ប្រធានបទសំខាន់ៗជាច្រើន ស្តីអំពីវិស័យឧស្សាហកម្មត្រូវបានលើកយកមកពិភាក្សា នៅឯកិច្ចប្រជុំកំពូល Global Device Summit នៅមុនថ្ងៃសមាជទូរស័ព្ទពិភពលោកមួយថ្ងៃ នៅទីក្រុងសៀងហៃ។ មេដឹកនាំ និងអ្នកមានបទពិសោធលើ វិស័យឧស្សហកម្មទូរស័ព្ទចល័ត និងទូរគមនាគមន៍ជាតិ-អន្តរជាតិជាច្រើន បានចែករំលែកគំនិត និងទស្សនៈវិស័យរបស់ពួកគេ លើការអភិវឌ្ឍន៍ឧបករណ៍ឆ្លាតវៃ នាពេលអនាគត។
លោក រីឆាត យូ អគ្គនាយកក្រុមហ៊ុន Huawei បានថ្លែងនៅក្នុងសុន្ទរកថារបស់លោកថា៖ «ទូរស័ព្ទចល័តជំនាន់ក្រោយ ដែលមានឈ្មោះថា “Superphone” នឹងលេចរូបរាងឡើងនៅក្នុងឆ្នាំ 2020 ព្រមជាមួយការកែប្រែជីវិតថ្មីរបស់មនុស្សជាតិ។» លោកបានបន្តថា៖ «ក្រុមហ៊ុន Huawei ជឿជាក់យ៉ាងមុតមាំថា ទូរស័ព្ទជំនាន់ក្រោយ ឈ្មោះ “Superphone” នឹងលេចវត្តមាននៅក្នុងឆ្នាំ 2020 ព្រមទាំងបើកទំព័រសករាជថ្មីដែលភ្ជាប់ទំនាក់ទំនងរវាងពិភពលោក ទៅនឹងពិភពដែលច្នៃប្រឌិតថ្មី តាមរយៈបច្ចេកវិទ្យា Virtual Reality។»
លោក រីឆាត យូ បានពន្យល់បន្ថែមថា តាមរយៈការអភិវឌ្ឍប្រព័ន្ធសេនស័រ បច្ចេកវិទ្យាសម្គាល់វត្ថុ និងឧបករណ៍ស្គែនប្រភេទ 3D ទូរស័ព្ទ “Superphone” នឹងអាចចាប់យកអារម្មណ៍របស់មនុស្សបាន និង ភ្ជាប់ញាណពិសេសរបស់វាទៅនឹងមនុស្ស វត្ថុប្រើប្រាស់ និងបរិស្ថានជុំវិញ។ លោកយូ បានបន្ថែមថា៖ «បច្ចេកវិទ្យានេះនឹងបង្កើតពិភពច្នៃប្រឌិតថ្មីមួយ (virtual reality) ដែលមានលក្ខណៈដូចគ្នាបេះបិទទៅនឹងពិភពជាក់ស្តែង។ ការពិត ឧបករណ៍ wearable របស់ Huawei ក៏មានបញ្ចូលប្រព័ន្ធសេនស័រមួយចំនួនរួចទៅហើយនាពេលបច្ចុប្បន្ននេះ ដោយអាចត្រួតពិនិត្យស្ថានភាពរបស់អតិថិជនបាន ដូចជា តើពួកគេកំពុងគេងលក់ រត់ ឬកំពុងឡើងភ្នំ ព្រមទាំងអាចកត់ត្រាទិន្នន័យ បានយ៉ាងត្រឹមត្រូវទៀតផង។» ប្រព័ន្ធសេនស៊ឺ ដែលមានលក្ខណៈពិសេសជាងនេះ នឹងបង្កើតឡើងក្នុងពេលអនាគត ហើយការធ្វើសមាហរណកម្ម ឬរួមបញ្ចូលប្រព័ន្ធសេនស៊ឺរនេះ ទៅលើ “Superphone” គឺជាជំហានថ្មីមួយបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់ពិភពច្នៃប្រឌិតថ្មី ដែលមានលក្ខណៈដូចគ្នាបេះបិទទៅនឹងពិភពលោករបស់មនុស្ស។
