បរាជ័យ ដ៏ស្ពឹកមុខនេះ បានធ្វើក្រុមអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង ប៉ុន្តែគាំទ្រមួយចំនួន ដែលនិយមហៅខ្លួនឯងថា អ្នកគាំទ្រផ្កាប់មុខនោះ នៅតែបន្តលើកទឹកចិត្តកីឡាករ និងក្រុមទាំងមូល។ អ្នកខ្លះកត់សម្គាល់ថា កម្ពុជាបានខំប្រឹងប្រែងយ៉ាងខ្លាំង ប៉ុន្តែឥណ្ឌូនេស៊ី មានទម្រង់លេងល្អជាង។
អ្នកគាំទ្រខ្លះ បានសរសេរនៅលើហ្វេសប៊ុកថា៖ «បើមិនគាំទ្រពេលក្រុមបរាជ័យ សូមកុំអបអរនៅពេលដែលក្រុមឈ្នះ យើងត្រូវនៅជានិច្ចជាមួយក្រុម»។
រីឯអ្នកគាំទ្រខ្លះទៀត បានផ្តល់មតិរិះគន់ប្រកបដោយការស្ថាបនា។ ពួកគេមើលឃើញថា បរាជ័យដ៏ធំធេងរបស់កម្ពុជា គឺបណ្តាលមកពីកង្វះសាមគ្គីភាពក្នុងក្រុម ជាពិសេសភាពខ្វះចន្លោះរបស់ខ្សែការពារ។ អ្នកខ្លះកត់សម្គាល់ពីការនឿយហត់របស់ក្រុមកីឡាករ។
ប៉ុន្តែស្របពេលជាមួយគ្នា ការចោទប្រកាន់ទាក់ទងនឹងការកំណត់លទ្ធផលទុកមុន ឬហៅម្យ៉ាងទៀតថា ជាការលក់គ្រាប់បាល់នោះ ក៏លេចចេញឡើងជាហូរហែផងដែរនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយភាគច្រើនបានទម្លាក់កំហុសជាពិសេសទៅកីឡាករនៅតំបន់ការពារ។ អ្នកលេងហ្វេសប៊ុកមួយចំនួនថែមទាំងដាក់ការសង្ស័យលើឈ្មោះ កីឡាករចំៗតែម្តង។
ជុំវិញលទ្ធផលនៃបរាជ័យ ៦-១ ដោយសារឥណ្ឌូនេស៊ី លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុម U-23 បានចេញបកស្រាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៧ ខែមិថុនា ថា ក្រុមកីឡាបាល់ទាត់កម្ពុជាដែលងើបទៅមុខសន្សឹមៗ កំពុងទទួលរងនូវការបំពុលបរិយាកាស។
ក្រៅពីអរគុណចំពោះការគាំទ្រ លោក ឆាំង ពិសិដ្ឋ ដែលនិយាយក្នុងនាមជាតំណាងឲ្យលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការសុំទោសចំពោះលទ្ធផលបរាជ័យ ។ ចំពោះការចោទប្រកាន់ផ្សេងៗ លោកស្នើរសុំឲ្យមានការសហការក្នុងការផ្តល់ព័ត៌មាន និងភស្តុតាង តាមរយៈលេខទូរសព្ទ (នៅសិង្ហបូរី +6587329978 ) ( នៅកម្ពុជា 0975678007 , 081888588 ) ហើយលោកនឹងចាត់ការតាមផ្លូវច្បាប់ ដោយហ៊ានយកតួនាទី និងជីវិតមកធានា។
ជាមួយគ្នានេះ លោកបានសរសេរថា៖ «ប៉ុន្តែបើសិនជាមិនប្រាកដទេ សូមមេត្តាកុំបំប៉ោង និង បំពុលបរិយាកាសបែបនេះនៅក្នុងវិស័យកីឡាបាល់ទាត់យើង ដែលកំពុងតែងើបឡើងដើរទៅមុខសន្សឹមៗ នាពេលបច្ចុប្បន្ន»។
លោក ឆាំង ពិសិដ្ឋ ក៏បានអះអាងផងដែរថា៖ «យើងខ្ញុំទាំងអស់គ្នាមិនអាក់អន់ស្រពន់ចិត្តជាមួយនឹងការទិះតៀនដ៏ ងប់ងល់របស់លោកអ្នកទេ។ ពួកយើងមានតែខិតខំ ប្រឹងប្រែងធ្វើការហ្វឹកហាត់ ដើម្បីលទ្ធផលល្អ ក្នុងការប្រកួតខាងមុខនេះ។ យើងខ្ញុំធ្វើអ្វីដើម្បី ជាតិ សាសនា និង ព្រះមហាក្សត្រ របស់យើងខ្ញុំ ហើយយើងខ្ញុំមិនខ្វល់ខ្វាយថាលោកអ្នកធ្វើ ដើម្បីអ្វីទេ»៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.