បន្ទាយលង្វែកដ៏រឹងមាំរបស់ខ្មែរនាបុរាណសម័យ ត្រូវសៀម វាយយកបានដោយប្រើល្បិចខ្ចីដៃខ្មែរ អោយបំផ្លាញកំពែងរុំព័ទ្ធទីក្រុងនេះដោយដៃខ្មែរខ្លួនឯង។
ក្រោយពេលដែលព្រះមហិន្ទរាជាព្រះសត្ថា ដាក់រាជ្យសម្បត្តិ ព្រះអង្គទ្រង់អភិសេកព្រះរាជបុត្រច្បងព្រះនាមព្រះជ័យជេដ្ឋា ដែលមានព្រះជន្ម ១១ព្រះវស្សា អោយឡើងសោយរាជ្យស្នង ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះជ័យជេដ្ឋារាមាធិបតី ដែលអ្នកប្រវត្តិវិទូច្រើនហៅថា ព្រះជ័យជេដ្ឋាទី១។
ដោយព្រះជ័យជេដ្ឋារាមាធិបតី ទ្រង់នៅក្មេងពេក អំណាចទាំងអស់ត្រូវស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ព្រះឧបយោរាជានុសិទ្ធ គឺព្រះមហិន្ទរាជាព្រះសត្ថា ជាព្រះបិតាព្រះអង្គដដែល។
ឯកសារពង្សាវតារមហាបុរសខ្មែរសរសេរថា ដោយសារការប្រព្រឹត្តអំពើមិនសមរម្យ មានការរំលាយព្រះ និងលើកកូនក្មេងអោយឡើងសោយរាជ្យគ្រប់គ្រងព្រះនគរដូច្នេះ ការក្តៅក្រហាយក៏កើតមានឡើង ហើយបង្កជាភាពវឹកវរចលាចលគ្រប់ទីកន្លែងក្នុងព្រះនគរ។ ព្រះរាជពង្សាវតារបន្តថា ប្រផ្នូលអាក្រក់បានកើតមានគ្រប់ទិសទី។ ព្រះខ័នឡើងស្នឹមតាំងពីត្រឹមត្រីសូល៍ រហូតដល់គល់ទាំងសងខាង។ អាងទឹកសម្រាប់ព្រះមហាក្សត្រនៅភូមិបាណន់ ខេត្តបាត់ដំបង រីងហួតអស់រលីង។ ទឹកសម្រាប់មន្ត្រីល្អក់ខាប់ខួរ។ ឯទឹកសម្រាប់រាស្ត្រ ឡើងក្រហមច្រាលដូចឈាម។ ដំបូកឃ្លាំងមឿងនៅខេត្តពោធិ៍សាត់ ប្រេះរិចរិលអស់។ ព្រះអដ្ឋរស្សក្នុងវត្តព្រះពុទ្ធលាយលក្ខណ៍ ខេត្តបរិបូរណ៍ មានឈាមហូរចេញពីព្រះឱរា។
ព្រះពុទ្ធសេយ្យាសន៍ ខេត្តអាសន្ទុក មានឈាមហូរចេញពីព្រះបាទ មានស្រមោចលីងដេញមិនឈ្នះសោះ។ ព្រះពុទ្ធសេយ្យាសន៍ ខេត្តបាសាន ត្រង់ព្រះបាទ និងព្រះឱរា មានហូរឈាម។ ព្រះឥសូរ ព្រះនារាយណ៍ វត្តវិហារសួគ៌ មានឈាមហូរចេញតាមព្រះនេត្រ។ ព្រះជ្រៃបាក់មែកទិសខាងកើត៘
