធ្យោបាយ​បង្ការ និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជា​ឧបសគ្គ​ធំ​របស់​កម្ពុជា។
លោក ញឹម វណ្ណដា៖ «មន្ត្រី​ខ្ញុំ​មាន​ត្រឹមតែ ៣០​នាក់​ជាង​ទេ ហើយ​មន្ត្រី​ជំនាញ​មាន​តែ ២០​នាក់។ អ្នក​បម្រើ​ទឹកតែ​គ្មាន​ទេ យឹម សុវណ្ណ ត្រូវ​ដឹង​ថា មាន​ប៉ុណ្ណឹង​តើ​មាន​មន្ត្រី​ជំនាញ​ពី​ណា? ឥឡូវ​ត្រូវ​សុំ​ពី​ក្រសួង​ការពារជាតិ មន្ត្រី​មាន​ដែរ តែ​មាន​របៀប​នេះ។ អ៊ីចឹង​មិន​ងាយ​ទេ ពាក្យ​ថា ជំនាញ​នេះ​យូរ​ណាស់ អ៊ីចឹង សុវណ្ណ លើក​ឡើង​ខ្ញុំ​ទទួល​យក»
ញឹម វណ្ណដា ៣០៥
អនុ​ប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា។ RFA

ទន្ទឹម​នឹង​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រោះ ​មហន្តរាយ ប្រជាពលរដ្ឋ សិស្ស និស្សិត និង​មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​ថា គ្រោះ​មហន្តរាយ​ធម្មជាតិ គឺ​បណ្ដាល​មក​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​អ្នក​មាន​អំណាច​នៅ​កម្ពុជា។
និស្សិត​ផ្នែក​វេជ្ជសាស្ត្រ ឆ្នាំ​ទី​៥ នៃ​សកល​វិទ្យាល័យ​ឯកជន​មួយ​នៅ​ភ្នំពេញ លោក វីឡា លើក​ឡើង​ថា ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ស្រុក​ខ្មែរ​យើង​ដោយ​ធាតុអាកាស​ក្ដៅ​ខ្លាំង​ ប្រមាណ ៦០ ទៅ ៧០​ភាគរយ គឺ​បណ្ដាល​មក​ពី​ការ​កាប់​ព្រៃឈើ។ ផ្សែង​ដែល​ចេញ​ពី​ឧស្សាហកម្ម និង​សហគ្រាស​ធំៗ រួម​ទាំង​ឧស្ម័នកាបូនិច ដែល​បណ្ដាល​មក​ពី​ម៉ូតូ ឡាន​ចាស់ៗ និង​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់​ជាដើម ប្រមាណ ២០ ទៅ ៣០​ភាគរយ​ប៉ុណ្ណោះ។
លោក វីឡា៖ «មាន​ព្រៃឈើ​វា​ល្អ ព្រោះ​ព្រៃឈើ​ដែល​បណ្ដែត​អុកស៊ីហ្សែន និង​បណ្ដុះ​នូវ​ស្រទាប​អូហ្សូន ដែល​មាន​រយៈ​ចម្ងាយ​ពី ១.០០០ ទៅ ១.៥០០ ពី​ផែនដី។ ដូច្នេះ​បើ​សិន​ស្រទាប់​អូហ្សូន មាន​ក្រាស់ ការពារ​ពន្លឺ​កាំរស្មី​ពី​ព្រះអាទិត្យ​គឺ​បាន​ច្រើន»
លោក​បន្ត​ថា ដើម្បី​អាច​កាត់​បន្ថយ​កម្ដៅ​របស់​ព្រះអាទិត្យ​មក​លើ​ផែនដី គឺ​ផ្តើម​ចេញ​ពី​អ្នក​មាន​អំណាច​ដែល​តែងតែ​កាប់​ឈើ​យក​លក់​នោះ ត្រូវ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ហើយ​ប្រជាពលរដ្ឋ​ត្រូវតែ​នាំគ្នា​ចូល​រួម​ដាំ​ដើម​ឈើ​គ្រប់​គ្នា។
លោក ញឹម វណ្ណដា អនុ​ប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​អះអាង​ថា ការ​ដែល​មាន​កម្ដៅ​ក្ដៅ​ខ្លាំង​នេះ មិន​មែន​មក​ពី​ការ​អស់​ព្រៃឈើ​នោះ​ទេ។ លោក​បន្ត​ថា គឺ​មក​ពី​ការ​កើន​ឡើង​នៃ​រោងចក្រ​សហគ្រាស និង​ការ​ប្រើប្រាស់​ឡាន ម៉ូតូ ច្រើន៖ «មិន​មែន​ទេ ស្រុក​ណា​ក៏​ក្ដៅ​ដែរ ដោយសារ​រោងចក្រ​កើត​ឡើង​ច្រើន»
​ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង អះអាង​ថា បញ្ហា​វិនាសកម្ម​ព្រៃឈើ​នេះ មិន​ត្រឹម​តែ​មាន​ផល​ប៉ះពាល់​ចំពោះ​ក្រុម​គ្រួសារ​របស់​នាយករដ្ឋមន្ត្រី និង​គ្រួសារ​របស់​រដ្ឋមន្ត្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ផល​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា និង​ពិភពលោក​ទាំង​មូល៖ «អាជ្ញាធរ រួម​ទាំង​សមត្ថកិច្ច​ទាំង​អស់​ចូល​រួម​ក្នុង​បទល្មើស​ព្រៃឈើ​នេះ ដែល​អង្គការ​ខ្ញុំ​នឹង​បង្ហាញ​បញ្ជី​ឈ្មោះ​អ្នក​កាប់​ព្រៃឈើ​ក្នុង​២០១៥ ក្នុង​ពេល​ឆាប់​នេះ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​តាម​នីតិវិធី​ច្បាប់។ ពួក​គាត់​ទាំង​នេះ​មិន​ព្រម​ចូល​រួម​ការពារ​សោះ»
សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឡើង​ស្រប​ពេល ​ប្រទេស​កម្ពុជា កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ដោយ​ឥទ្ធិពល​ខ្យល់​ កន្ត្រាក់ និង​ភាព​រាំង​ស្ងួត​នៅ​ដើម​រដូវ​វស្សា។
ប្រទេស​កម្ពុជា នឹង​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា។ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នេះ ទើបតែ​បាន​អនុម័ត​បាន ២​ជំពូក ក្នុង​ចំណោម ១០​ជំពូក។ រដ្ឋ​សភា​នឹង​បន្ត​កិច្ចប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ​បន្ត​ទៀត។
​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៤ ផ្នែក​វេជ្ជសាស្ត្រ កញ្ញា សោភ័ណ និយាយ​ថា បើ​ពួក​អ្នក​មាន​អំណាច​គិតតែ​កាប់​ព្រៃឈើ ផល​ប៉ះពាល់​គឺ​ពលរដ្ឋ​ទូទៅ៖ «បើ​ក្រុង​មាន​ដើម​ឈើ គឺ​អាច​ជ្រក​នៅ​ពេល​ឈប់​តាម​ផ្លូវ។ ពេល​ឈប់​ម្ដង ជើង​ខ្ញុំ​ខ្មៅ​អស់​ហើយ»
​ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង បញ្ជាក់​ថា ព្រៃឈើ​នៅ​កម្ពុជា បច្ចុប្បន្ន សល់​ប្រមាណ ២០​ភាគរយ​ប៉ុណ្ណោះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។  លោក​បន្ត​ថា សព្វថ្ងៃ​ខេត្ត​ដែល​ប្រឈម​ខ្លាំង​នឹង​ការ​កាប់​ព្រៃឈើ​នោះ មាន​ខេត្ត​ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ខេត្ត​កោះកុង។
ប្រជាពលរដ្ឋ សិស្ស និស្សិត និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ទទូច​ទៅ​កាន់​រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវតែ​គោរព​ពាក្យ​សន្យា​ក្នុង​ការពារ​ព្រៃឈើ​នៅ​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​សង្កត់​ធ្ងន់​ថា បើ​រដ្ឋាភិបាល​នៅ​តែ​គ្មាន​ផែនការ​ការពារ​ប្រាកដ​ដោយ​ប្រសិទ្ធភាព​ទេ​នោះ កម្ពុជា​នឹង​ក្លាយ​ប្រទេស​ទី​២ បន្ទាប់ពី​ប្រទេស​ឥណ្ឌា ដែល​ប្រជាជន​ស្លាប់​ដោយសារ​កម្ដៅ​ថ្ងៃ​ជាក់​មិន​ខាន៕


 ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!