Thursday, June 11, 2015

តើ​ការ​បាត់បង់​លោក ជា ស៊ីម នឹង​អាច​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​បាក់​បែក​ផ្ទៃ​ក្នុង​ដែរ​ឬ​ទេ?

ហ៊ុន សែន ហេង សំរិន ៧​មករា ៦២០
ប្រធាន​កិត្តិយស​បក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន (ឆ្វេង) និង​អនុ​ប្រធាន​គណបក្ស លោក ហ៊ុន សែន ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​ទី​៣៦ នៃ​ថ្ងៃ​៧ មករា (១៩៧៩-២០១៥) នា​ទីស្នាក់ការ​គណបក្ស​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​៧ មករា ២០១៥។

គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​គណបក្ស​ដែល​ទទួល​ជ័យជម្នះ​លើ​ការ​បោះ​ឆ្នោត​ជា​បន្តបន្ទាប់​ចាប់​តាំង ​ពី​កម្ពុជា ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង គឺ​របប​ប្រជាធិបតេយ្យ ដោយ​ការ​ជ្រើស​រើស​មេ​ដឹក​នាំ​តាម​រយៈ​ការ​បោះ​ឆ្នោត ទោះ​បី​ជា​គណបក្ស​នេះ ពេល​បោះ​ឆ្នោត​ម្ដងៗ​ទទួល​រង​នូវ​ការ​រិះគន់​អំពី​ជ័យជម្នះ​ក្ដី។
អ្វី​ដែល​គួរ​ឲ្យ​សាធារណជន​ចាប់​អារម្មណ៍​ខ្លាំង​ទៀត​នោះ គឺ​គណបក្ស​នេះ​បាន​បាត់បង់​ប្រធាន​បក្ស​របស់​ខ្លួន គឺ​លោក ជា ស៊ីម ដែល​បាន​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាង ២០​ឆ្នាំ​មក​ហើយ​នោះ។ តើ​ការ​បាត់បង់ លោក ជា ស៊ីម នឹង​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​មួយ​នេះ​រង្គោះរង្គើ​ផ្ទៃ​ក្នុង​បក្ស​ដែរ​ឬ ​ទេ?
គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​គណបក្ស​មួយ​កម្រ​លេច​ចេញ​នូវ​រឿង​អាស្រូវ​ផ្ទៃ​ក្នុង​គណបក្ស ចុះ​ផ្សាយ​តាម​បណ្ដាញ​សារព័ត៌មាន​ណាស់។ ការ​បាត់បង់​ប្រធាន​គណបក្ស​ដែល​បាន​ដឹក​នាំ​គណបក្ស​នេះ​ជាង ២០​ឆ្នាំ​មក​ហើយ​នោះ ក៏​មិន​អាច​ធ្វើ​ឲ្យ​គណបក្ស​នេះ​មាន​ភាព​រង្គោះរង្គើ​ផ្ទៃ​ក្នុង​បាន​ដែរ។
អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​រចនាសម្ព័ន្ធ​ផ្ទៃ​ក្នុង​យូរ​មក​ហើយ ទន្ទឹម​នឹង លោក ជា ស៊ីម បាន​បាត់​មុខ​នៅ​លើ​ឆាក​នយោបាយ​នៅ​គ្រា​ដែល​លោក​មាន​វ័យ​ជរា និង​មាន​ជំងឺ​នោះ។
អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹង​ខ្លួន​ច្បាស់​ថា បើ​សិន​ជា​គណបក្ស​នេះ​បែក​បាក់​ផ្ទៃ​ក្នុង គឺ​ជា​ការ​បរាជ័យ​របស់​បក្ស​នេះ នៅ​គ្រា​ដែល​គណបក្ស​ប្រឆាំង​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង។ ម្យ៉ាង​ទៀត គណបក្ស​នេះ​មាន​ចំណុច​ខ្លាំង​ចេះ​ថែរក្សា​គ្នា ទោះ​បី​សមាជិក​ណា​ម្នាក់​មាន​វ័យ​ចំណាស់​ក៏ដោយ ក៏​គេ​នៅ​តែ​ថែរក្សា​ឲ្យ​មាន​តួនាទី​ក្នុង​បក្ស និង​ក្នុង​ជួរ​រដ្ឋាភិបាល៖ «សម្ដេច ជា ស៊ីម មុន​នឹង​លោក​ទទួល​មរណភាព​ទៅ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹង​ពី​អ្នក​ស្នង​អស់​ហើយ គឺ​មិន​មាន​បញ្ហា​អី​ដណ្ដើម​តំណែង ឬ​ទាមទារ​តំណែង​នៅ​ក្នុង​បក្ស​ទេ»
ទាក់ទង​នឹង​ប្រជាប្រិយភាព​គណបក្ស​នេះ​វិញ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា នឹង​អាច​ប៉ះពាល់​ប្រជាប្រិយភាព​ខ្លះ​នៅ​ពេល​អវត្តមាន លោក ជា ស៊ីម តែ​វា​មិន​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ជាទូទៅ​នោះ​ទេ។
លើស​ពី​នេះ​ទៀត នរណា​ក៏​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ពង្រឹង​អំណាច​របស់​ខ្លួន​ដោយ​ចាក់​ឫស​យ៉ាង​មាំ​នៅ​ក្នុង​គណបក្ស ដោយ​សមាជិក​គណបក្ស​នេះ​ស្ទើរ​តែ​ជា​គ្រួសារ​តែ​មួយ​ទៅ​ហើយ ដើម្បី​បែង​ចែក​អំណាច​គ្នា។ មេ​ដឹក​នាំ​គណបក្ស​នេះ បាន​ផ្សារភ្ជាប់​សាច់​ឈាម​ផ្សំផ្គុំ​កូន​ចៅ​ឲ្យ​ការ​ជាមួយ​គ្នា​ជាដើម ដើម្បី​រក្សា​តួនាទី និង​ពង្រឹង​អំណាច​របស់​ខ្លួន ទោះ​បី​ជា​គណបក្ស​នេះ​ទទួល​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ថា​ជា​គណបក្ស​គ្រួសារ​និយម និង​បក្ខពួក​និយម​ក៏ដោយ។
ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​បណ្ឌិត ឈឹម ផលវរុណ មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​សោកស្ដាយ​ជា​ពន់ពេក​ចំពោះ​ការ​បាត់បង់​ប្រធាន​គណបក្ស​របស់​ខ្លួន។ លោក​បញ្ជាក់​ថា ថ្វីត្បិត​តែ​គណបក្ស​នេះ​បាត់បង់​មេ​បក្ស​ដ៏​ធំ​នេះ​ក្ដី តែ​នឹង​មិន​ធ្វើ​ឲ្យ​គណបក្ស​នេះ​មាន​ការ​ប្រេះឆា​ផ្ទៃ​ក្នុង​បាន​ឡើយ។ លោក​បណ្ឌិត ឈឹម ផលវរុណ សង្កត់​ធ្ងន់ៗ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា រឹងមាំ​នោះ គឺ​គណបក្ស​នេះ​មាន​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​គណបក្ស៖ «គ្រាន់​តែ​គេ​ ទន្ទឹង​បែក​បាក់​ទេ តែ​គណបក្ស​ប្រជាជន​មិន​ដែល​បែក​បាក់​ទេ តែ​អ្នក​ដែល​ទន្ទឹង​បែក​បាក់​ទេ​ដែល​បែក​បាក់​មិន​ចេះ​ចប់ ព្រោះ​អី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រជាធិបតេយ្យ​ក្នុង​បក្ស មាន​បទបញ្ជា​ផ្ទៃ​ក្នុង​បក្ស​ត្រឹមត្រូវ និង​គោល​នយោបាយ​ជាក់លាក់»