ម៉្យាងទៀត ដោយមានចិត្តប្រមាថគិតថា សៀម មិនអាចមានកម្លាំងវាយយកបន្ទាយលង្វែកបាន ហើយជឿថា សៀម រាងចាលលែងហ៊ានលើកទ័ពមកទៀតផង ខ្មែរមួយចំនួន ទាំងមន្ត្រី ទាំងរាស្ត្រ ទាំងរេហ៍ពល បាននាំគ្នាកាប់ឆ្ការព្រៃឫស្សី ដើម្បីរើសយកប្រាក់ដួង ដែលសៀម បោះចូលទៅមុនពេលពួកនេះដកព័ទ្ធថយក្រោយចាញ់សង្គ្រាមកាលពីលើក មុន។
ចំណែកខាងសៀម វិញ ក្រោយពីបានដំណឹងថា ព្រះសត្ថា មានសតិពុំប្រក្រតី នគរកម្ពុជា កើតចលាចលគ្រប់ទីកន្លែង ហើយគុម្ពឫស្សីដែលជារបងយ៉ាងក្រាស់របស់បន្ទាយលង្វែកនោះ ត្រូវខ្មែរកាប់ឆ្ការបំផ្លាញអស់ជាច្រើនអន្លើផងហើយ នៅឆ្នាំ១៥៩៣ ព្រះនរេនសូរស្ដេចសៀម ក៏លើកទ័ពចំនួន ១សែន ៥ម៉ឺននាក់ ឯកសារខ្លះថា ២សែន ៩ម៉ឺននាក់ ដំរី និងសេះច្រើនពាន់ ចូលមកវាយលុកប្រទេសកម្ពុជា ជាថ្មីម្តងទៀត។
ព្រះមហិន្ទរាជាព្រះសត្ថា ទ្រង់ជ្រាបដំណឹងនេះ ទ្រង់ក៏បានបញ្ជាអោយ លោក វេឡូសូ ជនជាតិព័រទុយហ្គាល់ ជាប្អូនថ្លៃរបស់ព្រះអង្គ អោយទៅទាក់ទងសុំជំនួយពីអ្នកកាន់អំណាចព័រទុយហ្គាល់ នៅម៉ាឡាកា។ តែពួកនេះ មិនអាចមកជួយខ្មែរបានឡើយ ព្រោះជាប់រវល់ច្បាំងជាមួយនឹងពួកម៉ាឡាយូ។
ដូច្នេះ ព្រះសត្ថា ក៏ទ្រង់ងាកទៅទាក់ទងពួកអេស្ប៉ាញ៉ុល នៅហ្វីលីពីន វិញ ដោយទ្រង់បញ្ជាអោយ លោក វេឡូសូ នាំព្រះរាជសាររបស់ព្រះអង្គទៅជូនលោកទេសាភិបាលអេស្ប៉ាញ នៅក្រុងម៉ានីល។ ប៉ុន្តែលោកទេសាភិបាលអេស្ប៉ាញ៉ុល ក៏ពុំអាចបញ្ជូនទ័ពមកជួយខ្មែរបានទៀត ព្រោះពេលនោះ លោកកំពុងតែរៀបចំកងទ័ពទៅវាយយកកោះម៉ូលុកស៍។ ប៉ុន្តែក្រោយពីលោកទេសាភិបាលចាស់ជាឪពុកអនិច្ចកម្មទៅ លោកទេសាភិបាលអេស្ប៉ាញ៉ុល ថ្មីជាកូន ក៏បានបញ្ជាទ័ពមកកម្ពុជា។ ប៉ុន្តែទ័ពជំនួយរបស់អេស្ប៉ាញ មកដល់បន្ទាយលង្វែក ក្រោយពេលដែលសៀម វាយលុកយកបានបន្ទាយនេះរួចស្រេចទៅហើយ។
ចំណែកខាងទ័ពសៀម វិញ ក្រោយពីបានជោគជ័យលើកម្លាំងទ័ពខ្មែរនៅខេត្តបាត់ដំបង ហើយ ក៏លើកជម្រុលមកវាយបន្ទាយខេត្តពោធិ៍សាត់ រួចបន្តមកដល់ខេត្តបរិបូរណ៍ បន្ទាយរលាប្អៀរ ទៀត។