បច្ចេកវិទ្យាទំនើបចុងក្រោយ ដែលនឹងបំពាក់លើទូរស័ព្ទ “Superphone” នឹងបង្កើតបានបច្ចេកវិទ្យា “reality” មួយផ្សេងទៀត ហៅថា Internet of Things ។ មានន័យថា ឧបករណ៍ទាំងអស់អាចភ្ជាប់ការទាក់ទងគ្នាបាន ហើយអាចទំនាក់ទំនងគ្នាទៅវិញទៅមក។ ភាពឆ្លាតវៃរបស់ “Superphone” នឹងភ្ជាប់ខួរក្បាលរបស់មនុស្ស ទៅនឹងអាម្មណ៍របស់ពួកគេ។ បន្តិចម្តងៗ ពិភពលោកនេះ នឹងក្លាយទៅជាបណ្តាញទំនាក់ទំនងដ៏ធំមួយដែល តភ្ជាប់មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ពីមនុស្សម្នាក់ទៅវត្ថុមួយ និងពីវត្ថុមួយទៅវត្ថុមួយផ្សេងទៀត ហើយទីបំផុតក៏បង្កើតអ៊ីនធើណេត ដែលអាចភ្ជាប់ទំនាក់ទំនងវត្ថុទាំងអស់នៅលើលោកនេះបាន។
ទូរស័ព្ទ ‘Superphone’ នឹងអភិវឌ្ឍន៍សមត្ថភាពភាសា និងស្វ័យសិក្សា កត់ត្រាការប្រែប្រួលរបស់មនុស្ស និងបរិស្ថាន ដើម្បីយល់ពីតម្រូវការរបស់មនុស្សបានកាន់តែប្រសើរ។ វានឹងវិវឌ្ឍជាបណ្តើរៗ ពីឧបករណ៍ដែលជួយអតិថិជនបំពេញការងារ ទៅជាឧបករណ៍ដែលជួយបំពេញការងារជំនួសអតិថិជន ដែលសូម្បីតែការបង្ហាត់បង្រៀន និងការណែនាំដល់អតិថិជន ក៏ឧបករណ៍នេះអាចធ្វើបានដែរ។
ប្រសិនបើព័ត៌មានទាំងអស់នេះ ស្តាប់ទៅប្រៀបដូចជា ខ្សែភាពយន្ដវិទ្យាសាស្រ្តប្រឌិតមួយលោក យូ បានពន្យល់បន្ថែមអំពីបច្ចេកវិទ្យា Augmented Reality (AR) និង Virtual Reality (VR) ថា បច្ចេកវិទ្យា Augmented Reality (AR) គឺជាការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា virtual reality និងជីវិតពិត ដែលអាចបង្កើតទិន្នន័យរូបភាព នៅក្នុងកម្មវិធីដែលចម្រុះដោយព័ត៌មានដែលបានមកពីពិភពជាក់ស្តែង។ តាមរយៈបច្ចេកវិទ្យា AR អ្នកប្រើប្រាស់អាចធ្វើអន្តរកម្មជាមួយនឹងពិភពសិប្បនិម្មិតដែលប្រឌិតឡើងថ្មីនៅក្នុងពិភពពិត និងអាចបែងចែកពិភពទាំងពីរ បានយ៉ាងងាយស្រួល។ ផ្ទុយទៅវិញ បច្ចេកវិទ្យា Virtual Reality គឺជាការបង្កើតពិភពនិម្មិតថ្មីមួយ ដែលអ្នកប្រើប្រាស់អាចទាក់ទងគ្នាដោយផ្ទាល់បាន។ តាមគំនិតជារួម ពិភពថ្មីនេះ គួរតែរចនាឡើងក្នុងទ្រង់ទ្រាយមួយ ដែលអ្នកប្រើប្រាស់អាចមើលឃើញពីការលំបាករបស់វា ក្នុងការបង្ហាញពីភាពខុសគ្នានូវអ្វីដែលមានពិត និងអ្វីដែលគ្រាន់តែជាការច្នៃប្រឌិត។
