ជាបន្តទៅទៀតនេះ សូមរៀបរាប់ជូននូវប្រវត្តិសាស្ត្រខ្មែរក្នុងការគ្រងរាជ្យរបស់ ព្រះអង្គតន់ និងព្រះបាទព្រះមហិន្ទរាជាធិរាជព្រះសត្ថា ដូចតទៅ៖
គ.៨ រាជ្យព្រះអង្គតន់ (ឆ្នាំ១៥៨៦-ឆ្នាំ១៥៩៩)
ក្រោយពីធ្វើគត់ព្រះរាមាជើងព្រៃ បានហើយ ហើយដោយព្រះសត្ថា និងព្រះរាជបុត្រច្បង ព្រះបាទជ័យជេដ្ឋាទី១ បានសុគតនៅស្រុកលាវ អស់ទៅហើយផង លោក វេឡូសូ និងលោក រ្វីស៍ ក៏បានយាងព្រះអង្គតន់ បុត្រពៅព្រះសត្ថា អោយមកសោយរាជ្យនៅកម្ពុជា។ ដើម្បីតបស្នងសងគុណអ្នកទាំងពីរ ព្រះពញាតន់ បានតែងតាំង លោក វេឡូសូ អោយធ្វើជាចៅហ្វាយខេត្តបាភ្នំ និងលោក រ្វីស៍ ជាចៅហ្វាយខេត្តទ្រាំង។ ប៉ុន្តែមិនយូរប៉ុន្មាន អ្នកទាំងពីរក៏បានស្លាប់ ដោយការបះបោរមួយរបស់ប្រជារាស្ត្រចាម នៅខេត្តត្បូងឃ្មុំ ទៅ។
ទំនាក់ទំនងរបស់ជនជាតិអឺរ៉ុប ជាមួយនឹងកិច្ចការរាជការខ្មែរនេះ មិនចប់ត្រឹមប៉ុណ្ណេះឡើយ។ នៅក្នុងរាជ្យក្រោយៗ ក៏គេឃើញពួកនេះមានឥទ្ធិពលយ៉ាងខ្លាំងណាស់ដែរនៅក្នុងកិច្ចការ ខ្មែរ។ ជាក់ស្តែងដូចជានៅក្នុងរាជ្យព្រះរាជសម្ភារ (ឆ្នាំ១៦២៩-ឆ្នាំ១៦៣៤) ដោយសារទំនាស់ស្នេហាមួយរវាងព្រះឧទ័យជាមា និងព្រះរាជសម្ភារ ជាក្មួយ ដែលបានស្រឡាញ់ស្រីតែម្នាក់រួមគ្នា គឺព្រះម៉ែយួវតី បានបង្កើតទៅជាការទាស់ទែងរហូតដល់ប្រើកម្លាំងទ័ពរៀងខ្លួន។ ទីបំផុត ព្រះរាជសម្ភារ ត្រូវពួកទាហានព័រទុយហ្គាល់ ក្រោមបញ្ជាព្រះឧទ័យ ធ្វើគត់ ដោយបាញ់ទម្លាក់ពីចុងត្នោតនៅស្រុកកញ្ជរ ខេត្តក្រចេះ សព្វថ្ងៃនេះទៅ។
គ.៩ ព្រះមហិន្ទរាជាធិរាជព្រះសត្ថា (ឆ្នាំ១៥៧៦-ឆ្នាំ១៥៨៥)
ក្រោយពីព្រះបាទបរមិន្ធររាជាធិរាជ ជាព្រះបិតាទ្រង់សោយទិវង្គតទៅ ព្រះសត្ថា ដែលជាព្រះរាជបុត្រច្បងរបស់ព្រះអង្គ ទ្រង់ឡើងសោយរាជ្យស្នងនៅរាជធានីលង្វែក ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះបរមមហិន្ទរាជារាមាធិបតី ដែលប្រវត្តិវិទូខ្លះនិយមហៅថា ព្រះសត្ថាទី១។
