Thursday, June 11, 2015

យូណេស្កូ៖ ឥណ្ឌា​ចម្លង​តាម​រចនាបថ​ប្រាសាទ​អង្គរវត្ត​ជា​កិត្តិយស​ខ្មែរ


ទេសចរណ៍​អង្គរវត្ត ៦២០
ក្រុម​អ្នក​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

តំណាង​អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​កម្ពុជា និង​អ្នក​បុរាណវិទ្យា យល់​ថា គម្រោង​សាងសង់​ប្រាសាទ​ដែល​ចម្លង​តាម​រចនាបថ​ប្រាសាទ​អង្គរវត្ត​នោះ ជា​កិត្តិយស​របស់​ប្រសាទ​អង្គរវត្ត​ខ្មែរ។ ការ​បង្ហាញ​ទស្សនៈ​នេះ ស្រប​ពេល​រដ្ឋាភិបាល​កម្ពុជា ប្រកាន់​ជំហរ​ឲ្យ​ឥណ្ឌា បញ្ឈប់​គម្រោង​សាងសង់​ប្រាសាទ​តាម​រយៈ​កំណត់​ទូត​របស់​ខ្លួន។
អ្នក​ជំនាញ​ផ្នែក​បុរាណវិទ្យា​បង្ហាញ​គំនិត​ផ្សេង​គ្នា​ពី​រដ្ឋាភិបាល​នៃ ​គម្រោង​សាងសង់​ប្រាសាទ​មួយ​របស់​ប្រទេស​ឥណ្ឌា ដែល​យក​លំនាំ​តាម​ប្រាសាទ​អង្គរវត្ត។ ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​អង្គ​សិក្ខាសាលា​រវាង​អង្គការ​យូណេស្កូ និង​ក្រសួង​អប់រំ ស្ដីពី​ការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៥។
​តំណាង​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា អ្នកស្រី អាន ឡឺម៉េស្ត្រ (Anne Lemaistre) បញ្ចេញ​ទស្សនៈ​ថា ដោយសារ​តែ​ប្រទេស​ឥណ្ឌា គោរព​ឲ្យ​តម្លៃ និង​កោត​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​ចំពោះ​ប្រាសាទ​អង្គរវត្ត​ដែល​ពួកគេ​ចង់​ បានជា​គំរូ។
អ្នកស្រី​លើក​ឡើង​ថា កន្លង​មក​អច្ឆរិយវត្ថុ​ជាច្រើន​បាន​ត្រូវ​គេ​ចម្លង ឬ​យក​គំរូ​តាម ឧទាហរណ៍​ដូចជា​ទួអេហ្វែល នា​ទីក្រុង​ប៉ារីស បាន​ត្រូវ​គេ​ចម្លង​តាម​សាងសង់​នៅ​ក្នុង​ផ្សេង៖ «ខណៈ​នេះ​យើង​ពុំ​មាន​ គោលជំហរ​អ្វី​ជា​ផ្លូវ​ការ​ទេ។ អ្នក​រាល់គ្នា​ដឹង​ហើយ​ថា អច្ឆរិយ​វត្ថុ​ជា​ច្រើន​ត្រូវ​បាន​គេ​ចម្លង ឬ​យក​គំរូ​តាម។ ឧទាហរណ៍​ដូចជា ទួអេហ្វែល នា​ទីក្រុង​ប៉ារីស ប្រហែល​ជា​លោក​អ្នក​បាន​ជ្រាប​ហើយ​ថា ទួអេហ្វែល បាន​ត្រូវ​គេ​ចម្លង​តាម​នៅ​ក្នុង​ប្រទេស​ជប៉ុន»
​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​ទៅ​ក្រសួង​ការបរទេស​ឥណ្ឌា ឲ្យ​បញ្ឈប់​គម្រោង​សាងសង់​ប្រាសាទ​ដែល​ចម្លង​តាម​រចនាបថ​ប្រាសាទ​អង្គរវត្ត។ ក្រសួង​ការបរទេស​ដឹង​ដំណឹង​ពី​គម្រោង​សាងសង់​នេះ​តាម​រយៈ​ស្ថានទូត​ខ្មែរ​ ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា ថា ក្រុមហ៊ុន ម៉ាហាវា ម៉ាន់ឌៀ ត្រាស់ (MAHAVIR MANDIR TRUST) មាន​គម្រោង​សាងសង់​ប្រាសាទ​ដោយ​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត។