ដោយបច្ចេកវិទ្យា Augmented Reality និង Virtual Reality នឹងកើតមានឡើងក្នុងពេលខាងមុខ ក្រុមហ៊ុន Huawei បានបញ្ចេញធនធាន “Superphone” ឡើងដើម្បីជំរុញដល់ការអភិវឌ្ឍនាពេលអនាគត អំពីការភ្ជាប់ទំនាក់ទំនងគ្នាដ៏ឆ្លាតវៃ រវាងពិភពច្នៃប្រឌិត និងពិភពពិត។ ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាដែលឈានមុខគេ Huawei បានប្តេជ្ញាចិត្តយ៉ាងមុតមាំលើការច្នៃប្រឌិត ស្រាវជ្រាវ និងបង្កើតថ្មី។ ពិសេសក្រុមហ៊ុនបានបញ្ចេញធនធានរបស់ខ្លួនរួចទៅហើយ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាចម្បងៗ សម្រាប់ទូរស័ព្ទ ‘Superphone’ ។ បច្ចេកវិទ្យាទាំងនោះរួមមាន ប្រព័ន្ធសេនស័រ បច្ចេកវិទ្យាសម្គាល់វត្ថុ និងឧបករណ៍ស្គែនប្រភេទ 3D រួមទាំងបច្ចេកវិទ្យាឆ្លាតវៃជាច្រើនទៀត ដូចជាការវិភាគទិន្នន័យដែលស្មុគស្មាញ បច្ចេកទេសបង្កើតវត្ថុច្នៃប្រឌិតដ៏ឆ្លាតវៃ និងប្រព័ន្ធតាមដានហេតុការណ៍ បច្ចេកវិទ្យាតភ្ជាប់ទំនាក់ទំនងដូចជាប្រព័ន្ធ Internet of Things ឧបករណ៍ពហុមុខងារ (ទំនាក់ទំនង រវាងមនុស្ស រថយន្ត និងលំនៅដ្ឋាន) បណ្តាញ ស្តង់ដារ (UMTS / LTE / WIFI) និងអន្តរកម្មបច្ចេកវិទ្យា ដូចជា AR/VR 3600 ជាដើម។
នៅក្នុងសេចក្តីសន្និដ្ឋានបញ្ចប់ លោកយូ បានថ្លែងថា ការណែនាំអំពីគំនិតនៃការបង្កើត ទូរស័ព្ធ ‘Superphone’ របស់ក្រុមហ៊ុន Huawei គឺបានកំណត់និយមន័យអំពីលទ្ធភាពគ្មានដែនកំណត់ដែលនាំយកមកនូវ ការសំយោគរវាងមនុស្ស និងសម្ភារៈប្រើប្រាស់។ លោកបានលើកឡើងទៀតថា៖ «ទូរស័ព្ទ Superphone បង្កើតនូវការធ្វើសមាហរណកម្មរួមគ្នា លើការច្នៃប្រឌិតថ្មី ដែលនឹងក្លាយជាទីពេញនិយមបំផុត សម្រាប់ឧបករណ៍វៃឆ្លាតនាពេលអនាគត ដ្បិតគ្រប់យ៉ាងត្រូវបានតភ្ជាប់ និងមានទំនាក់ទំនងគ្នា រួមទាំងមនុស្ស និងសម្ភារៈប្រើប្រាស់ផងដែរ។ យើងជឿជាក់ថា “Superphone” របស់ Huawei នឹងដឹកនាំយុគសម័យឧបករណ៍ឆ្លាតវៃដ៏អស្ចារ្យឆ្ពោះទៅមុខជានិច្ច»។
ប្រភព Cambo Report
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.