នៅភាគខាងដើមរាជ្យរបស់ព្រះអង្គ នៅឆ្នាំ១៥៨០ ក្នុងពេលដែលព្រះរាជាភូមា លើកទ័ពមកវាយក្រុងព្ឋយុធ្យា ម្តងទៀត ហើយដោយព្រះចៅសៀម គឺព្រះមហាធម្មរាជា បានធ្វើសារមកសុំទ័ពជំនួយពីខ្មែរ ដើម្បីជួយច្បាំងនឹងភូមា ផង ហើយដោយប្រទេសខ្មែរ និងប្រទេសសៀម នៅជាប់សម្ព័ន្ធមេត្រីភាព ដែលមានមកតាំងពីរាជ្យព្រះបិតាព្រះអង្គ ព្រះមហិន្ទរាជារាមាធិបតី ព្រះសត្ថា ក៏បានត្រាស់បញ្ជាអោយព្រះស្រីសុរិយោពណ៌ ជាប្អូន នាំទ័ពខ្មែរទៅជួយសៀម តាមការស្នើសុំ។
លុះដល់សង្គ្រាមនេះបានជោគជ័យលើពួកភូមា ហើយ ពេលដែលលើកទ័ពត្រឡប់មកវិញ ព្រះនរេនសូរ បុត្រព្រះមហាធម្មរាជា ជាមេទ័ពសៀម បានឃើញព្រះស្រីសុរិយោពណ៌ គង់សំយុងព្រះបាទមិនព្រមក្រាបដូចអ្នកផងទាំងពួង ព្រះនរេនសូរ ទ្រង់ពិរោធណាស់ ហើយបញ្ជាអោយទាហានសៀម នាំយកឈ្លើយភូមា មកកាត់ក រួចដោតក្បាលប្របនឹងទីនាំងនាវារបស់ព្រះស្រីសុរិយោពណ៌ ដែលជាមេទ័ពខ្មែរ ដើម្បីជាការចំអក។
ព្រះស្រីសុរិយោពណ៌ មេទ័ពខ្មែរឃើញដូច្នោះ ទ្រង់ខ្ញាល់ជាខ្លាំង។ មួយចំណែកទៀត ដោយបានឃើញថា ព្រះនរេនសូរ បានទៅកេណ្ឌទ័ពនៅលើទឹកដីខ្មែររំលងសន្យាព្រះរាជមេត្រីផង ទ្រង់ពាំនាំដំណឹងនេះមកទូលថ្វាយព្រះមហិន្ទរាជាព្រះសត្ថា ជាព្រះជេដ្ឋាអោយទ្រង់ជ្រាប។
ប្រហែលឆ្នាំ១៥៨១ ខ្មែរបានលើកទ័ពទៅវាយរំដោះយកខេត្តនគររាជសីមា ចន្ទបុរី និងនគរនាយក ប៉ុន្តែសៀម បានវាយដណ្ដើមយកខេត្តនគររាជសីមា បានទៅវិញ នៅឆ្នាំ១៥៨២ នៃគ្រិស្ដសករាជ។ ក្រោយនោះមិនយូរប៉ុន្មាន ព្រះរាជាភូមា បានលើកទ័ពមកវាយលុកក្រុងព្ឋយុធ្យា ប្រទេសសៀម ម្តងទៀត។ ឆ្លៀតពេលនោះ ខ្មែរក៏លើកទ័ពទៅវាយយកខេត្តខ្មែរខាងលើមកវិញ។ ប៉ុន្តែ ដោយមានដំណឹងថា ព្រះភគវតី ជាព្រះអគ្គមហេសីទ្រង់ប្រឈួនខ្លាំង ព្រះសត្ថា ក៏ទ្រង់លើកទ័ពត្រឡប់មកក្រុងលង្វែក វិញ។
បើតាមឯកសាររាជពង្សាវតារថា ឆ្នាំ១៥៨៤ ព្រះនរេនសូរ ស្តេចសៀម ដែលបានឡើងសោយរាជ្យស្នងព្រះបិតាមហាធម្មរាជា បានលើកទ័ពយ៉ាងធំ ដែលមានកម្លាំងរេហ៍ពលមួយសែននាក់ ដំរីបីពាន់ក្បាល សេះប្រាំពាន់ក្បាល មកលុកលុយប្រទេសកម្ពុជា។ ទ័ពសៀម នេះ បានវាយលុកចូលមករហូតដល់រាជធានីលង្វែក ហើយព័ទ្ធបន្ទាយលង្វែកនេះអស់រយៈពេលបីខែ ប៉ុន្តែវាយយកបន្ទាយលង្វែក ដែលមានរបងជាគុម្ពឫស្សីយ៉ាងក្រាស់នោះមិនបាន។