ទាក់ទង​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សន្ទរី មិន​ទាន់​បង្ហាញ​ប្រតិកម្ម​ចំពោះ​សម្ដី អ្នកស្រី អាន ឡឺម៉េស្ត្រ តំណាង​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា នៅ​ឡើយ​ទេ។
អ្នក​នាំ​ពាក្យ​រូប​នេះ​អះអាង​ថា ក្រសួង​ការបរទេស​កម្ពុជា នៅ​តែ​ប្រកាន់​ជំហរ​ដូច​ទៅ​នឹង​កំណត់​ទូត​របស់​ខ្លួន​ដដែល៖ «បញ្ហា ​ហ្នឹង​និយាយ​ពី​ជំហរ​របស់​ក្រសួង​ការបរទេស គឺ​បាន​ធ្វើ​នៅ​ក្នុង​កំណត់​ទូត​នោះ គឺ​ជំហរ​របស់​ក្រសួង​ការបរទេស ហើយ​ខ្ញុំ​ក៏​អត់​មាន​អី​បន្ថែម​ទៀត​ដែរ»
​ប្រាសាទ​អង្គរវត្ត​បាន​ជាប់​បេតិកភណ្ឌ​ពិភពលោក​នៅ​ខែ​ធ្នូ ឆ្នាំ​១៩៩២។ ប្រាសាទ​បុរាណ​មួយ​នេះ រក​ចំណូល​ឲ្យ​កម្ពុជា បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ តាម​រយៈ​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា។
​ចំណែក​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​បុរាណវិទ្យា​ផ្នែក​ស្រាវជ្រាវ​ជំនឿ​ ខ្មែរ លោក​បណ្ឌិត អាំង ជូលាន បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ដែរ​​ថា អង្គរវត្ត​កាន់​តែ​មាន​កិត្តិនាម​ខ្លាំង​ថែម​ទៀត ព្រោះ​តាម​ប្រវត្តិសាស្ត្រ​ប្រទេស​ឥណ្ឌា ដែល​ជា​គ្រូ​ដើម​របស់​ខ្មែរ បែរ​ជា​មក​ចម្លង​ធ្វើ​ប្រាសាទ​តាម​ប្រទេស​កម្ពុជា​វិញ។
យ៉ាងណា​ក៏​ដោយ​ចុះ ចំពោះ​រឿង​ចំណេញ ឬ​ខាត​ចំពោះ​ប្រទេស​កម្ពុជា ជា​ម្ចាស់​ដើម​ប្រសាទ​អង្គ​វត្ត​នោះ លោក​ក៏​មិន​ដឹង​យ៉ាង​ណា​នោះ​ទេ៖ «ខ្លួន ​ផ្ទាល់​អត់​មានអី​ទៅ​ខឹងសម្បា​នឹង​គេ​ទេ តាម​ខ្ញុំ​គិត​យើង​គ្រាន់​បើ​ដែរ បាន​ជា​គេ​ធ្វើ​តាម​អ៊ីចឹង។ តាម​ខ្ញុំ បើ​ខ្ញុំ​ជា​ទេសចរ​​វិញ​ណា បើ​ចង់​មើល​អង្គរវត្ត​ខ្ញុំ​អត់​ទៅ​ឥណ្ឌា ខ្ញុំ​មក​ខ្មែរ​វិញ»
​កន្លង​មក​ប្រទេស​ថៃ ដែល​នៅ​ក្បែរ​ខាង​កម្ពុជា ក៏​បាន​សាងសង់​ប្រាសាទ​មួយ​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត​ដែរ ប៉ុន្តែ​មាន​ទំហំ​តូច​ជាង​ប្រសាទ​អង្គរវត្ត​ខ្មែរ៕

ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង

 ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!