កំពង់ឆ្នាំងៈ អាជ្ញាធរមូលដ្ឋានបាននិយាយថាក្រុមមន្ត្រីជំនាញនៃមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋានកាលពីរសៀលថ្ងៃអង្គារបានរួមសហការគ្នាធ្វើការរុះរើសំណង់សំណាកទេវរូបនៃបព្វជិតសាសនាវៀតណាមចំនួនពីរដែលត្រូវបានគេលួចសាងសង់ឡើងដោយស្ងាត់ៗនៅក្នុងបរិវេណរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃតំបន់ប្រាសាទប្រុស ប្រាសាទស្រី ដ៏មានអាយុកាលរាប់រយឆ្នាំ។
លោក សំរិទ្ធ ផេង មេឃុំឆ្នុកទ្រូបានឲ្យដឹងថាប្រតិបត្តិការរុះរើសំណង់ទេវរូបនៃបព្វជិតសាសនាវៀតណាមនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីឆ្មាំការពារប្រាសាទប្រុស ប្រាសាទស្រី បានពិនិត្យឃើញដុំឥដ្ឋបុរាណដ៏មានអាយុកាលជាច្រើនរយឆ្នាំដែលត្រូវបានគេលួចចេញពីផ្នែកមួយចំនួននៃប្រាងប្រាសាទទាំងពីរខាងលើត្រូវបានគេយកមករៀបធ្វើជាខឿន ឬ បល័្លង្កសម្រាប់តម្កល់រូបសំណាកទេវរូបនៃបព្វជិតសាសនាវៀតណាមដែលរូបសំណាកនោះត្រូវបានគេលួចសាងសង់ក្នុងអំឡុងពេលយប់ថ្ងៃចន្ទទី ២៧ ខែកក្កដា ឆ្នាំ ២០១៥ នេះ។
លោកបន្ដថា៖ «ការសាងសង់រូបសំណាងទេវរូបសម្រាប់ជាប្រយោជន៍ដល់សាធារណជនទូទៅដើម្បីគោរពប្រតិបត្តិទៅតាមជំនឿនៃសាសនាគឺមិនមានកំហុសឆ្គងនោះទេប៉ុន្តែសំណង់នេះបានធ្វើឡើងដោយមានការលួចយកថ្មចេញពីប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌជាតិដូច្នេះវាជាអំពើល្មើសច្បាប់ និងជាការមាក់ងាយដល់វប្បធម៌ និងសាសនារបស់ជាតិ និងប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរដែលចាំបាច់ត្រូវធ្វើការរុះរើ និងស្វែងរកចាប់ខ្លួនជនដែលបានប្រព្រឹត្តយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់»។
លោកបានប្រាប់ឲ្យដឹងទៀតថា ការបាត់បង់ដុំឥដ្ឋបុរាណជាច្រើនដុំជាបន្តបន្ទាប់ដោយគ្មានមូលហេតុត្រូវបានក្រុមឆ្មាំការពារប្រាសាទមានការកត់សម្គាល់ចាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០១៣ ក្រោយពីមានសង្ឃវៀតណាមមួយអង្គបានចេញចូលជាញឹកញាប់ដើម្បីធ្វើការបួងសួង និងសូត្រធម៌ [ភាសាវៀតណាម] នៅក្នុងគុហាសាសនាមួយដែលមានចម្ងាយប្រមាណ ៥០ ម៉ែត្រពីប្រាសាទប្រុស ប្រាសាទស្រី ដែលស្ថិតនៅក្នុងភូមិទួលកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោក ថោង ចាន់ណា មន្ត្រីអនុរក្សតំបន់ប្រាសាទប្រុស ប្រាសាទស្រី បានប្រាប់ឲ្យដឹងថានៅព្រឹកថ្ងៃអង្គារវេលាម៉ោង ៨ ព្រឹកពេលដែលចុះទៅយាមប្រចាំការនៅតំបន់ប្រាសាទនោះក៏ស្រាប់តែឃើញព្រះសង្ឃ និងអ្នកភូមិមួយចំនួននៅក្នុងតំបន់នោះឈរចោមរោមមើលរូបសំណាកទេវរូបនៃបព្វជិតសាសនាជនជាតិវៀតណាមដែលទើបត្រូវបានគេសាងសង់ឡើងក្នុងពេលថ្មីៗនេះ។ នៅពេលដែលសាកសួរថាអ្នកណាលួចសង់រូបសំណាកនេះឡើង ក្រុមអ្នកភូមិ និង ព្រះសង្ឃបានឆ្លើយដោយដាក់ការសង្ស័យទៅលើបព្វជិតសាសនាជនជាតិវៀតណាមម្នាក់ដែលអ្នកភូមិអះអាងថាមានឈ្មោះ ថាញ់ ដែលតែងមកសំណាក់ធម៌នៅក្នុងគុហាសាសនាមួយនៅក្បែរប្រាសាទប្រុស ប្រាសាទស្រី។
លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបាននិយាយឲ្យដឹងថាការសាងសង់រូបសំណាកនៅទីទួលខាងលើគឺខុសច្បាប់ទាំងស្រុងដោយហេតុថាមិនបានសុំការអនុញ្ញាតពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន។ ម្យ៉ាងទៀតជនល្មើសបានយកឥដ្ឋបុរាណរបស់ប្រាសាទបុរាណទៅតម្រៀបធ្វើជាខឿនសម្រាប់តម្កល់ទេវរូបបែបវៀតណាម។
ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក វិន យ៉ាំងមិន ប្រធានសហគមន៍វៀតណាមប្រចាំស្រុកបរិបូណ៌ថ្លែងថាលោកក៏មិនគាំទ្រចំពោះអំពើលួចយកថ្មប្រាសាទបុរាណរបស់កម្ពុជាមកធ្វើការសាងសង់សំណង់បែបនោះទេ។ ក៏ប៉ុន្តែលោកបានបដិសេធថា៖ «ព្រះសង្ឃជនជាតិវៀតណាមនឹងមិនធ្វើរឿងយ៉ាងដូច្នោះទេ»៕
ប្រភព Post Khmer
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.