Thursday, June 11, 2015

ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​ពិនិត្យ​សកម្មភាព​វៀតណាម​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​រតនគិរី


ផែនទី​ខេត្ត​រតនគិរី ៦២០
ផែនទី​ខេត្ត​រតនគិរី។

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​សកម្មភាព​ឆ្លង​ដែន​ខុស​ច្បាប់ ជាពិសេស​ពលរដ្ឋ និង​ភ្នាក់ងារ​ស៊ើប​ការ​វៀតណាម ដែល​ចេញ​ចូល​ទឹក​ដី​ខ្មែរ​មក​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់។
ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តម្រួត​ព្រំដែន​វៀតណាម ២​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី រក​ឃើញ​ថា បាន​បន្លំ​ខ្លួន​ជា​យោធា​ខ្មែរ​ចូល​មក​ថត​រូប​ក្នុង​វេទិកា​អ្នក​តំណាង​ រាស្ត្រ​ជួប​ជាមួយ​ម្ចាស់​ឆ្នោត ដែល​ប្រារព្ធ​នៅ​ភូមិ​ឡំ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា។
តម្រួត​ព្រំដែន​វៀតណាម ដែល​បន្លំ​ខ្លួន​ចូល​មក​ស៊ើប​ការ​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​មាន​ឈ្មោះ វិ ត្រូវ​បាន​អ្នក​ភូមិ​ឃាត់​ខ្លួន។ ចំណែក​ម្នាក់​ទៀត​រត់​គេច​ខ្លួន ខណៈ​ភាព​ជ្រួលច្របល់​កើត​ឡើង។
អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម លោក ម៉ៅ មុនីវណ្ណ ហៅ​សកម្មភាព​ក្លែង​បន្លំ​របស់​តម្រួត​ព្រំដែន​វៀតណាម ចូល​មក​ក្នុង​កម្មវិធី​របស់​តំណាង​រាស្ត្រ ថា​ជា​អំពើ​ចារកម្ម ប្រើប្រាស់​មួក​មន្ត្រី​យោធា​ខ្មែរ​ខុស​ច្បាប់​រំលោភ​អធិបតេយ្យភាព​ព្រំដែន​ ខ្មែរ។ លោក​កត់​សម្គាល់​ទៀត​ថា តំបន់​ព្រំដែន​ខ្មែរ​នៅ​ខេត្ត​រតនគិរី នៅ​មាន​បញ្ហា​មិន​ប្រក្រតី​ជាច្រើន​ជាមួយ​ភាគី​វៀតណាម ដែល​ពលរដ្ឋ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បាន​ឆាប់៖ «ចូល​មក​បួន​ប្រាំ​ គីឡូម៉ែត្រ បួន​ដប់​គីឡូម៉ែត្រ អ៊ីចឹង​ហើយ​យើង​មិន​គួរ​ឲ្យ​មក អ៊ីចឹង​ហើយ​ធ្វើ​សកម្មភាព​រំលោភ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថែម​ទៀត។ គ្រាន់​តែ​ចាប់ ហើយ​ខ្ញុំ​ឲ្យ​ទាក់ទង​ទៅ​ប៉ូលិស​ប៉ុស្តិ៍​ឲ្យ​គេ​មក​ទទួល​យក​ទៅ»
សេចក្តី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ភូមិ​ឡំ ឲ្យ​ដឹង​ថា តម្រួត​ព្រំដែន​វៀតណាម ដែល​អ្នក​ភូមិ​ឃាត់​ខ្លួន ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ប៉ូលិស​ខ្មែរ​នៅ​តំបន់​នោះ បន្ទាប់​មក​ពួក​គេ​ត្រូវ​បាន​ដោះ​លែង។
ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឡំ លោក រម៉ាស់ ស្វាត់ កត់​សម្គាល់​ថា ជា​ញឹកញាប់​តម្រួត​ព្រំដែន​ខ្មែរ​តែងតែ​អន្តរាគមន៍ ឬ​សម្រប​សម្រួល​បទល្មើស​ឆ្លង​ដែន​របស់​ពលរដ្ឋ ឬ​មន្ត្រី​វៀតណាម ឆ្លង​ដែន​មក​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​នៅ​លើ​ទឹក​ដី​ខ្មែរ៖ «គេ​ចាប់​ យួន ដោយ​ផ្ទាល់​ហ្នឹង​ហើយ។ មិន​មែន​ប៉ូលិស​ចាប់​ទេ អ្នក​សង្គ្រោះ​ជាតិ គេ​ចាប់​ចង់​សួរ​ដេញដោល​វា ឯកឧត្តម​ថា​កុំ​វាយៗ កុំ​ប្រើ​អំពើ​ហិង្សា ឲ្យ​ចង​វា​នៅ​ស្ងៀម​នៅ​ហ្នឹង វា​អត់​នៅ​ស្ងៀម​វា​ចង់​រត់»
នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភូមិ​ឡំ លោក រចំ ជី បដិសេធ​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ។ លោក​ជំរុញ​ឲ្យ​សួរ​ទៅ​ប្រជាពលរដ្ឋ​ភូមិ​ឡំ វិញ។ ដោយ​ឡែក​អធិការ​ប៉ូលិស​ស្រុក​អូរយ៉ាដាវ ក៏​អះអាង​ថា មិន​បាន​ដឹង​រឿង​នេះ​ដូច​គ្នា៖ «សួរ​អ្នក​ភូមិ​ទៅ​ច្បាស់​រឿង​ហ្នឹង ព្រោះ​ខ្ញុំ​ទៅ​ក្រោយ​គេ​រឿង​ហ្នឹង ខ្ញុំ​អត់​ដឹង​ច្បាស់​ដែរ»
ទាក់ទិន​ករណី​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី អះអាង​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​តម្រួត​ព្រំដែន​វៀតណាម ប្រើប្រាស់​ឯកសណ្ឋាន​ទាហាន​ខ្មែរ​ចូល​ទឹក​ដី​ខ្មែរ។ លោក​ថា មន្ត្រី​យោធា​ខ្មែរ​ខ្លះ គឺ​ជា​អ្នក​នាំ​មុខ​ឲ្យ​តម្រួត ឬ​ក្រុម​ស៊ើប​ការ​វៀតណាម ប្រើប្រាស់​ឯកសណ្ឋាន​បន្លំ​ជា​យោធា​ខ្មែរ​ចូល​មក​ស៊ើប​ការ​ក្នុង​ដី​ខ្មែរ៖ «យើង ​ធ្លាប់​ឃើញ​មាន​ច្រើន​ដែរ ដូចជា​ខាង​ក្រុមហ៊ុន​ជាដើម ស្លៀកពាក់​ប៉ារ៉ា​ដើម្បី​បង្ហាញ​ទៅ​លើ​អ្នក​ភូមិ​ឲ្យ​ភ័យ​ខ្លាច។ យើង​ជួប​ប្រទះ​ញឹកញាប់​ឋិត​ក្នុង​ដែនដី​យើង​តែ​ម្តង»
ក្រុម​ប្រតិភូ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ដើម​សប្ដាហ៍ បាន​ដឹក​នាំ​និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ មក​ពិនិត្យ​កន្លែង​ពលរដ្ឋ​វៀតណាម ជីក​ស្រះ​នៅ​ព្រំដែន​ហាមឃាត់​ខេត្ត​រតនគិរី ជាប់​ប្រទេស​វៀតណាម។ ជាមួយ​នោះ​ដែរ ក្រុម​ប្រតិភូ​ក៏​បាន​ប្រារព្ធ​វេទិកា​ជួប​ជាមួយ​ពលរដ្ឋ​រស់នៅ​ជិត​តំបន់​ ព្រំដែន​ក្នុង​ស្រុក​អូរយ៉ាដាវ និង​ស្រុក​អណ្ដូងមាស។
ប្រធាន​ប្រតិភូ លោក ម៉ៅ មុនីវណ្ណ កត់​សម្គាល់​ថា ក្រៅ​ពី​ជីក​ស្រះ​ក្នុង​តំបន់​ស តម្រួត​ព្រំដែន​វៀតណាម បាន​រារាំង​ក្រុម​ប្រតិភូ​មិន​ឲ្យ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​១១ និង​១២ នៅ​តំបន់​អូរកាយ៉ា ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ។ ដោយ​ឡែក​តម្រួត​ព្រំដែន​ខ្មែរ ក៏​បាន​រារាំង​ក្រុម​ប្រតិភូ​មិន​ឲ្យ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២៣ ឋិត​នៅ​ចំណុច​ភូមិ​តាង៉ា ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស៕

 ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!