ដោយខ្វះស្បៀងអាហារសម្រាប់ទ័ពផង និងដោយមានជំងឺឆ្លងរាតត្បាតស្លាប់អស់រេហ៍ពលជាច្រើនផង ព្រះចៅនរេនសូរ ស្ដេចសៀម ក៏ដកទ័ពថយទៅវិញ។ ប៉ុន្តែមុននឹងត្រឡប់ទៅវិញ សៀម បានប្រើល្បិចយកប្រាក់ដួង ដាក់លាយជាគ្រាប់កាំភ្លើងបាញ់ចូលក្នុងគុម្ពឫស្សី ដែលជារបងព័ទ្ធបន្ទាយលង្វែកនោះយ៉ាងច្រើន ក្នុងបំណងជាឧបាយកលប្រើដៃខ្មែរខ្លួនឯង អោយបំផ្លាញកំពែងឫស្សីដ៏រឹងមាំនោះក្នុងពេលខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះទេ ឯកសារខ្លះសរសេររៀបរាប់រឿងរ៉ាវនេះបែបរឿងព្រេងនិទាន ដោយមានបញ្ចូលភាពអច្ឆរិយខ្លះៗទៀតផង ដូចជាថា ពេលដែលសៀម ដឹងថាកម្ពុជា មានវត្ថុស័ក្តិសិទ្ធិ ១៣ព្រះអង្គ ខ្លាំងពូកែជួយថែរក្សាការពារ ក្រោយពីពេលត្រឡប់ទៅដល់ប្រទេសសៀម វិញ ព្រះនរេនសូរ បានប្រើមហាតលិកសៀម ពីរនាក់ អោយក្លែងធ្វើជាអ្នកបួសនាមតិប្បញ្ញោ និងសុប្បញ្ញោ ដើរចេញទៅស្រុកលាវ ហើយចុះតាមផ្លូវទន្លេមេគង្គមកស្រុកខ្មែរ ដើម្បីមកធ្វើពិធីដកសិល្ប៍សាស្ត្រ ដែលបញ្ចុះក្នុងរូបទេព្រក្សទាំងនោះ។
សុប្បញ្ញោ ប្រើមន្តអាគមធ្វើអោយអ្នកស្រុកឈឺ ឯតិប្បញ្ញោ ជាអ្នកដោះអោយជាសះស្បើយឡើងវិញ។
ឧបាយកលចិត្តសាស្ត្ររបស់សៀម នេះ ទទួលបានជោគជ័យណាស់។ មិនត្រឹមរាស្ត្រប្រជាទេដែលមានជំនឿមុតមាំលើតិប្បញ្ញោ និងសុប្បញ្ញោ នេះ សូម្បីតែព្រះមហាក្សត្រក៏មានជំនឿផងដែរ។ ដោយសារព្រះអគ្គមហេសី ត្រូវអំពើអាសិរពិសមានជំងឺជាទម្ងន់ ព្រះមហិន្ទរាជាព្រះសត្ថា ទ្រង់និមន្តភិក្ខុទាំងពីរអង្គ អោយគង់ក្នុងវត្តព្រះឥន្ទទេព ក្នុងកំផែងព្រះនគរ ដើម្បីជួយព្យាបាលរោគព្រះអគ្គមហេសី។