លោក​បណ្ឌិត ឈឹម ផលវរុណ អះអាង​ថា នៅ​ក្នុង​ដំណាក់​កាល​កំពុង​កាន់​ទុក្ខ​នេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​គិតគូរ​ពី​ការ​ជ្រើសរើស​មេ​បក្ស​ថ្មី​នៅ​ឡើយ។ លោក​បញ្ជាក់​ថា បទបញ្ជា​ផ្ទៃ​ក្នុង​គណបក្ស គឺ​គណៈកម្មការ​អចិន្ត្រៃយ៍ នឹង​តែង​តាំង​ប្រធាន​ស្ដីទី​ដើម្បី​ដឹក​នាំ​បក្ស​បន្ត នៅ​ក្រោយ​ពេល​ពិធី​កាន់​ទុក្ខ​បញ្ចប់។ លោក​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ជ្រើស​ប្រធាន​គណបក្ស​នោះ គេ​ធ្វើ​ឡើង​នៅ​ក្នុង​មហា​សន្និបាត​ទូទាំង​ប្រទេស។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក​បណ្ឌិត ឈឹម ផលវរុណ លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ឡើង​ជា​ប្រធាន​បក្ស​ដូច​ដែល​លោក​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ថា ពេល​អត់​ពី លោក ជា ស៊ីម ទៅ លោក​នឹង​ធ្វើ​ជា​ប្រធាន​គណបក្ស។
អ្នក​វិភាគ​លើក​ឡើង​ថា លោក ជា ស៊ីម បាន​បន្សល់​ស្នាដៃ​ធំៗ​មួយ​ចំនួន​សម្រាប់​សង្គម​ជាតិ រួម​មាន លោក​ជា​ស្ថាបនិក​បង្កើត​រណសិរ្ស​សង្គ្រោះ​ជាតិ ២​ធ្នូ ជា​ស្ថាបនិក​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ជា​ស្ថាបនិក​ចរចា​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​ជា​អ្នក​សម្រប​សម្រួល​ជាមួយ​នឹង​អតីត​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហនុ ក្រោយ​ពី​មាន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​គ្រា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ព្រម រហូត​សម្រប​សម្រួល​ឲ្យ​មាន​នាយក​រដ្ឋមន្ត្រី​ពីរ​នោះ។
ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រធាន​បក្ស​ជា​អ្នក​នៅ​ពី​ក្រោយ​ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ មិន​មែន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ផង និង​ប្រធាន​បក្ស​ផង​នោះ​ទេ៖ «ករណី​ កាន់​ទាំង​ពីរ​នេះ ទាល់​តែ​មាន​ការ​ព្រមព្រៀង​ណា​មួយ​ពី​ផ្ទៃ​ក្នុង​បក្ស ចឹង​យើង​ចាំ​មើល​ទៀត តើ​រឿង​នេះ​នឹង​មាន​ការ​ព្រមព្រៀង​ផ្ទៃ​ក្នុង​បក្ស​ដែរ​ឬ​ទេ​នៅ​ពេល​ខាង​ មុខ? តែ​នៅ​លើ​ពិភពលោក ដឹក​នាំ​ប្រធាន​បក្ស​ផង នាយក​រដ្ឋមន្ត្រី​ផង យើង​កម្រ​ឃើញ​មាន​ណាស់»
អ្នក​វិភាគ​លើក​ឡើង​ទៀត​ថា លោក ជា ស៊ីម មិន​មែន​ជា​អ្នក​នយោបាយ​ប្រើ​បាត​ដៃ​ក្ដៅ​នោះ​ទេ លោក​ជា​អ្នក​នយោបាយ​ចាស់​ទុំ និង​មិន​ឆេវឆាវ ឬ​បញ្ចេញ​ប្រតិកម្ម​ទៅ​គូបដិបក្ខ​នោះ​ទេ ទោះ​បី​ក្នុង​យុទ្ធនាការ​ឃោសនា​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ក៏ដោយ។
អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ ជា​រូបភាព​ខាង​ក្រៅ លោក ជា ស៊ីម មើល​ទៅ​គ្មាន​អំណាច​ដូច លោក ហ៊ុន សែន នោះ​ទេ អ្វីៗ​ហាក់​បីដូចជា លោក ហ៊ុន សែន ក្ដោបក្ដាប់​ទាំង​ស្រុង តែ​ផ្ទៃ​ក្នុង​គណបក្ស​វិញ លោក ជា ស៊ីម ជា​មេ​បក្ស​ដ៏​មាន​ឥទ្ធិពល៖ «ទោះ​បី​ជា​គាត់​អត់​មាន​អំណាច​ចេញ​មក​ខាង​ ក្រៅ​ក្ដី គាត់​នៅ​តែ​មាន​អំណាច​នៅ​ក្នុង​ជួរ​គណៈកម្មការ​អចិន្ត្រៃយ៍​ក្នុង​បក្ស ចឹង​ដូចជា​គាត់​មាន​អំណាច​ចឹង តែ​អំណាច​របស់​គាត់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ពួក​គាត់​គ្មាន​ទេ ចឹង​ខ្សែ​ខាង​គាត់​កាន់​តែ​ខ្សោយ​ទៅៗ រីឯ​ខ្សែ​ខាង ហ៊ុន សែន កាន់​តែ​ខ្លាំង​ទៅៗ»
អ្នក​វិភាគ​សង្កត់​ធ្ងន់​ថា នៅ​គ្រា​ដែល​ប្រធាន​អង្គរក្ស និង​ពិធីការ​របស់ លោក ជា ស៊ីម ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​នោះ គឺ​ជា​ពេលវេលា​មួយ​ដែល​គេ​មើល​ឃើញ​ថា គណបក្ស​នេះ​នឹង​រង្គោះរង្គើ​ផ្ទៃ​ក្នុង តែ​ផ្ទុយ​ទៅ​វិញ គណបក្ស​ប្រជាជន​កម្ពុជា អាច​ទប់​ស្ថានការណ៍​បាន គឺ​មិន​មាន​លេច​ឮ​ព័ត៌មាន​បែក​បាក់​ផ្ទៃ​ក្នុង​គណបក្ស​ឡើយ។ នៅ​ទីបំផុត គណបក្ស​នេះ​នៅ​ទប់​លំនឹង​បាន​ដដែល។ ម្យ៉ាង​វិញ​ទៀត កាល​ពី​ចុង​ខែ​ឧសភា កន្លង​ទៅ គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្សព្វផ្សាយ​គោល​នយោបាយ​ឈ្នះៗ​របស់​ខ្លួន​ដល់​សមាជិក​បក្ស​របស់​ខ្លួន​ នៅ​ទូទាំង​ប្រទេស ដើម្បី​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​គោល​នយោបាយ​នេះ។
គោល​នយោបាយ​ឈ្នះៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់ លោក ជា ស៊ីម និង​លោក ហ៊ុន សែន ជាង ២០​ឆ្នាំ​មក​នេះ​មាន​បី​ចំណុច​សំខាន់ៗ គឺ​ទី​១ ការ​រក្សា​អាយុ​ជីវិត ទី​២ រក្សា​ទ្រព្យ​សម្បតិ្ត និង​ទី​៣ រក្សា​ឋានៈ និង​តួនាទី។
ទោះ​បី​ជា​គណបក្ស​នេះ​មាន​គោល​នយោបាយ​ឈ្នះៗ​នេះ​ក្ដី អ្នក​វិភាគ​លើក​ឡើង​ថា ក្រោម​ការ​ដឹក​នាំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាង ២០​ឆ្នាំ​មក​នេះ ធ្វើ​ឲ្យ​សង្គម​មាន​បញ្ហា​ជាច្រើន ដែល​ជា​ឧបសគ្គ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដណ្ដើម​យក​ជ័យជម្នះ​នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ៕

 ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!