Thursday, June 11, 2015

ក្រសួង​មហាផ្ទៃ​រឹត​បន្តឹង​ច្រក​ព្រំដែន​ទប់ស្កាត់​ការ​ហូរ​ចូល​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់


ក្រសួង​មហាផ្ទៃ ៦២០
ក្រសួង​មហាផ្ទៃ ៧៥
 
អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បង្កើន​ការ​រឹត​បន្តឹង​តាម​ច្រក​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​ហូរ​ចូល​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​ភាព​មិន​ប្រក្រតី​នៃ​ការ​ស្នាក់នៅ​របស់​ពួក​គេ​ក្នុង​ប្រទេស​កម្ពុជា។ ជា​លទ្ធផល ជន​បរទេស​ខុស​ច្បាប់ ជាពិសេស​ជនជាតិ​វៀតណាម រាប់​ពាន់​នាក់ ត្រូវ​ចាប់​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ។
អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ រក​ឃើញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​មាន​ចំនួន​កើន​ឡើង​ជា​បន្តបន្ទាប់ ក្រោយ​ពី​ការ​រឹត​បន្តឹង​លើ​ការ​ត្រួត​ពិនិត្យ​កន្លែង​ស្នាក់នៅ​របស់​ពួក​គេ ​នៅ​ដើម​ឆ្នាំ​២០១៥ នេះ។
ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក អ៊ុក ហៃសិលា។ លោក​មាន​ប្រសាសន៍​ថា កាល​ពី​យប់​ថ្ងៃ​ទី​១០ មិថុនា សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ស្ត្រី​ជនជាតិ​វៀតណាម ៦​នាក់ ដែល​បម្រើ​សេវា​កម្សាន្ត​ខារ៉ាអូខេ​នៅ​សង្កាត់​វត្តភ្នំ និង​ភ្ញៀវ ២​នាក់​ផ្សេង​ទៀត ហើយ​នៅ​ថ្ងៃ​ទី​១១ មិថុនា រក​ឃើញ​ជាង ៤០​នាក់​ថែម​ទៀត​នៅ​សង្កាត់​ផ្សារដើមថ្កូវ។ ភាគ​ច្រើន​នៃ​ជនជាតិ​វៀតណាម ទាំង​នោះ គឺ​ជា​ជាង​ឈើ​ធ្វើ​តុ​ទូ៖ «អ៊ីចឹង​ឃើញ​ថា​ក្នុង​ចំណោម​វៀតណាម ៤១​នាក់ គាត់​មាន​លិខិត​ឆ្លង​ដែន ២១​នាក់ ហើយ ៩​នាក់ លិខិត​ឆ្លង​ដែន​គាត់​មាន​ទិដ្ឋាការ​ពីរ តែ​គាត់​អត់​សៀវភៅ​ការងារ អ្នក​ផ្សេង​ទៀត​ដែល​មិន​មាន​ឯកសារ​នោះ គឺ​យើង​ប្រកាស​បណ្ដេញ​ចេញ​ដូច​ជនជាតិ​ដទៃ​ទៀត​ដែរ»
លោក​ឲ្យ​ដឹង​ទៀត​ថា គិត​ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បណ្ដេញ​ចេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​បាន​ជាង ២​ពាន់​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ចំនួន​ជិត ២​ពាន់​នាក់។
កាល​ពី​ឆ្នាំ​២០១៤ គេ​រក​ឃើញ​ជន​បរទេស ១.៣០៧​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ១.០៥៩​នាក់ ហើយ​នៅ ៦​ខែ​ដើម​ឆ្នាំ​២០១៥ នេះ សមត្ថកិច្ច​រក​ឃើញ​ជាង ៧០០​នាក់​ថែម​ទៀត ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម មាន​ជាង ៥០០​នាក់។