បានឱកាសល្អ តិប្បញ្ញោ និងសុប្បញ្ញោ បានទូលព្រះរាជាថា រោគព្រះមហេសីនេះ បណ្ដាលមកពីទសបារមីព្រះពុទ្ធរូបអដ្ឋរស្ស គឺព្រះពុទ្ធអង្គធំ បែរព្រះភ័ក្ត្រទៅទិសទាំង៤ ស្ថិតនៅក្នុងព្រះវិហារវត្តត្រឡែងកែង នោះ ជាអ្នកអោយទោស។ ឮដូច្នោះ ព្រះមហិន្ទរាជាព្រះសត្ថា ដែលទ្រង់ធ្វេសព្រះក្រិត្យា ផ្លាស់ព្រះសតិបញ្ញាច្រើនប្រការ ស្ដេចមានសតិពុំប្រាកដដូចប្រក្រតី ក៏ទ្រង់ត្រាស់បង្គាប់អោយសែងព្រះអដ្ឋរស្សដែលជាវត្ថុស័ក្តិសិទ្ធិ ស្ថិតនៅក្នុងព្រះរាជធានី ទៅបង់សណ្ដូនថ្មទម្លាក់ទឹកមុខព្រះនគរនោះទៅ។ ឯឯកសារខ្លះថា តិប្បញ្ញោ និងសុប្បញ្ញោ បញ្ជាអោយដុតព្រះសណ្ថិត ដែលសម្ដេចព្រះមហាច័ន្ទរាជា ទ្រង់បានកសាងនោះចោលទៅ។ ដូច្នេះហើយ ទើបគេឃើញនៅសល់តែព្រះបាទអំពីថ្មរហូតមកដល់សព្វថ្ងៃនេះ។
នៅឆ្នាំ១៥៨៥ (ឯកសារខ្លះថាឆ្នាំ១៥៨៦) ដោយខ្លាចក្រែងរាជ្យសម្បត្តិមិនបានទៅព្រះរាជបុត្រព្រះអង្គ ក្រោយពេលអស់ពីព្រះអង្គទៅ ព្រះមហិន្ទរាជាព្រះសត្ថា ទ្រង់ដាក់រាជ្យ ហើយថ្វាយរាជសម្បត្តិនោះទៅរាជបុត្រច្បងព្រះនាមជ័យជេដ្ឋា អោយឡើងសោយរាជ្យស្នង ដែលមានព្រះជន្មទើបតែបាន ១១ព្រះវស្សាប៉ុណ្ណោះ។ ហើយលើកព្រះរាជបុត្របន្ទាប់ គឺពញាតន់ ដែលមានព្រះជន្មទើបតែបាន ៦ព្រះវស្សា អោយមាននាទីជាឧបរាជ។ ឯព្រះអនុជរបស់ព្រះអង្គ គឺព្រះស្រីសុរិយោពណ៌ ដែលមានរាស្ត្រ និងមន្ត្រីគោរពស្រឡាញ់យ៉ាងច្រើន ទ្រង់តែងតាំងនាទីជាព្រះឧបយោរាជ។ ឯខ្លួនព្រះអង្គផ្ទាល់ ទ្រង់យកនាទីជាព្រះឧបយោរាជានុសិទ្ធ ដែលមានន័យថា ព្រះអង្គនៅមានសិទ្ធិក្តោបក្តាប់អំណាចក្នុងកណ្ដាប់ដៃរបស់ព្រះអង្គ ផ្ទាល់ទាំងអស់។
អំពើរំលាយព្រះដែលជាទីសក្ការៈបូជារបស់ប្រជារាស្ត្រទូទៅ និងការប្រគល់រាជសម្បត្តិនគរទៅអោយព្រះរាជបុត្រដែលនៅជាកុមារ ដូច្នោះ នាំអោយមានការមិនសប្បាយចិត្តពីសំណាក់ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រីជាច្រើននាក់។ អ្នកទាំងអស់នោះ មិនសូវយកចិត្តទុកដាក់នឹងកិច្ចការរាជការឡើយ។ ប្រការនោះ នាំអោយមានភាពចលាចល អសន្តិសុខ កើតមានគ្រប់ទីកន្លែងក្នុងព្រះនគរ៕
ស្ដាប់ ឬ ទាញយកសំឡេង
ប្រភព RFA
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.