ដោយឃើញទ័ពសៀម មានចំនួនច្រើនលើសលប់ ព្រះស្រីសុរិយោព័ណ៌ ដែលជាព្រះឧបយោរាជ ដែលគង់ការពារក្នុងបន្ទាយរលាប្អៀរ នោះ ក៏ដកកងទ័ពថយចូលមកក្រុងលង្វែក។ ចំណែកឯព្រះសត្ថា វិញ លុះជ្រាបថា ទ័ពសៀម លើកមកជិតដល់បន្ទាយលង្វែកហើយ ទ្រង់ក៏នាំព្រះរាជបុត្រព្រះជ័យជេដ្ឋា និងព្រះពញាតន់ ព្រមជាមួយនិងអគ្គមហេសីស្រីស្នំ ភៀសព្រះអង្គទៅគង់នៅស្រីសន្ធរ រួចក្រោយមកទៅស្ទឹងត្រែង ហើយទីបំផុត យាងរហូតដល់ក្រុងវៀងច័ន្ទ ប្រទេសឡាវឡានឆាង។
ចំណែកព្រះស្រីសុរិយោព័ណ៌ ជាព្រះឧបយោរាជ ទ្រង់បាននាំទ័ពក្នុងបន្ទាយលង្វែកវាយប្រយុទ្ធជាមួយខ្មាំងសត្រូវ យ៉ាងស្វិតស្វាញ។ សៀម បានឡោមព័ទ្ធបន្ទាយលង្វែកអស់រយៈពេល ៣ខែ តែចូលមិនបាន។ ទីបំផុត ព្រះនរេនសូរស្ដេចសៀម ទ្រង់បញ្ជាអោយទ័ពយកចំបើងជ្រលក់ជ័រទឹកទៅដុតឫស្សី ដែលខ្មែរបានគាស់រំលើងទាំងនោះឆេះអស់រយៈពេលបីយប់បីថ្ងៃ រួចវាយសម្រុកយកបន្ទាយលង្វែកបាន។ សៀម ចាប់បានព្រះស្រីសុរិយោព័ណ៌ឧបយោរាជរបស់ខ្មែរ ព្រះរាជបុត្រ និងព្រះមហេសីនាំយកទៅស្រុកសៀម ផង។
នៅក្នុងជ័យជម្នះដ៏ធំធេងលើខ្មែរលើកនេះ សៀម បានដុតបំផ្លាញកម្ទេចបន្ទាយលង្វែកដែលជាបន្ទាយដ៏រឹងមាំចុងក្រោយ របស់ខ្មែរអស់គ្មានសល់ ហើយសៀម បានប្រមូលយកឯកសារ គម្ពីរដីកាក្រាំងក្បួនខ្នាតដ៏មានតម្លៃផ្សេងៗរបស់ជាតិខ្មែរ ព្រមទាំងចាប់យកអ្នកប្រាជ្ញរាជបណ្ឌិត កវី សិល្បករជាច្រើន ព្រមទាំងបដិមាព្រះគោព្រះកែវ ជាទីសក្ការៈរបស់ខ្មែរ និងបានកៀរគ្រួសារខ្មែរវាល់សែននាក់ វាយបង្ខំយកទៅស្រុកសៀម ផង។
ចំណែកខាងព្រះមហិន្ទរាជាព្រះសត្ថា និងព្រះជ័យជេដ្ឋា ជាព្រះរាជបុត្រដែលទ្រង់ភៀសខ្លួនទៅស្ទឹងត្រែង រួចទៅប្រទេសឡាវឡានឆាង នោះ ទ្រង់មានជំងឺចាញ់ ហើយចូលទិវង្គតទាំងពីរព្រះអង្គនៅទីនោះក្នុងឆ្នាំនោះទៅ៕
ប្រភព RFA
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.