លោក អ៊ុក ហៃសិលា បាន​បញ្ជាក់​មូលហេតុ​នៃ​ចំនួន​ជនជាតិ​វៀតណាម និង​ចិន នេះ​ច្រើន​ជាង​គេ ដោយសារ​តែ​ចរន្ត​ស្វែងរក​ការងារ​ធ្វើ និង​អាជីវកម្ម ព្រម​ទាំង​មាន​អ្នក​វិយោគ​កើន​ឡើង​ច្រើន​ដែល​ត្រូវ​ការ​ធនធាន​មនុស្ស៖ «ជនជាតិ ​វៀតណាម មក ដោយសារ​មាន​ជនជាតិ​វៀតណាម ដូច​គាត់​ដែរ​មក​រស់នៅ​ស្រុក​ខ្មែរ​យូរ​មក ធ្វើ​ជា​មេការ​សំណង់ ជាង​ឈើ ដល់​ពេល​គាត់​ខ្វះ​កម្មករ​អ៊ីចឹង ភាគ​ច្រើន​គាត់​ទៅ​យក​កម្មករ​ពី​វៀតណាម មក​ធ្វើ​ការ​ឲ្យ​គាត់ អ៊ីចឹង​បាន​ចេះ​តែ​មាន​ជនជាតិ​វៀតណាម ចេះ​តែ​លួច​ចូល​មក​ខុស​ច្បាប់»
ទាក់ទង​បញ្ហា​នេះ​ដែរ អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី សង្កេត​ឃើញ​ថា ការ​ចុះ​អង្កេត​ស្វែងរក​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នេះ​មិន​មាន​តម្លាភាព និង​ពិបាក​ជឿ​លើ​របាយការណ៍​របស់​សមត្ថកិច្ច​នេះ ពីព្រោះ​ការ​ចុះ​ធ្វើ​ការ​អង្កេត​រក​ជន​បរទេស​កន្លង​មក​ពុំ​មាន​ការ​ ប្រឹក្សា​យោបល់​គ្នា ខ្វះ​កិច្ច​សហការ​ពី​អ្នក​ពាក់ព័ន្ធ​នានា ដែល​អាច​ឲ្យ​ការ​អង្កេត​នោះ​មាន​ភាព​ត្រឹមត្រូវ និង​តម្លាភាព៖ «វា​ត្រូវ ​នឹង​យើង​ធូរ​រលុង​តាម​ព្រំដែន ធូរ​រលុង​ខាង​គ្រប់គ្រង​រដ្ឋបាល អ៊ីចឹង​អា​ការ​មក​ហ្នឹង​វា​លឿន តាម​រយៈ​ទេសចរណ៍ ច្រក​របៀង​ជាដើម។ ទី​ពីរ​ដោយសារ​កម្រិត​នៃ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ហ្នឹង​មិន​បាន​ ល្អ ហើយ​ពេល​ខ្លះ​មិន​ហ៊ាន​នឹង​អនុវត្ត​ទៅ​ទៀត បញ្ហា​នេះ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ»
រហូត​មក​ដល់​ពេល​នេះ មិន​មាន​ទិន្នន័យ​ជាក់លាក់​ណា​មួយ​បង្ហាញ​ថា មាន​ជនជាតិ​ចិន និង​វៀតណាម ចំនួន​ប៉ុន្មាន​រស់នៅ​កម្ពុជា នោះ​ទេ ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មាន​របស់​សមាគម​វៀតណាម និង​ចិន បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​ចិន រស់នៅ​កម្ពុជា មាន​ចំនួន ១​លាន​នាក់ និង​ជនជាតិ​វៀតណាម មាន​ចំនួន​ជាង ១​លាន​នាក់។
មន្ត្រី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ មាន​ការ​ពិបាក​ក្នុង​ការ​បង្ហាញ​ទិន្នន័យ​មួយ​ជាក់ស្តែង​ពី​ចំនួន​ជន​ អន្តោប្រវេសន៍ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចំពោះ​ទិន្នន័យ​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា សព្វថ្ងៃ ហើយ​កំពុង​មាន​បញ្ហា​ប្រឈម​នោះ ក៏​មាន​ការ​អះអាង​ខុស​គ្នា​ដែរ ដូចជា​ខាង​គណបក្ស​ប្រឆាំង​ថា​មាន​ចំនួន​ប្រមាណ ៥​សែន​នាក់ ចំណែក​ខាង​រដ្ឋាភិបាល​វិញ​ធ្លាប់​អះអាង​ដោយ​យោង​តាម​ជំរឿន​ឆ្នាំ​២០០២ ថា មាន​ចំនួន​តែ​ជាង ១​សែន​នាក់​ប៉ុណ្ណោះ៕

 ប្រភព RFA

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!